ជាតិ
សេដ្ឋកិច្ច
ចិន​ជួយ​សេដ្ឋកិច្ចកម្ពុជា ប៉ុន្តែ​ការវិនិយោគ​លើ​វិស័យ​កាស៊ីណូ​ច្រើន ជា​រឿង​គួរ​ឲ្យ​ព្រួយបារម្ភ​?
05, Feb 2019 , 10:21 am        
រូបភាព
This photo taken on December 13, 2018 shows one of the many Chinese casino establishments in Sihanoukville, the coastal capital of Preah Sihanouk province. (AFP)
This photo taken on December 13, 2018 shows one of the many Chinese casino establishments in Sihanoukville, the coastal capital of Preah Sihanouk province. (AFP)
​ភ្នំពេញ​៖ ប្រទេស​ចិន បាន​ក្លាយជា​ដៃគូ​ពាណិជ្ជកម្ម និង​វិនិយោគ​ក្នុងស្រុក​យ៉ាងសំខាន់ រួមទាំង​បានផ្ដល់​ជំនួយ​រាប់ពាន់​លាន​ដុល្លារ ដល់​កម្ពុជា​។ ការជួយជ្រោមជ្រែង​យ៉ាងច្រើន​សន្ធឹកសន្ធាប់​នេះ បាន​ជំរុញ​ឲ្យ កម្ពុជា​ដែលជា​ប្រទេស​កំពុង​អភិវឌ្ឍ​មួយ​ក្នុង​តំបន់​អាស៊ាន មាន​កំណើនសេដ្ឋកិច្ច​បា​ន​យ៉ាង​ល្អប្រសើរ និង​ឆាប់រហ័ស​។ ទន្ទឹមនឹង​ការជួយ​ឲ្យ​សេដ្ឋកិច្ចកម្ពុជា​មានការ​រីកចម្រើន​មកដល់​បច្ចុប្បន្ននេះ ក៏មាន​ការលេចឡើង​នូវ​បញ្ហា​ក្នុងសង្គម​ច្រើន​ផងដែរ​។ ចិន​ជួយ​សេដ្ឋកិច្ចកម្ពុជា ជា​រឿង​ប្រសើរ​ហើយ ប៉ុន្តែ​ការវិនិយោគ​លើ​វិស័យ​កាស៊ីណូ​ច្រើន ជា​រឿង​គួរ​ឲ្យ​ព្រួយបារម្ភ​?

 
​លំហូរ​អ្នកវិនិយោគ​ចិន​មានការ​កើន​យ៉ាងគំហុគ  នៅ​ខេត្ត​ព្រះសីហនុ ពិសេស​លើ​ការវិនិយោគ​លើ​កាស៊ីណូ (Casino)​។  ក្នុង​ឆ្នាំ​២០១៨ រដ្ឋាភិបាល បានផ្ដល់​អាជ្ញា​បណ្ណ​បង្កើត​កាស៊ីណូ ចំនួន​១៥០ ដល់​វិនិយោគិន​។ ចំនួន​នេះ បាន​កើនឡើង ៥៣​ភាគរយ បើ​ធៀប​នឹង​បំណាច់​ឆ្នាំ​២០១៧ មានតែ​៩៨​កន្លែង ប៉ុណ្ណោះ​។ ចំនួន​កាស៊ីណូ​ទាំង​១៥០​ទីតាំង​នេះ មាន​៨៨​ទីតាំង នៅ​ខេត្ត​ព្រះសីហនុ​។ នេះបើតាមរបាយការណ៍របស់អគ្គនាយដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

​ខេត្ត​ជាប់​សមុទ្រ​មួយ​នេះ ក៏មាន​ការកើនឡើង​ផងដែរ នូវ​សំណង់​ជាច្រើន​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ដោយសារតែ​វត្តមាន​ដ៏​ច្រើន​នៃ​ជន​ជាតិចិន​ដែល​មក​វិនិយោគ​ផ្នែក​សណ្ឋាគារ កាស៊ីណូ និង​អចលនទ្រព្យ ជាដើម​។​ ប៉ុន្តែ​វត្តមាន​ជនជាតិ​ចិន ដែល​បាន​ផ្លាស់​ទី​មក​កម្ពុជា បាន​បង្កើត​បញ្ហា​សន្តិសុខ និង​សណ្ដាប់ធ្នាប់​យ៉ាងច្រើន ពិសេស​កើតមានឡើង​ក្នុង​ខេត្ត ព្រះសីហនុ ដូចជា ការចាប់​ជំរិត និង​គ្រឿងញៀន​ជាដើម​។ ផល​អវិជ្ជមាន​ទាំងនេះ អាច​បង្ក​ជា​ហានិភ័យ​ច្រើន​ទៀត នៅក្នុង​ខេត្ត​ជាប់​សមុទ្រ​មួយ​នេះ បើសិនជា​អាជ្ញាធរ មិន​យកចិត្តទុកដាក់ និង​មិន​គ្រប់គ្រង​សកម្មភាព​នេះ​ឲ្យ​បានល្អ និង​ត្រឹមត្រូវ​។ នេះជាការលើកឡើងរបស់លោក ព្រាប កុល ​នាយក​ប្រ​ត្តិ​ប​ត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា។
 
​លោក ព្រាប កុល បាន​ទទួលស្គាល់ថា ចិន​ពិតជា​រួមចំណែក​មួយ​យ៉ាងសំខាន់ ក្នុងការ​រុញច្រាន​ឲ្យ​សេដ្ឋកិច្ចកម្ពុជា​រីកចម្រើន ទាំង​វិស័យ​កាត់ដេរ សំណង់ និង​ទេសចរណ៍ ។​ប៉ុន្តែ​ទន្ទឹមនឹង​ការជួយ​នេះ ចិន​ក៏បាន​ស្រូបយក​សក្កា​នុព​ល​យូរអង្វែង​ពី​កម្ពុជា​ផងដែរ​។ លោក ព្រាប កុល បាន​អះអាង​ដូច្នេះ​ថា​៖ « ចិន​ជួយ​កម្ពុជា ដោយ​ចិន​មើលឃើញ ពី​សក្តានុពល​របស់​ក​ម្ពុ​ជា ទៅ​ទីផ្សារ​អន្តរជាតិ ពិសេស​ទីផ្សារ​អឺរ៉ុប ដែល​កម្ពុជា​អាច​នាំចេញ​ទំនិញ​បាន​គ្រប់​ប្រភេទ ដោយ​មិន​ជាប់​ពន្ធគយ​។ លើសពីនេះ ចិន​មានឱកាស​វិនិយោគ​ក្នុង​វិស័យ​សហគ្រាស វិស័យ​រុករក​រ៉ែ ត្បូង និង​ធនធានធម្មជាតិ​ក្រោម​ដី​មួយចំនួនទៀត ហើយ​ព្រមទាំង​ទទួលបាន​ដី​សម្បទាន​ក្នុង​រយៈពេល​វែង​រាប់សែន​ហិច​តា​ផងដែរ​។  នេះ​ជា​ផលចំណេញ​ផ្នែក​សេដ្ឋកិច្ច​យ៉ាងច្រើន ដែល​ចិន​ទទួលបាន​ពី​កម្ពុជា​»​។ 
 
​នាយក​ប្រ​ត្តិ​ប​ត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា​រូបនេះ បាន​បន្តថា ក្រៅពី​ការទទួល​ប្រយោជន៍​សេដ្ឋកិច្ច​ពី​កម្ពុជា​វិញ ចិន​បាន​បង្កបញ្ហា​ជាច្រើន នៅក្នុង​សង្គម​ខ្មែរ​។ ការរកស៊ី ដោយ​គ្មាន​សណ្តាប់ធ្នាប់ របស់​ក្រុម​ជន​ជាតិចិន​មួយចំនួន កំពុង​បង្ក​ភាព​អាណាធិបតេយ្យ និង​អសន្តិសុខ​ក្នុងប្រទេស ពិសេស​នៅក្នុង​ខេត្ត​ព្រះសីហនុ​។ 
 
​លោក  ព្រាប កុល បាន​សង្កត់ធ្ងន់​ទៅលើ​វត្តមាន​កាស៊ីណូ រាប់​សិន​កន្លែង នៅ​ខេត្ត​ព្រះសីហនុ ដូច្នេះ​៖ «​ប្រសិនបើ​រដ្ឋាភិបាល នៅតែ​បន្ត​លើកទឹកចិត្ត​ឲ្យ​វិនិយោគិន​ចិន​បង្កើត កាស៊ីណូ ក្នុង​ខេត្ត​នេះ​ទៀត ដោយ​សម្លឹងមើល​ឃើញតែ​ចំណូល​ពន្ធ​ពី​កាស៊ីណូ​ទាំងនោះ ខេត្ត​មួយ​នេះ​នឹង​បាត់បង់​អធិបតេយ្យភាព និង​ក្លាយជា​តំបន់​ត្រួតត្រា ដោយ​ជនជាតិ​ចិន  ដែល​ធ្វើ​ឲ្យ​ខ្មែរ​យើង​លែង​ហ៊ាន​ទៅ​ទីនោះ ដោយសារ​ហេតុផល​ខាងលើ​។ ហើយ​ខេត្ត​មួយ​នេះ មាន​រូបភាព​មួយ លេចចេញ​ឡើងជា​ដែន​អាណាចក្រ ឬ​ទីក្រុង​មួយ ដែលមាន​អំណាច​ត្រួតត្រា ដោយ​ប្រយោល​ពី​ជនជាតិ​ចិន ហើយ​ពេលនោះ​ហើយ យើង​មិនអាច​ដឹងថា​មានរឿង​អ្វី​កើតឡើង ទៀតឡើយ​»​។​
 
​បើតាម​លោក ឈាង វណ្ណា​រិ​ទ្ធិ ដែល​បានផ្ដល់​កិច្ច​សម្ភាស​ដល់​សារព័ត៌មាន​ថ្មីៗ កាលពីពេល​ថ្មីៗ​នេះ រដ្ឋាភិបាល​គួរ​ដក​បទពិសោធន៍​ពី​បរទេស ដែល​សើរើ​លើ​ការវិនិយោគ​ណា​ដែល​មិន​ផ្ដល់​ប្រយោជន៍​សេដ្ឋកិច្ច ឬ​ប៉ះពាល់​សង្គម​។ លោក​បាន​សង្កត់ធ្ងន់​លើ​ការវិនិយោគ​កាស៊ីណូ​នៅ​កម្ពុជា ដែល​គួរ​ពិនិត្យឡើងវិញ​។ លោក​ថ្លែង​ដូច្នេះ​ថា​៖«(​ការវិនិយោគ​ចិន​) នៅមាន​កង្វះខាត​ច្រើន ដោយសារតែ​ការ​នាំចូល​កម្លាំង​ពលកម្ម ខ្វះ​តម្លាភាព ជាដើម ហើយ​ការវិនិយោគ​លើ​វិស័យ​កាស៊ីណូ អត់​ផ្ដល់​ផលប្រយោជន៍​ដល់​ប្រជាជន​របស់​យើង​ច្រើន​ទេ ដូចនេះ​យើង​ជា​ម្ចាស់ផ្ទះ​ត្រូវ​ទទួលខុសត្រូវ​លើ​ផលប៉ះពាល់​ទាំងឡាយ​ដែល​កើតចេញពី​ការវិនិយោគ​បរទេស​»​។​
 
​លោក សុខ ឥសាន អ្នកនាំពាក្យ​គណៈបក្ស​ប្រជាជន​កម្ពុជា ចាត់ទុក​ការលើកឡើង​នេះ គឺ​គ្រាន់តែ​មើលឃើញ ផល​អវិជ្ជមាន​នៃ​ការវិនិយោគ​របស់​ចិន​មក​កម្ពុជា តែមួយ​ជ្រុង​ប៉​ណ្ណោះ​។ សម្រាប់​លោក សុខ ឥសាន បើ​កម្ពុជា ដែលជា​ប្រទេស​អភិវឌ្ឍ ហើយ​មាន​អ្នកវិនិយោគ​ចូលកាន់​ច្រើន​នេះ គឺជា​រឿង​កាន់តែ​ល្អ​ទៅវិញ​ទេ​។ ហើយ​ភាពអសន្តិសុខ នៃ​ខេត្ត​ព្រះសីហនុ ក៏​ដូច​កន្លែង​មួយចំនួនទៀត វា​គ្រាន់តែ​ជា​ផ្នែក​មួយ​ប៉ុណ្ណោះ​។ 
 
​លោក សុខ ឥសាន បានបង្ហាញ​ជំហរ​ថា ចិន​ដែល​មក​វិនិយោគ​នៅ​កម្ពុជា ដើម្បី​ជំរុញ​សេដ្ឋកិច្ចជាតិ​កាន់តែ​ប្រសើរ ព្រោះ​ចិន​ជា​ដៃគូ​វិនិយោគ​យ៉ាងសំខាន់​នៃ​សសរស្តម្ភ​សេដ្ឋកិច្ច ដែល​មិន​ដាច់​កាត់ផ្តាច់​បាន ទាំង​ផ្នែក​ទេសចរណ៍  សំណង់ និង​ឧស្សាហកម្ម​កាត់ដេរ​។  
 
​អ្នកនាំពាក្យ​រូបនេះ បាន​និយាយ​យ៉ាង​ដូច្នេះ​ថា​« ការវិនិយោគ​ពី​បរទេស ដើម្បី​អភិវឌ្ឍ​ប្រទេសជាតិ​ឲ្យ​រីកចម្រើន វា​តែងតែ​ជួប​រឿង​ដែល​កើត ក្នុងសង្គម​បន្តិចបន្តួច​ហើយ  មិន​ថា​អ្នកវិនិយោគ​ដែល​ពី​ចិន អាមេរិក ឬ​ជាតិ​សាសន៍​ណា​ទេ​។ កម្ពុជា​យើង មាន​និ​តី​វិធី​ច្បាប់​ច្បាស់លាស់ ក្នុងការ​គ្រប់គ្រង នូវ​អ​សណ្តាប់ធ្នាប់ ក្នុងការ​វិនិយោគ​ទាំងនោះ​។ ដូច្នេះ បញ្ហា​សង្គម​ដែល​ប្រជាជន​កម្ពុជា យល់ថា​ឃើញ​កើត​ពី​ការវិនិយោគ​ចិន  វា​មិនបាន​ឆ្លើយតប​ទៅ​សេដ្ឋកិច្ច​ដែល​ចិន និង​កំពុង​ជួយ​កម្ពុជា​នេះ​ទេ​»​។ 
 
​ងាក​មក​ការវិនិយោគ​លើ​វិស័យ​កាស៊ីណូ​វិញ លោក សុខ ឥសាន បាន​អះអាងថា វត្តមាន​កាស៊ីណូ​ដ៏​ច្រើន នៅ​ខេត្ត​ព្រះសីហនុ ក៏​ជា​ប្រភព​ចំណូល​ដោយផ្ទាល់ តាមរយៈ​ការបង់ពន្ធ​ចូលជាតិ ដែលជា​ផ្នែក​មួយ​ជួយ​អភិវឌ្ឍ​ប្រទេស​។  ក្រៅពី​ចំណូល​ដោយផ្ទាល់​ពី​ការបង់ពន្ធ ក៏​ទទួលបាន​ចំណូល​ដោយ​ប្រយោល​ជាច្រើន ទៅដល់​ប្រជាពលរដ្ឋ ពិសេស​អ្នករស់នៅ​ទីនោះ​តែម្តង​។​
 
​បើតាម​លោក សុខ ឥសាន ក្នុងប្រទេស​មួយ​ដែល​កំពុង​អភិវឌ្ឍ គឺ​តែងតែ​លេចឡើង​នៅ ភាព​អ​ន្តិ​សុខ​ហើយ ប៉ុន្តែ​រដ្ឋាភិបាល​កម្ពុជា ក៏​កំពុង​រៀបចំ និង​ទប់ស្កាត់​ស្ថានភាព ដោយ​ពង្រឹង​មន្ត្រី​មាន​សមត្ថកិច្ច​ក្នុងការ​ត្រួតពិនិត្យ​តាម​មូលដ្ឋាន​។   
 
​យោងតាម​របាយការណ៍​ស្ថិតិ​របស់​មន្ទីរ​ទេសច​រណ៍​ខេត្ត​ព្រះសីហនុ ឆ្នាំ​២០១៨ មាន​ភ្ញៀវទេសចរ ដែល​មក​កម្សាន្ត​សរុប ២ ,០៤៧ ,៧៧៤​នាក់​។ ចំនួន​នេះ កើនឡើង​ជិត​៣​ភាគរយ  បើ​ធៀប​នឹង​ឆ្នាំ ២០១៧ មាន​ភ្ញៀវទេសចរ​១, ៩៩៥ ,២០៤​នាក់​។ ក្នុងនោះ​មាន​ភ្ញៀវទេសចរ​ជាតិ សរុប​១ ,៤៦៦ ,៥៩០​នាក់ ថយចុះ​ជិត​៤​ភាគរយ ធៀប​នឹង​ឆ្នាំ ២០១៧ មាន​ចំនួន​១, ៥២៥ ,២៨៦​នាក់​។ ដោយឡែក ចំនួន​ទេសចរ​អន្តរជាតិ កើនឡើង​ជិត​២៤​ភាគរយ​ធៀប​នឹង​ឆ្នាំ ២០១៧ មាន​ចំនួន​៤៦៩, ៩១៨​នាក់​។ របាយការណ៍ ទេសចរណ៍​ដដែល​បាន​បង្ហាញថា ចំនួន​ទេសចរ​អន្តរជាតិ​សរុប ដែល​កើន​នោះ​មាន ទេសចរ​ចិន​សរុប ២០២ ,៩៤៧​នាក់ កើនឡើង​ជិត​៦៩​ភាគរយ បើ​ធៀប​ទៅ​ឆ្នាំ ២០១៧ មាន​១២០ ,២៣២​នាក់​។ 
 
​លោក តាំង សុ​ចិត្ត​គ្រឹ​ស្នា ប្រធាន​មន្ទីរ​ទេសចរណ៍​ព្រះសីហនុ បាន​និយាយថា ចំនួន​ភ្ញៀវ​ទេសចរណ៍ ក្នុង​ឆ្នាំ​២០១៨ មាន​កំណើន​ជាង​រាល់​ឆ្នាំ ខណៈ​ភ្ញៀវទេសចរ​ក្នុងស្រុក​ធ្លាក់ចុះ​។ លោក បាន​អះអាងថា «​ភ្ញៀវទេសចរ ក្នុង​ធ្លាក់ចុះ ដោយសារ​វត្តមាន​ចិន​ច្រើន ដែល​ធ្វើ​ឲ្យ​ពួកគាត់ មាន​អារម្មណ៍​ថា​ពិបាក​មកលេង​កម្សាន្ត​ក្នុង​ខេត្ត​នេះ ទោះបីជា​យើង​ខំ​ផ្សព្វផ្សាយ​ពី​សុវត្ថិភាព​គ្រប់​ទម្រង់ និង​ធានា​ជូន​នៅ​កន្លែង​ស្នាក់នៅ​ក្នុងតម្លៃ​សមរម្យ ក៏ដោយ​»​។​
 
​ជាក់ស្តែង កាលពី​ថ្មីៗ​នេះ  ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល​បី​ថ្ងៃ នៅ​ប្រទេស​ចិន ចាប់ពី​ថ្ងៃទី​២០-២២ មករា ឆ្នាំ​២០១៩ សម្តេច ហ៊ុន សែន បាន​ជួបពិភាក្សា​ការងារ​ជាមួយ លោក​ប្រធានាធិបតី​ចិន ស៊ី ជិន​ពីង  ដើម្បី​រិត​ចំណងមិត្តភាព​រវាង​ប្រទេស​ទាំងពីរ​ឲ្យ​កាន់តែ​ល្អ​រឹងមាំ​ថែមទៀត​។ ពិសេស គឺ​បាន​ពង្រឹង និង​ពង្រីក​នូវ​កិច្ច​សហប្រតិបត្តិ​លើ​វិស័យ​សំខាន់ៗ​ដូចជា កសិកម្ម ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និង​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​ជាដើម​។ លើសពីនេះ​កម្ពុជា​បាន​ត្រៀមខ្លួន​ជាស្រេច ដើម្បី​ជំរុញ​គម្រោង​ផ្លូវ​១​ខ្សែក្រវាត់​១ ជាមួយ​ប្រទេស​ចិន​ឲ្យ​បាន​ជោគជ័យ​។ ជាមួយគ្នានេះដែរ ប្រទេស​ទាំង​ពីនេះ ជំរុញ​ទំហំ​ពាណិជ្ជកម្ម​ឲ្យ​ឡើងដល់​១០​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ ២០២៣៕
 

Tag:
 Casino
  សង្គម
© រក្សាសិទ្ធិដោយ thmeythmey.com