ជាតិ
អចលនទ្រព្យ
អត្ថបទពាណិជ្ជកម្ម
កោះរ៉ុង ក្លាយជា​ទីក្រុង​ថ្មី​មួយទៀត សម្រាប់​កម្ពុជា​នៅ​ខែឧសភា​ឆ្នាំ​២០១៩
07, Feb 2019 , 3:11 pm        
រូបភាព
ដោយ: ថ្មីៗ
​បច្ចុប្បន្ន​កោះរ៉ុង គឺជា​តំបន់​ស្ថិតនៅក្រោម​រដ្ឋបាល​គ្រប់គ្រង​របស់​ខណ្ឌ​មិត្តភាព នៃ​ក្រុងព្រះសីហនុ​។ ប៉ុន្តែ​បើតាម​អនុក្រឹត្យ​ដែល​ចេញ​ដោយ​រាជរដ្ឋាភិបាល​កាលពី​ចុងខែ​មករា​កន្លងទៅ កោះរ៉ុង​នឹងត្រូវ​បង្កើត​ឲ្យ​ទៅជា​ទីក្រុង​មួយ​ដាច់ដោយឡែក​ពី​ក្រុងព្រះសីហនុ នៅ​ខែឧសភា​ឆ្នាំ​២០១៩ ដោយមាន​សង្កាត់​កោះរ៉ុង និង​សង្កាត់​កោះរ៉ុង​សន្លឹម​។​
 
​អ្នកជំនាញ​រំពឹងថា ការវិនិយោគ​នៅក្នុង​វិស័យ​ទេសចរណ៍​នឹង​កើនឡើង​យ៉ាងខ្លាំង បន្ទាប់ពី​កោះ​នេះ​ក្លាយទៅជា​ទីក្រុង​។ ទោះយ៉ាងណា​ពួកគេ​មានការ​ព្រួយបារម្ភ​លើ​ស្ថានភាព នៃ​ប័ណ្ណកម្មសិទ្ធិ ដីធ្លី​នៅលើ​កោះរ៉ុង និង​កោះរ៉ុង​សន្លឹម​។​
 
​កោះ​ទាំងពីរ​មាន​ផ្ទៃដី​សរុប​ជាង ១០០ គីឡូម៉ែត្រ​ការ៉េ និង​មាន​ទីតាំង​ស្ថិតនៅ​ចម្ងាយ​២៥​គីឡូម៉ែត្រ​ពី​តំបន់ឆ្នេរ​សមុទ្រ​នៃ​ក្រុងព្រះសីហនុ​។ បច្ចុប្បន្ន​កោះរ៉ុង​មាន​៤​ភូមិ និង​កោះរ៉ុង​សន្លឹម មាន​២​ភូមិ និង​មាន​ប្រជាជន​រស់​អចិន្ត្រៃយ៍​ប្រមាណ​ជាង ៤,០០០​នាក់​។ កោះ​ទាំង​២​នេះ​គឺជា​ទិសដៅ​ទេសចរណ៍​តំបន់ឆ្នេរ​សមុទ្រ​ដ៏​ធំ​បំផុត​នៅក្នុង​ប្រទេស​កម្ពុជា​។ ចំណែក​ភ្ញៀវ​ទេសចរណ៍​រាប់ពាន់នាក់​មកជា​រៀងរាល់ថ្ងៃ​។​


 
​លោក ឈឺ​ន ចន្ថា ដែលជា​ចៅសង្កាត់​កោះរ៉ុង​សន្លឹម​បាន​ស្វាគមន៍​ចំពោះ​គម្រោង​នេះ​។ លោក​បាន​សម្តែង​សេចក្តី​សង្ឃឹមថា​ការអភិវឌ្ឍ​វិស័យ​អចលនទ្រព្យ នឹង​ហូរ​ចូលក្នុង​តំបន់​នេះ កាន់តែច្រើន ហើយ​តម្លៃ​ដី​នឹង​កើនឡើង​ថែមទៀត​។ លោក ចន្ថា បាន​ពន្យល់ថា​នៅពេល​ក្រុង​ថ្មី​បង្កើតឡើង អគារ​រដ្ឋបាល​ជាច្រើន​នឹង​ត្រូវបាន​សាងសង់ ហើយ​សំណង់​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ក៏​នឹងត្រូវ​សាងសង់ឡើង​ផងដែរ​។​
 
​លោក ចន្ថា បាន​អះអាងថា​៖ «​ដី​នៅតាម​តំបន់​មាត់​ឆ្នេរសមុទ្រ នៅក្នុង​ភូមិ​កោះ​តូច នៃ​សង្កាត់​កោះរុងសន្លឹម​បច្ចុប្បន្ន​មានតម្លៃ​ជាង​១,០០០​ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​។ ដី​ដែល​ស្ថិតនៅ​ឆ្ងាយ​ពី​ឆ្នេរ​អាច មានតម្លៃ​ចន្លោះ​ពី​១០០​ទៅ​២០០​ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​។ ចំណែក​មួយចំនួនទៀត ដែល​គ្មាន​ប័ណ្ណកម្មសិទ្ធិ​អាចមាន​តម្លៃ​ចាប់ពី ២០ ទៅ ៥០ ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​»​។​
 
«​ជាទូទៅ​តំបន់​នេះ​មាន​ភាព​ទាក់ទាញ​សម្រាប់​វិស័យ​ទេសចរណ៍​។ ក្នុង​មួយ​ថ្ងៃជា​មធ្យម​មាន​ភ្ញៀវ​ទេសចរណ៍​ប្រមាណ​២,៥០០​នាក់ (​រដូវ​ពេញនិយម​មាន​រហូតដល់​៥,០០០​នាក់​ប៉ុន្តែ​រដូវ​ស្ងាត់​មាន​តិចតួច​ប៉ុណ្ណោះ​) ។ ប្រហែលជា​៧៥ ភាគរយ នៃ​ភ្ញៀវ​ទេសចរណ៍​បាន​ស្នាក់នៅ​យ៉ាងហោចណាស់​មួយ​យប់​នៅលើ​កោះ​» ។​នេះ​ជាការ​បញ្ជាក់​ពី​លោក ចន្ថា ដែល​បាន​បន្ថែមថា ផ្ទះ​ស្នាក់​នៅលើ​កោះ​នេះ មានតម្លៃ​ចាប់ពី ៥ ដុល្លារ​ក្នុង​មួយ​យប់ [​ផ្ទះ​ធម្មតា​របស់​ប្រជាជន​] និង​មាន​ដល់​តម្លៃ​រាប់រយ​ដុល្លារ​ក្នុង​មួយ​យប់​សម្រាប់​ផ្ទះ​ប្រភេទ​បឹង​កា​ឡូ​ប្រណិតៗ​។​


 
​លោក Brad King នាយក​គ្រប់គ្រង​របស់​ក្រុមហ៊ុន​អចលនទ្រព្យ​មួយ​នៅក្នុង​ខេត្ត​ព្រះសីហនុ​គឺ ក្រុមហ៊ុន Cambodia Real Estate បានឱ្យដឹងថា ៖ «​ការសម្រេច​ដាក់​កោះរ៉ុង និង​កោះរ៉ុង​សន្លឹម​ជាទី​ក្រុង នឹងធ្វើ​ឲ្យ​វិស័យ​អចលនទ្រព្យ​មាន​លក្ខណៈ​ល្អប្រសើរ​»​។​
 
​ទោះជា​យ៉ាងណាក៏ដោយ លោក King បាន​កត់សម្គាល់ថា​ទីផ្សារ​អចលនទ្រព្យ​នៅលើ​កោះ​ទាំងពីរ នៅមានកម្រិត​នៅឡើយ​។ លោក​បាន​សម្តែង​ការព្រួយបារម្ភ​អំពី ភាពជា​ម្ចាស់​កម្មសិទ្ធិ ស្របច្បាប់​នៅលើ​កោះ​ទាំងនេះ ដោយ​លោក​បន្ថែមថា ម្ចាស់​ដី​ភាគច្រើន​ទុក​ដី​ឲ្យ​ទំនេរ ដោយ​មិន​ធ្វើការ​សាងសង់​អ្វី​ឡើយ​។​
 
​លោក​បាន​និយាយថា ៖ «​អ្នកភូមិ​ភាគច្រើន​មិនទាន់មាន​ប្លង់​កម្មសិទ្ធិ​លើដី​របស់ខ្លួន​នៅឡើយ​”​។ លោក​ក៏បាន​បន្ថែម​ដែរ​ថា ៖«​វិនិយោគិន​កំពុង​រង់ចាំ​ប្លង់​កម្មសិទ្ធិ​ស្របច្បាប់ មុនពេល​ពួកគេ​វិនិយោគ​គម្រោង​ធំៗ​ដូចជា​សណ្ឋាគារ និង​អា​ផាត​មេន​ជាដើម​»​។​
 
​បច្ចុប្បន្ន​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប​គឺជា​អ្នក​អភិវឌ្ឍន៍​ដ៏​សំខាន់​មួយ​នៅលើ​កោះរ៉ុង​។ ក្រុមហ៊ុន​នេះ​បាន​បង្កើត រមណីយដ្ឋាន​ដ៏​ប្រណិត​មួយ​នៅលើ​កោះ​នេះ ដែលមាន​ឈ្មោះថា Royal Sand Resort​។​
 
​ទាក់ទង​នឹង​ការចេញ​ប្លង់រឹង​ជូន​ពលរដ្ឋ  លោក ចន្ថា បាន​ឲ្យ​ដឹងថា​នៅក្នុង​តំបន់​គ្រប់គ្រង​របស់លោក  មួយ​ភាគបី​នៃ​ប្លង់​កម្មសិទ្ធិ​សរុប​ត្រូវ​បានចេញ​ជូន​ឲ្យ​ពលរដ្ឋ​រួចរាល់​។​
 
​លោក King ដែល​បាន​អភិវឌ្ឍ​គម្រោង​អា​ផាត​មេន​មួយ​នៅលើ​កោះរ៉ុង​បាន​និយាយថា​៖ « ការសាងសង់​ត្រូវ​ចំណាយពេល​យូរ និង​មានការ​ពិបាក​។ នេះ​ប្រហែលជា​មូលហេតុ​មួយ ដែល​ម្ចាស់​ដី​មិន​មានបំណង​ធ្វើការ​វិនិយោគ និង​ត្រូវ​រង់ចាំ​រហូតដល់​មាន​ការចេញ​ប្លង់រឹង​ស្របច្បាប់ ឲ្យ​ជាមុនសិន​»​។​
 
«​ខ្ញុំ​ត្រូវ​ចំណាយពេល​ដឹក​សម្ភារៈ​តាម​ទឹក​រហូតដល់​៦០​ជើង ដើម្បី​សាងសង់​គម្រោង​អា​ផាត​មេន​របស់ខ្ញុំ​»​។  លោក​បាន​បន្ថែមថា​តម្លៃ​ដី​ក៏​ស្រដៀង​នឹង​ក្រុងព្រះសីហនុ​ដែរ ជាក់ស្តែង​ដី​មាត់​ឆ្នេរ មានតម្លៃ ២,៤០០ ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​។​
 
​លោក​បាន​អះអាងថា ប្រសិនបើ​ប័ណ្ណកម្មសិទ្ធិ​ស្របច្បាប់​នោះ​នឹងមាន​អ្នកទិញ​ចូលមក​កាន់តែច្រើន​។ «​គ្មាន​នរណាម្នាក់​ចង់​ទិញ ឬ​វិនិយោគ​លើដី​ដែល​មិនមាន​កម្មសិទ្ធិ​ស្របច្បាប់​ឡើយ​»​។​
 
​មាន​ទស្សនៈ​ស្រដៀង​លោក King ដែរ លោក ឌិន សកល នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Universal Real Estate បាន​និយាយថា​ការទិញ​លក់​ដីធ្លី​នៅលើ​កោះរ៉ុង ហាក់​មាន​សភាព​ទ្រឹង​ក្នុងពេល​បច្ចុប្បន្ន​។ លោក​ជឿថា​ការបង្កើត​ជាទី​ក្រុង​ថ្មី វា​នឹង​ជួយ​បង្កើន​សកម្មភាព​អចលនទ្រព្យ​នៅលើ​តំបន់​កោះ​នេះ​ឡើងវិញ​។​
 
​លោក សកល បាន​និយាយថា​៖ «​ក្រុង​ថ្មី​នឹង​ធ្វើឱ្យ​វិនិយោគិន​មាន​ទំនុកចិត្ត​កាន់តែខ្លាំង​។ ទន្ទឹមនឹង​នេះដែរ​តម្លៃ​ជួល​នឹង​កើនឡើង ចំណែក​សេវាកម្ម​ក៏​នឹង​ត្រូវធ្វើ​ឲ្យ​មាន​ភាពល្អប្រសើរ​ថែមទៀត ដើម្បី​បំពេញ​តាម​តម្រូវការ​របស់​ភ្ញៀវ​ទេសចរណ៍ ដែល​កើនឡើង​»​។​
 
​លោក​ចន្ថា​បាន​យល់ស្រប​ចំពោះ​ការព្រួយបារម្ភ​ជុំវិញ​ប្លង់​កម្មសិទ្ធិ ក្រោយពី​លោក​ក៏​ពិនិត្យឃើញថា​អាទិភាព​មួយចំនួនទៀត​ដូចជា​៖ កង្វះខាត​ហេដ្ឋារចនាសម្ព័ន្ធ​ការគ្រប់គ្រង​កាកសំណល់ នៅមានកម្រិត និង​ការកាប់​ឈើ និង​ការនេសាទ​ខុសច្បាប់ គឺជា​កត្តា​សំខាន់ៗ​ដែល​រារាំង​ដ៏​ភាព​រីកចម្រើន​នៅលើ​កោះ​ទាំងមូល​។​
 
​គួរ​រំលឹក​ដែរ​ថា ក្រៅពី​ការប្តូរ​កោះរ៉ុង​ទៅជា​ទីក្រុង រដ្ឋាភិបាល​ក៏​បង្កើត​ខណ្ឌ​ថ្មី​ចំនួន​ពីរ​បន្ថែមទៀត នៅក្នុង​ទីក្រុង​ភ្នំពេញ​រួមមាន​៖ ខណ្ឌ​បឹង​កេងកង និង​ខណ្ឌ​កំបូល​។ នេះ​បើតាម​អនុក្រឹត្យ​ដដែល​៕
 
​ប្រភព​៖ Realestate.com.kh!
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com