ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក​សម រង្ស៊ី ហៅ​ខ្មែរ​ចូល​ស្រុក​ដើម្បី​ផ្លាស់​ប្តូរ​, សម្តេច​ហ៊ុន សែន ថា​មិន​ឲ្យ​មាន​វិនាសកម្ម​ជាថ្មី​ឡើយ​
07, Feb 2019 , 9:59 pm        
រូបភាព
រូបពី AFP
រូបពី AFP
ដោយ: ថ្មីៗ
​មាន​សារ​នយោបាយ​ពីរ បាន​លេចឡើង​រវាង​លោក សម រង្ស៊ី មេដឹកនាំ​ប្រឆាំង​ដែល​កំពុង​និរទេស​នៅក្រៅ​ប្រទេស និង សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រធាន​គណបក្សកាន់អំណាច ដោយ​ម្នាក់ ប្តេជ្ញា​ផ្លាស់ប្តូរ តែ​ម្នាក់ទៀត ប្រកាស​ទប់ស្កាត់​។


 
​លោក សម រង្ស៊ី កំណត់​កាលបរិច្ឆេទ​ត្រឡប់មក​កម្ពុជា​វិញ​នៅ​ឆ្នាំ​២០១៩​នេះ ប៉ុន្តែ លោក មិនមែន​មក​តែម្នាក់ឯង​ទេ​។ លោក និង សហការី កំពុង​ដើរ​បំផុសបំផុល​អ្នកគាំទ្រ​នៅក្រៅ​ប្រទេស ឲ្យ​ធ្វើ​មាតុភូមិ​និវត្ត​មួយក្រុម​លោក ដើម្បី​រួម​កម្លាំង​ជាមួយ​អ្នក​នៅក្នុង​ស្រុក​។  
 
​មេដឹកនាំ​ប្រឆាំង​រូបនេះ ប្តេជ្ញា​ថា នឹងធ្វើ​ឲ្យ​កម្ពុជា មានការ​ផ្លាស់ប្តូរ​ឲ្យ​បាន នៅក្នុង​ឆ្នាំ​២០១៩​នេះ​។ លោក ថែមទាំង​និយាយ​បែប​បំភ័យ​ទៀតថា លោក មិនមែន​មក​កម្ពុជា ដើម្បី​ឲ្យ​សម្តេច ហ៊ុន សែន ចាប់​ឡើយ តែ​លោក​វិញ​ទេ ដែល​នឹង​ចាប់​សម្តេច ហ៊ុន សែន​។​
 
«​ខ្មែរ​នៅ​ថៃ​រាប់លាន​នាក់ នៅ​ម៉ាឡេស៊ី​រាប់ម៉ឺន​នាក់ នៅ​កូរ៉េ​រាប់ម៉ឺន​នាក់ នៅ​សហរដ្ឋអាមេរិក​រាប់​សែ​នាក់ នៅ​បារាំង​រាប់សែន​នាក់ នៅ​កាណាដា​រាប់ម៉ឺន​នាក់ នៅ​អូស្ត្រាលី​រាប់ម៉ឺន​នាក់ នៅ​ប្រទេស​ដទៃទៀត​រាប់ម៉ឺន​នាក់ យើង​នឹង​ទៅ​ស្រុក​យើង​វិញ ដើម្បី​យក​ប្រទេស​យើង​វិញ​.....»​។ នេះ​ជា​សារ​របស់លោក សម រង្ស៊ី ដែល​ថ្លែង​ទៅកាន់​អ្នកគាំទ្រ​ក្នុង​វេទិកា​មួយ នៅ​សហរដ្ឋអាមេរិក កាលពី​ថ្ងៃទី​៣ ខែកុម្ភៈ ឆ្នាំ​២០១៩​កន្លងទៅ​។ 
 
​ស្របពេល​លោក សម រង្ស៊ី កំពុង​ដើរ​បបួល​និង​បញ្ចុះបញ្ចូល​ខ្មែរ​នៅក្រៅ​ប្រទេស​ឲ្យ​ចូល​ស្រុក ដើម្បី​ផ្លាស់ប្តូរ សម្តេច ហ៊ុន សែន ក៏​រម្លឹក​ពី​សន្តិភាព​នៅ​កម្ពុជា​។ តាមពិតទៅ នាយករដ្ឋមន្ត្រី រម្លឹក​ពី​សន្តិភាព​នាពេលនេះ គឺ​ភ្ជាប់​ជាមួយ​ឱកាស​ចូលឆ្នាំថ្មី​ប្រពៃណី​ចិន ដោយ​ចង់​បញ្ជាក់ថា ដោយសារតែ​កម្ពុជា មាន​សន្តិភាព​នេះហើយ ទើប​ប្រជាពលរដ្ឋ​ខ្មែរ អាច​មានឱកាស​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំ​ចិន និង​ពិធីបុណ្យ​ផ្សេងៗ​ទៀត​។ 
 
​ប៉ុន្តែ សារ​របស់​នាយករដ្ឋមន្ត្រី ក៏​ស្រប​នឹង​ផែន​ការចូល​ស្រុក​របស់លោក សម រង្ស៊ី ដែរ​។ តាមរយៈ​សារ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក ប្រមុខ​រដ្ឋាភិបាល បាន​សរសេរ​ក្នុងន័យ​ប្តេជ្ញាចិត្ត​យ៉ាង​ដូច្នេះ​ថា​៖«​នៅក្រោម​ការដឹកនាំ​រប​ស់​ខ្ញុំ គឺ​ដាច់ខាត​មិន​ឲ្យ​កម្ពុជា​វិល​ទៅរក​សង្គ្រាម​វិនាសកម្ម​សារជាថ្មី​ឡើយ ទោះបី​ក្នុង​រូបភាព​ណាក៏ដោយ​....»​។ 
 
​ក្រោយ​ប្រមុខ​រដ្ឋាភិបាល ប្តេជ្ញាចិត្ត​បែបនេះ លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រដ្ឋាភិបាល ក៏​ចេញ​សេចក្តីថ្លែងការណ៍ ដើម្បី​បង្ហាញ​ការគាំទ្រ​។ លោក សរសេរ​ក្នុង​សេចក្តីថ្លែងការណ៍ បែបនេះ​ថា​៖«​ការិយាល័យ​អ្នកនាំពាក្យ សូម​សម្តែង​មោទកភាព​និង​សេចក្តី​គោរព​បំផុត ក្នុងការ​ប្តេជ្ញាចិត្ត​រប​ស់ស​ម្តេច​តេ​ជោ​.....​។ នេះ​ជា​ឧ​ត្ត​ម​គតិ​ជាតិ​ពិត និង​ជា​សេចក្តី​ចង់បាន​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់គ្នា​»​។​
 
​ចំណែក លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្សកាន់អំណាច បន្ត​សើចចំអក​ឲ្យ​លោក សម រង្ស៊ី ស្ទើរ​រាល់ថ្ងៃ​។ លោក ហ៊ាន​អះអាងថា លោក សម រង្ស៊ី នឹងត្រូវ​ចាប់ខ្លួន នៅ​ព្រលានយន្តហោះ​តែម្តង ឲ្យ​តែ​មកដល់​កម្ពុជា តែ​លទ្ធភាព ដែល​លោក សម រង្ស៊ី ចាប់​សម្តេច ហ៊ុន សែន គឺ​អត់​មាន​ទេ​។​
 
​អ្នកនាំពាក្យ​គណបក្សកាន់អំណាច​រូបនេះ សរសេរ​ក្នុង​បណ្តាញ​ទំនាក់ទំនង​តេ​ឡេ​ក្រាម​ថា​៖«​គ្មាន​ឡើយ ដែល​ទណ្ឌិត សម រង្ស៊ី មក​ចាប់​សម្តេច​តេ​ជោ ហ៊ុន សែន មានតែ​ចូលមក​ឲ្យ​សម្តេច​ចាប់ខ្លួន​ទណ្ឌិត​នេះ​ទៅវិញ​ទេ ដោយមាន​សាលក្រម​ចាប់ខ្លួន​ពី​តុលាការ និង​សមត្ថកិច្ច​បាន​ត្រៀមលក្ខណ​សម្បត្តិ​គ្រប់គ្រាន់​រួចហើយ​»​។​
 
​ក្រុម​អ្នកប្រឆាំង មិន​ត្រឹមតែ​អំពាវនាវ​ឲ្យ​អ្នកគាំទ្រ​នៅតាម​បណ្តា​ប្រទេស​នានា ចូល​ស្រុក​ជាមួយ​លោក សម រង្ស៊ី ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ដាក់​ផែនការ​ឲ្យ​មន្ត្រី​ខ្លួន ដើរ​កៀងគរ​កម្លាំង​អ្នកគាំទ្រ​ក្នុងស្រុក ឲ្យ​ចាំ​ទទួល​ថែមទៀត​។ លើសពីនេះ ក្រុមប្រឆាំង កំពុងតែ​ដើរ​ប្រមូល​ថវិកា​ឲ្យ​បាន​យ៉ាងតិច​៣០​ម៉ឺន​ដុល្លារ សម្រាប់​ការធ្វើ​មាតុភូមិ​និវត្ត​របស់លោក សម រង្ស៊ី​៕ 

Tag:
 សម រង្ស៊ី​
  ផ្លាស់ប្តូរ​
  ហ៊ុន សែន​
  សន្តិភាព
© រក្សាសិទ្ធិដោយ thmeythmey.com