ជាតិ
សង្គមជាតិ
ក្រសួងបរិស្ថាន៖ កម្ពុជាគ្មានខ្យល់ពុល ដែលបោកបក់មកពីថៃទេ
× ក្រសួងបរិស្ថាន បានអះអាងថា កម្ពុជាមិនមានបញ្ហាខ្យល់ពុលពីប្រទេសថៃទេ។ការអះអាងរបស់ក្រសួងបរិស្ថាននេះ ធ្វើឡើងក្រោយពលរដ្ឋមួយចំនួនកំពុងព្រួយបារម្ភ ដោយសារមានសារជាសំឡេងចែករំលែកតៗគ្នាតាមបណ្ដាញសង្គម ថាមានការសាយភាយខ្យល់ពុលពីប្រទេសថៃមកដល់កម្ពុជា។ នេះបើតាមការចុះផ្សាយរបស់វិទ្យុជាតិកម្ពុជា។
លោក នេត ភក្ត្រា បាននិយាយថា មន្ត្រីជំនាញនៃក្រសួងបានវាស់ខ្យល់រួចហើយ ដោយឃើញថាស្ថាន ភាពខ្យល់នៅក្នុងប្រទេសកម្ពុជាមានលក្ខណៈល្អប្រសើរ ពោលគឺគ្មានសារធាតុពុលនោះទេ។
ក្នុងបទសម្ភាសដល់វិទ្យុជាតិ អ្នកនាំពាក្យរូបនេះ បាននិយាយថា៖ «ស្ថានភាពខ្យល់នៅក្នុងប្រទេសកម្ពុជាមានលក្ខណៈល្អប្រសើរ ដោយស្ថិតនៅចន្លោះពី ១០ដល់២០ជាកម្រិតមួយធម្មតា ហើយកម្រិតដែលប្រុងប្រយ័ត្នគឺនៅកម្រិត៥០ឡើងទៅ»។
គួរបញ្ជាក់ថា នាពេលថ្មីៗនេះរដ្ឋាភិបាលថៃ បានប្រកាសឲ្យសាលារៀន និងគ្រឹះស្ថានអប់រំមួយចំនួន បិទដំណើរការបណ្តោះអាសន្ន ដើម្បីការពារសុវត្ថិភាពសុខភាពកុមារ និងសិស្ស និស្សិតទាំងអស់ ខណៈឥទ្ធិពលខ្យល់កខ្វក់បន្តកើនឡើង (កម្រិត PM2.5 ) បង្កឲ្យមានបញ្ហាសុខភាព។ ជាពិសេសបញ្ហាផ្លូវដង្ហើម ដែលកំពុងគ្របដណ្តប់នៅទីក្រុងបាងកក និងខេត្តចំនួន៤ ដូចជា ខេត្តសាមុទ្របាកាន សមុទ្រសាខន នន្ទបុរី និងខេត្តណាខនប៉ាធុម៕
© រក្សាសិទ្ធិដោយ thmeythmey.com