លោក សម រង្ស៊ី ជឿថា ខ្មែរនៅក្រៅប្រទេស នឹងសម្រុកចូលស្រុកជាមួយលោក ដើម្បីការផ្តាស់ប្តូរ។ អ្នកនាំពាក្យរដ្ឋាភិបាល ហៅការឃោសនារបស់លោក សម រង្ស៊ី ថាជា ភាសាបោកប្រាស់ ហើយសន្និដ្ឋានថា គ្មានអ្នកណាមកជាមួយលោកទេ។
ទោះរងការសើចចំអកពីមន្ត្រីរដ្ឋាភិបាលនិងមន្ត្រីបក្សកាន់អំណាច ថាជាជនកំសាក មិនហ៊ានចូលស្រុក ដោយបាននិយាយតែមាត់ក៏ដោយ ក៏លោក សម រង្ស៊ី មេដឹកនាំប្រឆាំង នៅតែដើរឃោសនាជាដដែលៗ ទៅកាន់ប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេសថា លោក នឹងវិលមកកម្ពុជាវិញជាដាច់ខាត នៅឆ្នាំ២០១៩នេះ។ ហើយម្តងនេះ លោក ថែមទាំងស្រែកអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេស នាំគ្នាមកកម្ពុជាជាមួយក្រុមលោកថែមទៀត ដើម្បីដណ្តើមយកប្រទេសមកវិញ។
ក្នុងពិធីជួបជុំជាមួយប្រជាពលរដ្ឋខ្មែរនៅសហរដ្ឋអាមរិក កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៩ មេដឹកនាំប្រឆាំងកំពូលរូបនេះ ហ៊ានអះអាងថា ក្នុងចំណោមប្រជាពលរដ្ឋខ្មែររាប់លាននាក់ ដែលកំពុងរស់នៅតាមបណ្តាប្រទេសផ្សេងៗ ដូចជា សហរដ្ឋអាមេរិក កាណាដា បារាំង អូស្ត្រាលី កូរ៉េ ម៉ាឡេស៊ី និងប្រទេសដទៃទៀត នឹងមានខ្លះ ដែលនឹងវិលត្រឡប់មកកម្ពុជាវិញ។ លោក បានហៅការស្រុះស្រួលគ្នាវិលមកកម្ពុជាក្នុងពេលតែមួយបែបនេះ ថាជា «បេសកកម្មទាំងអស់គ្នា» ដើម្បីរួមកម្លាំងផ្តាស់ប្តូរ ជាមួយប្រជាពលរដ្ឋខ្មែរនៅក្នុងស្រុក។ លោក វាយតម្លៃថា ខ្មែរក្នុងស្រុក កំពង់រង់ចាំការវិលត្រឡប់របស់ខ្មែរនៅក្រៅស្រុក។
លោក សម រង្ស៊ី ថ្លែងទៅកាន់អ្នកគាំទ្រយ៉ាងដូច្នេះថា៖«ខ្ញុំជឿថា ការប្តេជ្ញាចិត្តរបស់យើងទាំងអស់គ្នានេះ នឹងនាំមកនូវជោគជ័យ សម្រាប់ប្រជារាស្ត្រខ្មែរទាំងមូល។ បងប្អូនទាំងអស់ យើងប្តេជ្ញាជាមួយគ្នា ទៅរំដោះប្រទេសកម្ពុជាឲ្យទាល់តែបានក្នុងឆ្នាំ២០១៩នេះ»។
ចុងក្រោយ លោក នៅឆ្លៀតឌឺឲ្យសម្តេច ហ៊ុន សែន ទៀតថា លោក មកកម្ពុជា មិនមែនឲ្យសម្តេច ហ៊ុន សែន ចាប់ទេ តែលោកវិញទេ ដែលជាអ្នកចាប់សម្តេច ហ៊ុន សែន។
វីដេអូដែលលោក សម រង្ស៊ី ថ្លែងទៅកាន់អ្នកគាំទ្រនៅសហរដ្ឋអាមេរិក កាលពីថ្ងៃទី៣ ខែមករា
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល ព្រមានទុកជាមុនថា សមត្ថកិច្ច នឹងចាត់វិធានការ ចំពោះអ្នកដែលមកកម្ពុជា ដើម្បីបំផុសបំផុលនិងរួមគ្នាបះបោរជាមួយលោក សម រង្ស៊ី។ លោក ប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទថា ការធ្វើបែបនេះ គឺដើម្បីរក្សាសុខសន្តិភាពនិងស្ថិរភាពនយោបាយ។ លោក សង្កត់ធ្ងន់យ៉ាងដូច្នេះថា៖«បើមិនជឿ សាកមើលទៅ....»។
យ៉ាងណាក៏ដោយ អ្នកនាំពាក្យរដ្ឋាភិបាលរូបនេះ សន្និដ្ឋានថា គ្មានប្រជាពលរដ្ឋណា ជឿនិងហ៊ានមកជាមួយលោក សម រង្ស៊ី ឡើយ។ លោក រិះគន់លោក សម រង្ស៊ី យ៉ាងដូច្នេះថា៖«គ្រាន់តែជាភាសាបោកបញ្ឆោតរបស់គាត់ ដើម្បីរកលុយទេ»។
លោក សុខ ឥសាន អ្នកនាំពាក្យបក្សកាន់អំណាច ក៏ប្រតិកម្មដែរ ចំពោះសម្តីរបស់លោក សម រង្ស៊ី ខាងលើ។ លោក ប្រតិកម្មខ្លាំងជាងគេ នៅត្រង់លោក សម រង្ស៊ី ប្រើពាក្យ «ដណ្តើមប្រទេសមកវិញ»។
អ្នកនាំពាក្យបក្សកាន់អំណាចរូបនេះ តបថា កម្ពុជា គឺជាកម្មសិទ្ធិរបស់ប្រជាជនស្រាប់ទៅហើយ ដូច្នេះ ការដែលលោក សម រង្ស៊ី ប្រកាសថា «ដណ្តើមកម្ពុជា យកទៅប្រគល់ឲ្យប្រជាជនវិញ» គឺផ្ទុយពីការពិត។ លោក សរសេរក្នុងបណ្តាញទំនាក់ទំនងតេឡេក្រាយ យ៉ាងដូច្នេះថា៖«ប្រជាជនកម្ពុជាប្រឆាំងចំពោះគំនិតទុច្ចរិត និងមិនអនុញ្ញាតឲ្យទណ្ឌិតរត់ចោលស្រុកដណ្តើមយកកម្ពុជាទៅណាបានជាដាច់ខាត»។
សាររបស់លោក សុខ ឥសាន តាមតេឡេក្រាម ក៏មានពាក្យសើចចំអកឲ្យលោក សម រង្ស៊ី ពីរឿងប្រកាសចូលស្រុកដែរ។ លោក សរសេរយ៉ាងដូច្នេះថា៖«បើចង់ [ជាប់ពន្ធគារ] យ៉ាងនេះ សូមអញ្ជើញចូលស្រុកឲ្យបានឆាប់ៗមក កុំបង្អង់យូរ នោះនឹងឃើញសខ្មៅហើយ នៅពេលមកដល់ស្រុកខ្មែរ។ ចាំមើលមើ តើមានប្រជាជនកម្ពុជាប៉ុន្មានលាននាក់ចេញមុខទៅទទួលទណ្ឌិតរូបនេះ ដែលពូកែភូតកុហកនោះ? ហើយចាំមើលមើ តើអ្នកណាចាប់អ្នកណាដាក់គុក? នោះនឹងបានដឹងហើយ»។
សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនិងជាប្រធានបក្សកាន់អំណាច ក៏ធ្លាប់ហៅលោក សម រង្ស៊ី ឲ្យស្រុកដែរ ដោយមិនចាំបាច់ប្រកាសច្រើនដងទេ។ ប្រធានបក្សកាន់អំណាច បន្ថែមពាក្យថា «ចាំមើល ហ៊ុន សែន ចាត់ការដោយរបៀបម៉េច»។
អាចនិយាយបានថា សារដែលប្រកាសចូលស្រុករបស់លោក សម រង្ស៊ី នាពេលនេះ បានក្លាយជាព្រឹត្តិការណ៍នយោបាយមួយ ដែលគេ កំពុងនាំគ្នារង់ចាំមើល ថាតើលោក សម រង្ស៊ី ពិតជាហ៊ានចូលស្រុកវិញ ដូចការប្រកាសមែន ឬក៏បានតែមាត់។
បច្ចុប្បន្ន អ្នកប្រឆាំងនៅក្រៅប្រទេស កំពុងរៀបចំផែនការសំខាន់បីយ៉ាង សម្រាប់ការវិលត្រឡប់របស់លោក សម រង្ស៊ី ។ ផែនការទាំងនោះរួមមាន ប្រមូលថវិកាឲ្យបាន៣០ម៉ឺនដុល្លារយ៉ាងតិច, មានប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេស អមដំណើរលោក សម រង្ស៊ី ពេលមកកម្ពុជា, និង កៀងគរកម្លាំងអ្នកគាំទ្រក្នុងស្រុក ដើម្បីចាំទទួល។ អ្នកប្រឆាំងនៅក្រៅប្រទេស ប្រកាសថា នៅពេលផែនការទាំងបីនេះ រៀបចំរួចរាល់ ហើយពេលវេលាក៏សមស្រប ការធ្វើមាតុភូមិនិវត្តរបស់លោក សម រង្ស៊ី នឹងកើតឡើង៕