ក្រសួងធនធានទឹក និងឧតុនិយម ហាមប្រជាកសិករធ្វើស្រែប្រាំងជាលើកទី២ ខណៈកម្ពុជានឹងជួបឥទ្ធិពលបាតុភូត អែលនីណូ ដែលបង្កឲ្យអាកាសធាតុក្ដៅហួតហែង ក្នុងចន្លោះ ៤០ ឬ ៤២ អង្សា នៅពេលខាងមុខ។
លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម បាននិយាយថា កម្ពុជានឹងគ្មានបញ្ហាប្រឈមធ្ងន់ធ្ងរ ដោយសារបាតុភូត អែលនីណូ នោះទេ ព្រោះកម្ពុជាមានប្រភពទឹកច្រើន។ ប៉ុន្តែប្រជាកសិករក៏គួរតែចៀសវាងធ្វើស្រែប្រាំងជាលើកទី២ដែរ ព្រោះអាចជួបបញ្ហាខ្វះខាតទឹកប្រើប្រាស់ ដោយសារការស្តុកទឹកទុកមិនគ្រប់គ្រាន់សម្រាប់ពួកគេ។
ត្រង់ចំណុចនេះលោក យុត្ថា ស្នើឲ្យអាជ្ញាធរចែករំលែកព័ត៌មានទាក់ទងនឹងបញ្ហាទឹកសម្រាប់ធ្វើស្រែប្រាំងដល់ពលរដ្ឋ ដើម្បីឲ្យពួកគេចូលរួមសន្សំសំចៃទឹក សម្រាប់ប្រើប្រាស់នៅពេលឥទ្ធិពលបាតុភូត អែលនីណូ ចូលមកដល់នាពេលខាងមុខ។
ថ្លែងប្រាប់សារព័ត៌មានថ្មីៗ អ្នកនាំពាក្យក្រសួងធនធានទឹករូបនេះ បាននិយាយថា៖« បើពលរដ្ឋនៅធ្វើស្រូវប្រាំង ក្នុងរដូវប្រាំងនេះ(ប្រើប្រាស់ទឹក) មិនក្រោម ១,៣ ម៉ឺនម៉ែត្រគុបក្នុងមួយហិកតាទេ ដូច្នេះប្រើប្រាស់ទឹកច្រើនណាស់ ១,៣ ម៉ឺនម៉ែត្រគុបតិចណាស់ ទម្រាំបានស្រូវប្រាំងមួយហិកតា។ បើចូលរួមរក្សាបាន នោះបញ្ហាខ្វះទឹកប៉ះពាល់តិចតួចបំផុត។ បើបំផ្លាញប្រភពទឹកដែលមានស្រាប់នេះ យើងនឹងជួបបញ្ហាធ្ងន់ធ្ងរ»។
បើតាមលោក ចាន់ យុត្ថា បច្ចុប្បន្ននេះ មានស្រុកពីរនៅខេត្តបាត់ដំបង គឺស្រុកមោងឬស្សី និងស្រុកគាស់ក្រឡ ដែលមានប្រជាពលរដ្ឋជាង ២, ៨ ម៉ឺនគ្រួសារ កំពុងតែប្រឈមការខ្វះខាតទឹកប្រើប្រាស់ ប៉ុន្តែក្រសួងពាក់ព័ន្ធកំពុងតែចាត់វិធានការស្តារប្រឡាយបង្ហូរទឹកពីស្រុករតនៈមណ្ឌល ទៅស្រុកមោងឬស្សី ដែលមានចម្ងាយផ្លូវជិត១០០គីឡូម៉ែត្រ ដើម្បីសម្រួលដល់ប្រជាពលរដ្ឋឲ្យមានទឹកប្រើប្រាស់ឡើងវិញហើយ។
« ប្រភពទឹករបស់យើងនៅសល់ប្រមាណ ១០០លានម៉ែត្រគុប សម្រាប់អន្តរាគមន៍ក្នុងខេត្តបាត់ដំបងនេះ»។ នេះជាការបញ្ជាក់របស់លោក យុត្ថា ដែលបានបន្ថែមថា តំបន់ដែលប្រឈមនឹងកង្វះទឹកប្រើប្រាស់ខ្លាំងជាងគេ គឺតំបន់ទំនាបកណ្តាលភាគពាយ័ព្យ និងតំបន់ខ្ពង់រាបភាគខាងជើង។
ដើម្បីជួយដោះស្រាយបញ្ហាខ្វះទឹកប្រើប្រាស់របស់ប្រជាពលរដ្ឋនោះ ក្រសួងធនធានទឹក បានត្រៀមម៉ាស៊ីនបូមទឹក ២០០គ្រឿង, រថយន្តដឹងទឹកជាង ១០០ គ្រឿង រួមទាំងប្រេងសាំង ១,៥ លានលីត្រផង៕