អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ចិន បើក​មជ្ឈមណ្ឌល​ប្រតិបត្តិ​ការសង្គ្រោះ​ដែនសមុទ្រ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​
03, Feb 2019 , 2:02 pm        
រូបភាព
ដោយ:
​រដ្ឋាភិបាល​ក្រុង​ប៉េកាំង បាន​បើក​ដំណើរការ​មជ្ឈមណ្ឌល​មួយ​ដើម្បី​ប្រតិបត្តិ​ការសង្គ្រោះ​ដែនសមុទ្រ​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​។ ក្រុង​ប៉េកាំង រំពឹងថា ទីស្នាក់ការ​សង្គ្រោះ​នេះ នឹង​ជួយ​ធានា​ឲ្យ​ការសង្គ្រោះ​ទាន់ពេលវេលា និង សុវត្ថិភាព​នៃ​ការធ្វើ​ចរាចរណ៍​ដែនទឹក ខណៈដែល​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង នៅ​មិនទាន់ បាន​ដោះស្រាយបាន​ចប់​នៅឡើយ​នោះ​។


​ក្រសួង​សាធារណការ​ចិន​នៅ​ចុង​សប្តាហ៍​មុន បាន​ឲ្យ​ដឹងថា មជ្ឈមណ្ឌល​សង្គ្រោះ​ដែនសមុទ្រ នឹង​ផ្តល់​ការគាំទ្រ​កាន់តែ​ល្អប្រសើរ សម្រាប់​ប្រតិបត្តិការ​ជួយសង្គ្រោះ​បន្ទាន់​នៅក្នុង​ដែនសមុទ្រ ជាពិសេស​នៅ​តំបន់​ភាគខាងត្បូង​នៃ​សមុទ្រ​ចិន​ខាងត្បូង​តែម្តង​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​ភា្ន​ក់​ងារ​ព័ត៌មាន​ចិន Xinhua​។ 
 
​ក្រសួង​ដដែល​នោះ ក៏បាន​លើក​ពី​សកម្មភាព​របស់​អាជ្ញា​ធរ​ចិន​មុនពេល នៃ​ការបង្កើត​មជ្ឈមណ្ឌល​នេះ ដោយ​ក្នុងនោះ​នៅ​ឆ្នាំ​២០១៨​កន្លងទៅ ក្រសួង បាន​បញ្ជូន​នាវា​សង្គ្រោះ​មួយគ្រឿង​ទៅកាន់​តំបន់​ថ្ម​ប៉ប្រះ​ទឹក Zhubi នៃ​ប្រជុំ​កោះ Nansha ឬ​ប្រជុំ​កោះ Sprately នៃ​សមុទ្រ​ចិន​ខាងត្បូង​។ ជា​លទ្ធផល ក្រុម​ប្រតិបត្តិ​ការងារ​នេះ បាន​សង្គ្រោះ​មនុស្ស​១៦​នាក់ និង​នាវា​ពីរ​គ្រឿង ដែល​ស្មើនឹង​ទ្រព្យសម្បត្តិ ១.៧ លាន​ដុល្លារ ។ 
 
​គួរ​ជម្រាប​បន្តិច​ថា សមុទ្រ​ចិន​ខាងត្បូង គឺជា​ដែនសមុទ្រ​ជម្លោះ​មួយ ដែលមាន​រដ្ឋ​ពាក់ព័ន្ធ​ដូចជា​រដ្ឋ​អាស៊ាន​រួមមាន ព្រុយ​ណេ ម៉ាឡេស៊ី ហ្វី​លី​ពិន និង​វៀតណាម ជាមួយនឹង​ចិន​។ ចិន បានទាមទារ​គ្រប់គ្រង​តំបន់​នេះ​ស្ទើរតែ​ទាំងស្រុង​តាម​អំ​ណេះ​អំ​ណា​ង​ប្រវត្តិសាស្ត្រ​របស់ខ្លួន ខណៈ​រដ្ឋ​អាស៊ាន ទាមទារ​តាមរយៈ​ច្បាប់​អន្តរជាតិ​។​
 
​ជុំវិញ​ការបើក​មជ្ឈមណ្ឌល​សង្គ្រោះ​នេះ ហ្វីលីពីន ដែល​កាលពី​ជាង​ពីរ​ឆ្នាំមុន​ធ្លាប់តែ​ជា​គូបដិបក្ខ​នឹង​ចិន​ចេញមុខ​មួយ​នោះ មិនបាន​មើលឃើញថា​ជាការ​គំរាមកំហែង និង​ប៉ះពាល់​ការទាមទារ​អធិបតេយ្យ​អ្វី​ឡើយ​។ តាម​សារព័ត៌មាន​ហ្វីលីពីន inquirer អ្នកនាំពាក្យ​ប្រធានាធិបតី​ហ្វីលីពីន លោក Salvador Panelo ចាត់ទុក​សំណង់​នេះ គឺជា​រឿង​ដ៏​គួរ​សាទរ ហើយ​ហ្វីលីពីន ក៏​មិនមាន​ការយល់​ទាស់ខុស​អ្វី​ឡើយ បើ​ចិន មានបំណង​ចង់​បង្កើត​ឲ្យ​មជ្ឈមណ្ឌល​សង្គ្រោះ​បែបនេះ​នោះ​។​
 
​ក៏ប៉ុន្តែ​អ្នកនាំពាក្យ និង​ជាទី​ប្រឹក្សា​ផ្នែក​ច្បាប់​របសលោក​ប្រធានាធិបតី​ហ្វី​លីន​រូបនេះ ក៏បាន​បញ្ជាក់​ផងដែរ​ថា ប្រសិនបើ​ចិន មានបំណង​អ្វី​លើសពី​សកម្មភាព​មនុស្ស​ធម៌​នេះ ហ្វីលីពីន នឹង​ការដាក់​ការសង្ស័យ និង​ធ្វើបណ្តឹង​ការទូត​ទៅកាន់​ចិន​ហើយ​។ លោក សង្កត់ធ្ងន់ថា​បើសិន ហ៊ាន​កែប្រែ​ទៅជា​មូលដ្ឋាន​នុយក្លេអ៊ែរ​ជាដើម​នោះ ហ្វីលីពីន ក៏​មិន​ស្ងៀម​ដែរ​។ 
 
​សូម​បញ្ជក់​បន្តិច​ផងដែរ​ថា បច្ចុប្បន្ន អាស៊ាន និង​ចិន កំពុងតែ​ចរចា​គ្នា​ក្នុង​ការបង្កើត​ក្រម​ប្រតិបត្តិ​មួយ​សម្រាប់​អនុវត្ត​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង ដើម្បី​ធានា​ពី​ការមិន​ប្រព្រឹត្ត​សកម្មភាព​ខុសច្បាប់ និង​ដើម្បី​ទប់ស្កាត់​ការប្រឈមមុខគ្នា​គ្រប់​ទម្រង់​ផងដែរ​៕ 

Tag:
 ចិន​
  ហ្វីលីពីន​
  សមុទ្រ​ចិន​ខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com