ជាតិ
​​​ន​យោ​បាយ​ជាតិ​
សមាជិក​ព្រឹទ្ធសភា​បារាំង នឹង​ជួយ​និយាយ​ឲ្យ​អឺរ៉ុប គិត​ឡើងវិញ​ពី​ការដាក់​សម្ពាធ​លើ​កម្ពុជា​
05, Feb 2019 , 2:53 pm        
រូបភាព
រូបពី AKP៖ អ្នកស្រី ម៉ែន សំអន ជួប លោក François  Grosdidier
រូបពី AKP៖ អ្នកស្រី ម៉ែន សំអន ជួប លោក François Grosdidier
ដោយ: ថ្មីៗ
​លោក  François  Grosdidier  សមាជិក​ព្រឹទ្ធសភា​បារាំង​និង​ជា​អនុប្រធាន​ក្រុម​មិត្តភាព​ព្រឹទ្ធសភា​បារាំង​-​កម្ពុជា បាន​សន្យា​នៅ​ចំពោះមុខ​អ្នកស្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​រដ្ឋសភា​-​ព្រឹទ្ធសភា ថា លោក នឹង​ទៅ​ជួប​បណ្តា​ប្រទេស​ជា​សមាជិក​នៃ​សហភាព​អឺរ៉ុប ដើម្បី​ស្នើ​ឲ្យ​ពិនិត្យឡើងវិញ​ពី​ការដាក់​សម្ពាធមក​លើក​ម្ពុ​ជា​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា (AKP)​។


 
​ជំនួប​រវាង​អ្នកស្រី ម៉ែន សំអន និង លោក François  Grosdidier គឺធ្វើឡើង​កាលពី​ថ្ងៃទី​២ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​ទីស្តីការក្រសួង​ទំនាក់ទំនង​រដ្ឋសភា​-​ព្រឹទ្ធសភា​។ ការពិភាក្សា​របស់​អ្នក​ទាំង​២ ត្រូវបាន​លោក ណុប ចាន់ណា​រិន្ទ អ្នកនាំពាក្យ​ក្រសួង​ទំនាក់ទំនង​រដ្ឋសភា​-​ព្រឹទ្ធសភា ស្រង់​យកទៅ​ប្រាប់​អ្នកកាសែត នៅក្រោយ​បញ្ចប់​ជំនួប​នេះ​។​
 
​លោក ណុប ចាន់ណា​រិន្ទ ប្រាប់​អ្នកកាសែត​ថា លោក François  Grosdidier បានចាត់ទុក​ការលើកឡើង​របស់​សហ​ភាព​អឺរ៉ុប ថា​ជា​លេស​ពិតប្រាកដ ដើម្បី​ដាក់​គំនាប​មកលើ​កម្ពុជា តាមរយៈ​ការ​គំរាម​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA​។  
 
AKP បាន​ចុះផ្សាយ​ថា អ្នកស្រី ម៉ែន សំអន បាន​អរគុណ​ចំពោះ​ការយកចិត្តទុកដាក់​និង​ការគាំទ្រ​របស់​បារាំង មកលើ​កម្ពុជា​។ អ្នកស្រី បន្ដថា រដ្ឋាភិបាល​កម្ពុជា បាននិងកំពុង​ខិតខំ​បន្ថែមទៀត ក្នុងការ​ពង្រឹង​សន្តិភាព ការពារ​លទ្ធិប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិមនុស្ស​។ អ្នកស្រី ប្រា​ប់លោក François Grosdidier ថា រយៈពេល​២០​ឆ្នាំ​ចុង​ក្រោយនេះ ក្រោម​យុទ្ធសាស្ត្រ នយោបាយ​ឈ្នះ​ឈ្នះ របស់​ប្រមុខ​រដ្ឋាភិបាល ប្រទេសជាតិ បានទទួល​សុខសន្តិភាព​ពេញលេញ​។ 
 
​វា ជា​រឿង​គួរ​ឲ្យ​ព្រួយបារម្ភ​មួយ​ចំពោះ​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ចេញពី​កម្ពុជា​។ សហភាព​អឺរ៉ុប ត្រូវ​ចំណាយពេល​១​ឆ្នាំ ក្នុងការ​ពិនិត្យ​និង​ពិចារណា ហើយ​បន្ទាប់មក នឹង​សម្រេច​ជា​ផ្លូវការ​ថា​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​ឬ​មិន​ដក​។ មកដល់ពេលនេះ នីតិវិធី​នេះ បាន​ដំណើរការ​ជិត​កន្លះ​ឆ្នាំ​ហើយ​។​
 
EBA (Everything but Arms) គឺ​សំដៅលើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ លើ​ទំនិញ​និង​ផលិតផល​សព្វបែបយ៉ាង ដូចជា សម្លៀកបំពាក់ និង អង្ករ ជាដើម ដែល​កម្ពុជា នាំចូល​ទៅកាន់​ទីផ្សារ​អឺរ៉ុប ដោយ​លើកលែងតែ​អាវុធ​ប៉ុណ្ណោះ ដែល​មិន​រាប់បញ្ចូល​។ កម្ពុជា ជា​ប្រទេសមួយ ដែល​ទទួលបាន​ការអនុគ្រោះ​ពន្ធ EBA​។​
 
​ថ្មីៗ​នេះ សហភាព​អឺរ៉ុប បានសម្រេច​យកពន្ធ​លើ​អង្ករ​កម្ពុជា រយៈពេល​៣​ឆ្នាំ​ជាប់​គ្នា គឺ​នៅ​ឆ្នាំ​២០១៩ យក​ប្រមាណ​២០០​ដុល្លារ ក្នុង​មួយ​តោន នៅ​ឆ្នាំ​២០២០ យក​ប្រមាណ​១៧០​ដុល្លារ ក្នុង​១​តោន ហើយ​នៅ​ឆ្នាំ​២០២១ យក​ប្រមាណ​១៥០​ដុល្លារ ក្នុង​១​តោន​៕ 
 
 

Tag:
 បារាំង​
  កម្ពុជា​
  EU
  EBA
© រក្សាសិទ្ធិដោយ thmeythmey.com