អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
រដ្ឋាភិបាល​ថៃ សុំទោស​ប្រជាជន​សម្រាប់​បញ្ហា​ផ្សែង​ពុល​ដែល​ប៉ះពាល់​សុខភាព
02, Feb 2019 , 4:47 pm        
រូបភាព
ដោយ:
រាជរដ្ឋាភិបាល​ថៃ នៅ​ថ្ងៃទី​០១ ខែកុម្ភៈ បានចេញ​សេចក្តីថ្លែងការណ៍​មួយ សុំ​អភ័យទោស​ចំពោះ​ប្រជាជន​ដែល​កំពុង​រស់នៅ​ទីក្រុង​បាងកក ជុំវិញ​បញ្ហា​ការបំពុល​ខ្យល់ ដែល​បន្ត​ប៉ះពាល់​ដល់​ការរស់នៅ​ប្រចាំថ្ងៃ និង​គំរាមកំហែង​ដល់​សុខភាព​របស់​ពួកគេ​។

 
​ថ្លែង​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​នៅ​ថ្ងៃ​សុក្រ លោកនាយក​រដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចាន់​អូ​ចា បាន​គូសបញ្ជាក់ថា​៖«​រដ្ឋាភិបាល​សូម​អភ័យទោស​សម្រាប់​បញ្ហា​ដែល​បានកើត​ឡើង និង​ចង់​អរគុណ​ដល់​អ្នក​រាល់គ្នា​សម្រាប់​កិច្ចសហប្រតិបត្តិការ និង​ការគាំទ្រ​»​។ នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​ថៃ The Nation ។​
 
​បន្ថែម​ពី​ការ​សូម​អធ្យាស្រ័យ​ពី​សំណាក់​ប្រជាជន​ក្នុង​ក្រុង​បាងកក លោក ប្រា​យុទ្ធ ក៏បាន​ស្នើសុំ​ម្ចាស់​យានជំនិះ​ដែល​ដើរ​ដោយ​ប្រេងម៉ាស៊ូត​ទាំងអស់ ប្រើប្រាស់​រថយន្ត​របស់​ពួកគេ​នៅក្នុង​ទីក្រុង តែ​នៅពេល​ចាំបាច់​បំផុត​ប៉ុណ្ណោះ​។ «​ប្រសិនជា​អាចទៅរួច គួរតែ​ជៀសវាង​ការប្រើប្រាស់​រថយន្ត​ប្រភេទ​នេះ រហូតដល់​ផ្សែង​ពុល​មាន​ភាព​ធូរស្រាល​ឡើងវិញ​»​។ លោក​បានផ្តល់​យោបល់​បែបនេះ ខណៈដែល​លោក​យល់ស្រប​ថា មូលហេតុ​ចម្បង​នៃ​ការបំពុល​ខ្យល់​នេះ​គឺ​បណ្តាលមកពី​ចំ​ហះ​ដែល​ចេញពី​ម៉ាស៊ីន​យានយន្ត​។ 
 
 
​បើតាម​សារព័ត៌មាន​ដដែល​នេះ លោកនាយក​រដ្ឋមន្ត្រី ប្រា​យុទ្ធ បាន​គូស​បញ្ជាក់ទៀតថា សម្រាប់​ដំណោះស្រាយ​រយៈពេល​វែង រដ្ឋាភិបាល​នឹង​ពង្រឹង​ប្រព័ន្ធ​ដឹកជញ្ជូន​សាធារណៈ​ឲ្យ​កាន់តែ​ងាយស្រួល​ទាំង​តម្លៃ​គុណភាព និង​តម្លៃ​, គុណភាព​ប្រេងឥន្ធនៈ​, និង​ត្រួតពិនិត្យ​លើ​ស្តង់ដារ​នៃ​ការបញ្ចេញ​ផ្សែង​ពី​យានយន្ត​។ លើសពីនេះ រដ្ឋាភិបាល​ក៏​គ្រោង​បង្កើត​ស្ថានីយ​ន៍​ប្រេងឥន្ធនៈ ដែល​ផ្តល់នូវ​ប្រេងឥន្ធនៈ ដែល​ល្អ​សម្រាប់​បរិស្ថាន និង​ចាប់ផ្តើម​លើកកម្ពស់​រថយន្ត​ប្រភេទ Hybrid ឬ​ប្រើប្រាស់​ថាមពល​អគ្គិសនី​ជាដើម​។​
 
​គួរ​បញ្ជាក់ថា បរិមាណ​នៃ​ភាគល្អិត​នៃ​ធូលី PM2.5 នៅក្នុង​ខ្យល់ បាន​កើន​លើសពី​កម្រិត​សុវត្ថិភាព​នៅក្នុង​រាជធានី បាងកក និង​ខេត្ត​ក្បែរៗ​នោះ ស្ទើ​តែ​រៀងរាល់ថ្ងៃ គិត​ចាប់ពី​ចុងខែ​ធ្នូ​មកម្ល៉េះ​។ យោងតាម​នាយកដ្ឋាន​គ្រប់គ្រង​ការបំពុល​ថៃ វា​ពុំមាន​សុវត្ថិភាព​នោះទេ ប្រសិនបើ​បរិមាណ​នៃ PM2.5 កើន​លើស ៥០ មីក្រូ​ក្រាម​ក្នុង​ខ្យល់​មួយ​ម៉ែត្រគូប​។ ជា​លទ្ធផល​ប្រជាជន​នឹង​ចាប់ផ្តើម​មាន​បញ្ហា​សុខភាព ជាពិសេស​បញ្ហា​ផ្លូវដង្ហើម​។ 
 
​គិត​ត្រឹម​ថ្ងៃ​សុក្រ​សប្ដាហ៍​នេះ តំបន់​ចំនួន ៣៥ ក្នុង​ទីក្រុង​បាងកក​បាន​ទទួលរង​ប៉ះពាល់​ពី​កម្រិត PM2.5 ដែលមាន​គ្រោះថ្នាក់​ចំពោះ​សុខភាព​។ ក្នុងចំណោម​នោះ សង្កាត់​ចំនួន​ពីរ​ក្នុង​ទីក្រុង​បាងកក មាន​កម្រិត PM2.5 កើន​ដល់ ៨៣ មីក្រូ​ក្រាម និង ៧៧ មីក្រូ​ក្រាម​ក្នុង​ខ្យល់​មួយ​ម៉ែត្រគូប​។ 
 
​ដើម្បី​ការពារ​កុមារ​ពី​បញ្ហា​ខ្យល់​កខ្វក់​នេះ សាលាក្រុង​បាងកក​បានចេញ​បញ្ជា​ឲ្យ​បិទ​សាលារៀន​បណ្តោះអាសន្ន​ចំនួន​ពីរ​ថ្ងៃ​។ ហើយ​ក្រុមហ៊ុន​មួយចំនួន​ក្នុង​ក្រុង​បាងកក​អនុញ្ញាត​ឲ្យ​បុគ្គលិក​ខ្លួន ជាពិសេស​ស្ត្រី​មាន​ផ្ទៃពោះ និង​ងាយ​រង​ផលប៉ះពាល់​ដោយសារ​ផ្សែង​ពុល ធ្វើការ​ពី​ផ្ទះ​របស់​ពួកគេ​ផ្ទាល់​តែម្តង រហូតដល់​ថ្ងៃ​អង្គារ​សប្តាហ៍​ក្រោយ​៕ 
 
 
 
 
 

Tag:
 ​ថៃ​
  ប្រា​យុទ្ធ​ចាន់​អូ​ចា​
  ខ្យល់​កខ្វក់​
© រក្សាសិទ្ធិដោយ thmeythmey.com