ជាតិ
សេដ្ឋកិច្ច
កៅស៊ូធ្លាក់ថ្លៃធ្វើឲ្យការនាំចេញឆ្នាំមុនច្រើន តែបានចំណូលតិចជាងឆ្នាំ២០១៧ ចម្ការកៅស៊ូនៅឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ រូបថត លាង ដឺលុច
× ជ័រកៅស៊ូជិត២២ម៉ឺនតោន ត្រូវបាននាំចេញពីកម្ពុជាកាលពីឆ្នាំ២០១៨ ប៉ុន្តែមានទំហំទឹកប្រាក់ជិត២៦៤លានដុល្លារអាមេរិកប៉ុណ្ណោះ ខណៈកាលពីឆ្នាំ២០១៧ ការនាំចេញមានប្រមាណជិត១៨ម៉ឺនតោន ហើយមានទំហំទឹកប្រាក់រហូតដល់ទៅ៣០០លានដុល្លារអាមេរិកឯណោះ។ នេះបើយោងតាមរបាយការណ៍ប្រចាំឆ្នាំរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
របាយការណ៍ បង្ហាញឲ្យឃើញតម្លៃជ័រកៅស៊ូនៅលើទីផ្សារមានការធ្លាក់ចុះរវាងឆ្នាំ២០១៧ និងឆ្នាំ២០១៨។ ឆ្នាំ២០១៧ តម្លៃជ័រកៅស៊ូជាមធ្យម គឺ១ ៥៨៦ដុល្លារអាមេរិកក្នុង១តោន តែបានធ្លាក់មកត្រឹម១ ២១៣ដុល្លារអាមេរិកក្នុង១តោននៅឆ្នាំ២០១៨វិញ។
រយៈពេលមួយឆ្នាំពេញ ក្នុងឆ្នាំ២០១៨ កម្ពុជាបានសម្រេចក្នុងការនាំចេញកៅស៊ូ បានចំនួន ២១៧,៥០០តោន។ ចំនួននេះ គិតជាទំហំទឹកប្រាក់ប្រមាណ២៦៣,៨លានដុលា្លរ ដោយតម្លៃកៅស៊ូក្នុងឆ្នាំ២០១៨ គិតជាមធ្យម ១ ២១៣ដុល្លារ ក្នុងមួយតោន។
កាលឆ្នាំ២០១៧ កម្ពុជាបាននាំចេញជ័រកៅស៊ូបានត្រឹមតែ១៨,៨ម៉ឺនតោនប៉ុណ្ណោះ។ ប៉ុន្តែចំនួននេះ អាចលក់បានរហូតដល់តម្លៃសរុបប្រមាណ៣០០លានដុល្លារអាមេរិក ដោយកៅស៊ូចំនួនមួយតោនក្នុងឆ្នាំ២០១៧ មានតម្លៃ១,៥៨៦ដុល្លារ។
ក្នុងចំណោមកៅស៊ូនាំចេញសរុបខាងលើ មាន ៥៥០តោន បានពីចម្ការកៅស៊ូកសិឧស្សាហកម្មរដ្ឋ។ កៅស៊ូ ជាង៤២,៣ម៉ឺនតោន បានចម្ការកៅស៊ូកសិឧស្សាហកម្មឯកជននៃក្រុមហ៊ុនធំៗចំនួន៩ក្នុងប្រទេស និង ជាង១៧៤ម៉ឺនតោន បានពីក្រុមហ៊ុនវិនិយោគលើសម្បទានសេដ្ឋកិច្ច និងចម្ការកៅស៊ូគ្រួសារ។
ទីផ្សារនាំចេញកៅស៊ូចម្បងៗរបស់កម្ពុជារួមមាន ជប៉ុន កូរ៉េខាងត្បូង ម៉ាឡេស៊ី វៀតណាម សិង្ហបុរី និងចិន៕
© រក្សាសិទ្ធិដោយ thmeythmey.com