ជាតិ
​​​ន​យោ​បាយ​ជាតិ​
ប៉ូលិស​ឈរជើង​គ្រប់​ព្រលានយន្តហោះ​និង​ព្រំដែន ដើម្បី​ចាំ​ចាប់​លោក សម រង្ស៊ី​
08, Feb 2019 , 12:19 pm        
រូបភាព
លោក គៀត ច័ន្ទថារិទ្ធ (កណ្តាល) ចុះទៅដាក់ឲ្យដំណើរការច្រកទ្វារ E-gates នៅព្រលានយន្តហោះភ្នំពេញអន្តរជាតិ កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៩។ រូបពីអគ្គនាយកអន្តោប្រវេសន៍
លោក គៀត ច័ន្ទថារិទ្ធ (កណ្តាល) ចុះទៅដាក់ឲ្យដំណើរការច្រកទ្វារ E-gates នៅព្រលានយន្តហោះភ្នំពេញអន្តរជាតិ កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៩។ រូបពីអគ្គនាយកអន្តោប្រវេសន៍
ដោយ: ថ្មីៗ
​មិនមែនព្រមាន​តែ​មាត់​ទេ សមត្ថកិច្ចផ្នែកអន្តោប្រវេសន៍ បាន​ត្រៀមលក្ខណៈ​និង​រៀបចំ​កម្លាំង​រួចរាល់​អស់ហើយ នៅតាម​ច្រកទ្វារ​អាកាសយានដ្ឋាន​អន្តរជាតិ និង​ច្រកទ្វារព្រំដែន ដើម្បី​ចាប់​លោក សម រង្ស៊ី មេដឹកនាំ​ប្រឆាំង ដែល​កំពុង​និរទេស និង​បានប្រកាស​វិល​មក​កម្ពុជា​វិញ​ក្នុង​ឆ្នាំ​២០១៩​នេះ​។


 
​នាយ​ឧ​ត្ត​ម​សេនីយ៍  គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បានធ្វើ​លិខិតផ្ញើទៅ​អគ្គនាយករង និង​ប្រធាននា​យក​ដ្ឋា​ន​ដែល​ចំណុះ​ឲ្យ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ឲ្យ​អនុវត្ត​ដីការ​របស់​តុលាការ ដែល​បង្គាប់​ឲ្យ​ចាប់​លោក សម រង្ស៊ី ពេលមកដល់​កម្ពុជា​។ 
 
​តាមរយៈ​លិខិត​ដែល​ធ្វើឡើង​តាំងពី​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០១៩ លោក គៀត ច័ន្ទ​ថា​រិ​ទ្ធ បាន​បញ្ជា​ទៅ​មន្ត្រីក្រោមឱវាទ​យ៉ាង​ដូច្នេះ​ថា​៖«​អគ្គនាយករង និង​ប្រធាន​នាយកដ្ឋាន​ពាក់ព័ន្ធ ​ពិសេសនៅតាម​គោលដៅ​ច្រកទ្វារ​អាកាសយានដ្ឋាន​អន្តរជាតិ និង​ច្រកទ្វារព្រំដែន​អន្តរជាតិ ត្រូវ​ចាត់វិធានការ​អនុវត្ត និង​សហការ​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​»​។ 
 
​មេ​នគរបាល​ផ្នែក​អន្តោប្រវេសន៍​រូបនេះ ប្រាប់​សារព័ត៌មាន​ថ្មីៗ​បន្ថែម តាម​ទូរ​សព្ទ​ថា​៖«​កម្លាំង​របស់​យើង នៅ​ទីនោះ​ស្រាប់​ហើយ​។ ខ្ញុំ គ្រាន់តែ​អនុវត្ត​ដីកា​ប៉ុណ្ណោះ​។ បើ​មិន​អនុវត្ត ម៉េច​ហៅថា​អនុវត្ត​ច្បាប់​»​។​
 
​ប​ច្ច​ប្បន្ន​នេះ ក្រុម​អ្នកប្រឆាំង និង​ក្រុម​អ្នកកាន់អំណាច កំពុង​ឆ្លើយឆ្លង​គ្នា​ពី​ការធ្វើ​មាតុភូមិ​និវត្ត​របស់លោក សម រង្ស៊ី​។ 
 
​លោក សម រង្ស៊ី ឃោសនា​ថា លោក នឹង​ចូល​កម្ពុជា ហើយ​ធ្វើ​ឲ្យ​កម្ពុជា ឈានទៅរក​ការផ្លាស់ប្តូរ​ឲ្យ​បាន​ដាច់ខាត នៅត្រឹម​ឆ្នាំ​២០១៩​នេះ ដែល​លោក ហៅថា​ជា​ឱកាស​និង​កាលៈទេសៈ​ល្អ​បំផុត​។ ប៉ុន្តែ លោក មិនមែន​មក​តែឯង​ឬ​មកជា​មួយ​បក្ខពួក​ប៉ុន្មាន​នាក់នោះទេ ដោយ​លោក អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ នៅតាម​បណ្តា​ប្រទេស​នានា ធ្វើដំណើរ​មកជា​មួយ​លោក​ដែរ​។ 
 
​ក្រៅពី​ដើរ​បបួល​ខ្មែរ​នៅក្រៅ​ប្រទេស ក្រុម​ថ្នាក់ដឹកនាំ​ប្រឆាំង ក៏បាន​ដាក់​ផែនការ​និង​បញ្ជា​ពី​ក្រៅប្រទេស​មកកាន់​មន្ត្រី​របស់ខ្លួន​នៅក្នុង​ស្រុក ឲ្យ​ដើរ​កៀងគរ​កម្លាំង​អ្នកគាំទ្រ ដើម្បី​ត្រៀម​ទទួល​លោក សម រង្ស៊ី​។ លើសពីនេះ អ្នកប្រឆាំង​នៅក្រៅ​ប្រទេស កំពុងតែ​ស្វែងរក​ថវិកា​ពី​អ្នកគាំទ្រ ឲ្យ​បាន​យ៉ាងតិច​៣០​ម៉ឺន​ដុល្លារ សម្រាប់​ការវិលត្រឡប់​របស់លោក សម រង្ស៊ី​។ 
 
​លោក សម រង្ស៊ី រង​ការព្រមាន​ជាប់​ខ្លួន​មិនតិច​ដង​ទេ ពី​សំណាក់​មេដឹកនាំ​កាន់អំណាច​កំពូល គឺ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។ ប្រមុខ​រដ្ឋាភិបាល ធ្លាប់​ព្រមាន​ថា គុក​និង​ខ្នោះ ត្រៀម​រួចរាល់​ហើយ ហើយ​ថែមទាំង​ប្រកាស​ជា​សាធារណៈ​ថា ចាំមើល​ខ្លួន នឹង​ចាត់ការ​របៀប​ណា ពេល​លោក សម រង្ស៊ី មកដល់​ស្រុក​ខ្មែរ​។ 
 
​ទាំង​អ្នកនាំពាក្យ​គណបក្សកាន់អំណាច និង អ្នកនាំពាក្យ​រដ្ឋាភិបាល សុទ្ធតែ​ព្រមាន​តាម​ក្រោយ​មេដឹកនាំ​របស់ខ្លួន ថា​លោក សម រង្ស៊ី នឹងត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន ពេលមកដល់​កម្ពុជា​៕  

Tag:
 សម រង្ស៊ី​
  គៀត ច័ន្ទ​ថា​រិ​ទ្ធ​
© រក្សាសិទ្ធិដោយ thmeythmey.com