អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ថៃ​៖ គ្រប់​បក្សនយោបាយ អាច​ឃោសនា​តាម​ទូរទស្សន៍ ១០​នាទី និង​អាច​ជជែក​ដេញដោល​ពី​គោលនយោបាយ​បាន​
02, Feb 2019 , 10:59 pm        
រូបភាព
បាតុកម្មប្រឆាំងនឹងរបបសឹកដែលពន្យារពេលបោះឆ្នោតសាកលជាថ្មីកាលពីខែមករាកន្លងទៅ (រូបភាព៖ AFP)
បាតុកម្មប្រឆាំងនឹងរបបសឹកដែលពន្យារពេលបោះឆ្នោតសាកលជាថ្មីកាលពីខែមករាកន្លងទៅ (រូបភាព៖ AFP)
ដោយ:
គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត​ថៃ បានសម្រេច​អនុញ្ញាត​ឲ្យ​បក្សនយោបាយ​នីមួយៗ​ដែល​បាន​ចុះបញ្ជី​ស្របច្បាប់​ក្នុងការ​ប្រកួតប្រជែង​សម្រាប់​ការបោះឆ្នោត​នៅ​ថ្ងៃ​ខាងមុខ​ដ៏​ខ្លី​នេះ អាច​ផ្សព្វផ្សាយ និង​ឃោស​នាពី​គោលនយោបាយ​របស់ខ្លួន​បាន​រយៈពេល​១០​នាទី នៅតាម​ស្ថានីយ៍ទូរទស្សន៍​។ អង្គភាព​រៀបចំ​ការបោះ​ឆ្នោត​នេះ ក៏​ត្រៀម​ឲ្យ​បក្ស​នីមួយៗ​ជជែក​ដេញដោល​គ្នា​ក្នុង​វេទិកា​រួមមួយ​ផងដែរ​។

 
«​ចាប់ពី​ថ្ងៃទី​៨ មីនា តទៅ គណបក្ស​ន​យោ​យ​បាយ​ថៃ ដែល​បាន​ចុះបញ្ជី​ទាំងអស់ នឹងត្រូវ​បានអនុញ្ញាត​ឲ្យ​ផ្សព្វផ្សាយ​វីដេអូ​ឃោសនា ដែលមាន​រយៈពេល​ត្រឹមតែ​១០​នាទី នៅតាម​កញ្ចក់​ទូរទស្សន៍​។ ប្រព័ន្ធ​ផ្ស​ព​ផ្សាយ ក៏​ត្រូវតែ​ផ្តល់​ពេលវេលា​ដល់​បក្សនយោបាយ​នីមួយៗ​ឲ្យ​បាន​ស្មើគ្នា​ផងដែរ​»​។ នេះ គឺជា​ការបញ្ជាក់​របស់​អគ្គលេខាធិការរង​គ​ណៈ​ក​ម្មា​ធិ​កា​រៀបចំ​ការបោះឆ្នោត​ថៃ លោក Sawaeng Boonmee នៅ​ថ្ងៃ​២៩ មករា​។​
 
​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​ថៃ Bangkok Post លោក​អគ្គលេខាធិការរង ក៏បាន​អះអាងថា គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត ក៏​នឹងមាន​រៀបចំ​វេទិកា​មួយ​សម្រាប់​បក្សនយោបាយ​ដើម្បី​ធ្វើ​បទ​បង្ហាញ និង​ជជែក​ដេញដោល​គ្នា​អំពី​គោលនយោបាយ​របស់ខ្លួន ហើយ​ការជជែក​ដេញដោល នឹងត្រូវ​ចាក់ផ្សាយ​តាម​ស្ថានីយ៍ទូរទស្សន៍​សម្រាប់​ផ្សព្វផ្សាយ​ក្នុងអំឡុងពេល​ថ្ងៃ​១៣​ដល់​២១ ខែមីនា​។ 
 
​ដើម្បី​ឲ្យ​ការឃោសនា និង​ផ្សព្វផ្សាយ​នេះ​ប្រកបដោយ​តម្លាភាព លោក​អគ្គលេខាធិការរង​រូបនេះ ក៏បាន​អះអាងថា គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត ក៏បាន​កំណត់​គោលការណ៍​មួយចំនួន ដែល​រួមមាន​ទាំង​ការកំណត់​ឲ្យ​បក្សនយោបាយ​ធ្វើ​វីដេអូ ភ្ជាប់​ជាមួយនឹង​ណែនាំ​សាធារណៈ​ឲ្យ​យល់​អំពី​ការបោះឆ្នោត និង​ជំរុញ​សាធារណៈ​ឲ្យ​ទៅ​បោះឆ្នោត​កុំបី​អាក់ខាន​ផងដែរ​។ 
 
​បើតាម​មន្ត្រីជាន់ខ្ពស់​របស់​អង្គភាព​រៀបចំ​ការបោះឆ្នោត​មួយ​នេះ បច្ចុប្បន្ន មាន​បក្សនយោបាយ​ចំនួន ១០៥ ហើយ បាន​ចុះបញ្ជី​។ បក្ស​ទាំងនេះ នឹងចូលរួម​ប្រកួតប្រជែង​ការបោះឆ្នោត​លើកដំបូង បន្ទាប់ពី​រដ្ឋប្រហារ​យោធា​ថ្ងៃ​២២ ឧសភា ឆ្នាំ​២០១៤​។ ការបោះឆ្នោត​នេះ ទើបតែ​ត្រូវ​បានកំណត់​តាមរយៈ​ព្រះរាជក្រឹត្យ​របស់​ព្រះមហាក្សត្រ ដែល​នឹងត្រូវ​ប្រព្រឹត្តឡើង​នៅ​ថ្ងៃ​២៤ មីនា​៕ 
 
 

Tag:
 ថៃ​
  បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com