ភ្នំពេញ៖ លោក វេង សខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននិយាយថា តម្លៃស្រូវ នឹងប្រសើរឡើងវិញ ក្រោយពីចូលឆ្នាំចិន-វៀតណាមរួច។ លោកថ្លែងបែបនេះ នៅពេលដែលចុះពិនិត្យការងារបង្កបង្កើនផល និងប្រមូលផលស្រូវប្រាំងរបស់ប្រជាកសិករនៅភូមិភ្នំដា ឃុំគោកធ្លក ស្រុកអង្គរបូរី នាព្រឹកថ្ងៃទី ២ ខែកុម្ភ: ឆ្នាំ២០១៩នេះ។
រដ្ឋមន្ត្រីកសិកម្ម បានអះអាងប្រាប់កសិករខេត្តតាកែវថា ក្រោយពីក្រសួងកសិកម្មបានជួបពិភាក្សាជាមួយស្ថានទូតវៀតណាមកាលពីពេលថ្មីៗនេះ ភាគីវៀតណាមបានសន្យាថានឹងរិះរកវិធានជួយដោះស្រាយបញ្ហាតម្លែនេះឲ្យបានឆាប់ទាន់ពេលវេលា ក្រោយចូលឆ្នាំរបស់ខ្លួនរួចរាល់។
រដ្ឋមន្ត្រីក្រសួងកសិកម្មរូបនេះ បាននិយាយថា៖ «តម្លៃស្រូវធ្លាក់ចុះមកពីក្នុងអំឡុងពេលចូលឆ្នាំចិន-វៀតណាម ឈ្មួញវៀតណាម មិនបានចុះប្រមូលទិញស្រូវ រួមជាមួយប្រជាកសិករយើងខ្វះឃ្លាំងស្តុក ឡសម្ងួត និងចំពេលវេលាដែលចាំបាច់ត្រូវតែប្រមូលផលបានផ្តល់ឱកាសឱ្យឈ្មួញកណ្តាលទម្លាក់តម្លៃស្រូវ»។
លោក វេង សាខុន បានបន្ថែមថា ការធ្លាក់ចុះតម្លៃស្រូវនាពេលនេះ ក៏មិនទាន់ដល់កម្រិតមួយខាតបង់កម្រៃច្រើននៅឡើយ គ្រាន់តែថាចំណូលបានតិចជាងបើប្រៀបធៀបទៅឆ្នាំ២០១៨កន្លងទៅនេះ។
ក្នុងខេត្តតាកែវមានផ្ទៃដីដំដុះស្រូវប្រាំងចំនួនជាង ១០ម៉ឺនហិកតា ក្នុងនោះស្រុកអង្គរបូរីមានចំនួន ១,៩ ម៉ឺនហិកតា ទិន្នផលទទួលបានគិតជាមធ្យម ៧-៧,៥០តោនក្នុង១ហិកតា ថ្ងៃនេះស្រូវចំណីមានតម្លៃ ៧២០រៀលក្នុង១ គីឡូក្រាម។ យោងលើតម្លៃស្រូវបច្ចប្បន្ន កសិករអាចទទួលបានកម្រៃ ១,៩លានរៀល/ហិកតា បើធ្វើបាន ៣ដងក្នុង១ឆ្នាំ នោះកសិករអាចទទួលបានចំណូល ៥,៧លានរៀល ចំណូលនេះមានការធ្លាក់ចុះបន្តិចបើប្រៀបទៅឆ្នាំ២០១៧។ ចំពោះទីផ្សារស្រូវចំណី គឺភាគច្រើនឈ្មួញវៀតណាមមកទិញដល់ស្រែតែម្តង ហើយនាំចេញ ។ ចំណែកស្រូវមួយចំនួនទៀតឈ្មួញក្នុងស្រុកទិញសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។ នេះបើយោងតាមរបាយការណ៍របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ។
ជុំវិញបញ្ហាធ្លាក់ចុះតម្លៃស្រូវនេះ លោក យ៉ង សាំងកុមារ អ្នកជំនាញកសិកម្ម និងជាអតីតប្រធានអង្គការសេដាក ស្នើឲ្យរដ្ឋាភិបាលទម្លាក់ថវិកា១០០លានដុល្លារ ដើម្បីដោះស្រាយបញ្ហាតម្លៃស្រូវ និងជីវភាពរបស់ពលរដ្ឋ ។ សម្រាប់លោក យ៉ង សាំងកុមារ ការបោះទុននេះ ក៏ជាផ្នែកមួយសំខាន់ ក្នុងការទប់ស្កាត់ឈ្មួញ ឬអ្នករកស៊ីវិស័យស្រូវ-អង្ករ ដែលឆ្លៀតឱកាសទម្លាក់តម្លៃថ្លៃស្រូវកម្ពុជា ខណៈដែលអង្ករកម្ពុជា ត្រូវបានសហភាពអឺរ៉ុប អនុវត្តគិតពន្ធកាលពីពេលថ្មីៗនេះ។
សម្រាប់ទុន១០០លានដុល្លារនេះ រដ្ឋាភិបាល អាចប្រើប្រាស់ជួយទិញស្រូវ ពីកសិករប្រមាណ១០ទៅ២០ភាគរយ នៃចំនួនស្រូវជិត២លានតោនទូទាំងប្រទេស។ ហើយរដ្ឋាភិបាល ត្រូវហៅខាងម៉ាស៊ីនកិនស្រូវក្នុងប្រទេសមកប្រជុំ ដោយសម្រេចផ្ដល់ប្រាក់កម្ចីសម្រាប់ពួកគេក្នុងអាត្រាការប្រាក់ទាប ដើម្បីជំរុញឲ្យពួកគេទិញស្រូវស្តុកទុក ហើយត្រូវតាមដានលើពួកគេ ថាពិតជាបានអនុវត្តតាមគោលការណ៍រដ្ឋាភិបាលដែរទេ? បើតាមលោក យ៉ង សាំងកុមារ ការធ្វើបែបនេះ គឺដើម្បីជួយឲ្យតម្លៃស្រូវងើបឡើងវិញ ហើយអាចទប់ស្កាត់ពួកឈ្មួញ ឬអ្នករកស៊ីស្រូវ-អង្ករបានច្រើន។ ប៉ុន្តែបើរដ្ឋាភិបាល មិនអន្តរាគមន៍លើបញ្ហាស្រូវនេះ ឲ្យទាន់ពេលវេលាទេ នោះបញ្ហាស្រូវនឹងកាន់តែផ្ទុះឡើងធ្ងន់ធ្ងរ ដែលអាចប៉ះពាល់ដល់ជីវភាពកសិករយ៉ាងខ្លាំង ដោយសារតែកសិករ នឹងត្រូវប្រមូលផលស្រូវប្រាំងធំ នៅក្នុងខែកុម្ភៈ៕