ជាតិ
អភិបាលខេត្ត​ព្រះសីហនុ ផ្អាក​អាជីវកម្ម​សណ្ឋាគារ​២ ក្រោយ​មិន​អនុវត្តតាម​អាជ្ញាធរ​
08, Feb 2019 , 2:50 pm        
រូបភាព
រូបពីហ្វេសប៊ុករដ្ឋបាលខេត្តព្រះសីហនុ
រូបពីហ្វេសប៊ុករដ្ឋបាលខេត្តព្រះសីហនុ
​ភ្នំពេញ​៖ អភិបាលខេត្ត​ព្រះសីហនុ បានសម្រេច​ផ្អាក​អាជីវកម្ម​របស់​សណ្ឋាគា​រ​ចំនួន​ពីរ ដែល​បាន​អនុវត្ត​សកម្ម​មិន​ត្រឹមត្រូវ តាម​គោលការណ៍​ណែនាំ​របស់​អាជ្ញាធរ​។​

 
​សណ្ឋាគារ​ទាំងពីរ ដែល​ខាង​អាជ្ញាធរខេត្ត បាន​ផ្អាក​សកម្មភាព​អាជីវកម្ម​បណ្ដោះអាសន្ន​នេះ មាន​ឈ្មោះថា សណ្ឋាគារ Legend Online និង​សណ្ឋាគារ Ly Hao Inter national Hotel​។ មូល​ហេតុដែល​អភិបាល​ខេត្ត​ព្រះសីហនុ បញ្ជា​ឲ្យ​បិទ​អា​ជី​កម្ម​សិន​នេះ ដោយសារតែ​សណ្ឋាគារ​ទាំងពីរ មិន​ព្រម​រៀបចំ​អាង​ប្រព្រឹត្ត​ទឹក​កខ្វក់​ឲ្យ​បាន​ត្រឹមត្រូវ តាម​គោលការណ៍​រដ្ឋបាលខេត្ត​។​
 
​លិខិត​ដោយឡែក​ចុះ​ថ្ងៃទី​៨ កុម្ភៈ ដែល​លោក យន្ត មីន បាន​ផ្ញើ​ទៅខាង​ម្ចាស់​សណ្ឋាគារ​ទាំងនេះ បានបញ្ជាក់​ដូច្នេះ​ថា​«​សណ្ឋាគារ​ខាងលើ មាន​អាង​ស៊ិ​ប​ទិច តែ​ពុំទាន់​មាន​អាង​ប្រព្រឹត្ត​ទឹក​កខ្វក់ ហើយ​ម្ចាស់​ទីតាំង​បាន​ឯកភាព ចំពោះ​ការណែនាំ​របស់​ក្រុមការងារ និង​បាន​សន្យាថា អនុវត្តតាម​ការណែនាំ​ដែលមាន​ក្នុង​ខ្លឹមសារ​កំណត់ហេតុ​…​ម្ចាស់​សណ្ឋាគារ​នៅតែ​មិនទាន់​អនុវត្តតាម​ការណែនាំ​នៅ​ឡើយ​» ។​
 
 
​កន្លងមក​រដ្ឋបាលខេត្ត​ព្រះសីហនុ បាន​ជំរុញ​ឲ្យ​ម្ចាស់​ទីតាំង​ឧស្សាហកម្ម​ទេសចរណ៍ អាគា​ពាណិជ្ជកម្ម​ធំៗ ផ្ទះសំណាក់ សណ្ឋាគារ ភោជនីយដ្ឋាន​ទាំងឡាយ ធ្វើ​អាង​ប្រព្រឹត្តិកម្ម ដើម្បី​ចម្រោះ​ជាតិពុល​សិន មុននឹង​បង្ហូរ​ចូលទៅ​លូ និង​បង្ហូរ​ទៅ​សមុទ្រ ។ តែ​បញ្ហា​នេះ​ម្ចាស់​ទីតាំង​អាជីវកម្ម​ភាគច្រើន នៅ​មិនទាន់បាន​សហការ​នៅឡើយ​។ ប៉ុន្តែ​ដើម្បី​ដោះស្រាយ​បញ្ហា​ទឹក​កខ្វក់​នេះ អាជ្ញាធរខេត្ត បាន​សាងសង​ស្ថានីយ៍​បូមទឹក​កខ្វក់​៤​កន្លែង ដើម្បី​បូមទឹក​សំណល់​រាវ​បញ្ចូល​ទៅ​អាង​ចម្រោះ មុននឹង​បង្ហូរ​ចូលទៅ​សមុទ្រ​។​
 
​ស្ថានីយ៍​បូម​ទាំង​៤​នេះ រួមមាន​ទី​១ នៅក្បែរ​អគារ​សណ្ឋាគារ​អេ​ម៉ា​រី​យ៉ូ ស្ថិតក្នុង​សង្កាត់​លេខ​៣ ។ ទី​២ ស្ថិត​នៅជាប់​បរិវេណ​ស​ណ្ឋា​គារ​សុខា​។ ទី​៣ ស្ថិតនៅ​ក្បែរ​អូរ នៃ​អគា ឌី ស៊ី​ហ៊ូ និង​ទី​៤ ស្ថិតនៅ​ម្តុំ​ទីតាំង​ផ្លូ​ចុះទៅ​ផែ​អូប័រ​ទៅ​កោះរ៉ុង ដើម​ឆ្នេរ​អូរ​ឈើទាល ។​
 
​ការសាងសង​ស្ថានីយ៍​បូមទឹក​កខ្វក់​យកទៅ​ចម្រោះ​នេះ ធ្វើឡើង​ក្រោយ​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី បាន​ដឹកនាំ​កិច្ចប្រជុំ​ធំ​មួយ ដើម្បី​សិក្សា​រៀបចំ​ស្ថានីយ៍​បូមទឹក​កខ្វក់ និង​ប្រព័ន្ធ​រំដោះ​ទឹក​កខ្វក់ ក្នុង​ខេត្ត​ព្រះសីហនុ កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៨​។ តាមរយៈ​កិច្ចប្រជុំ​នេះ អន្តរក្រសួង បាន​ឯកភាពគ្នា​រៀបចំ​ស្ថានីយ​ពិពិធ​កម្ម​ចម្រោះ​ទឹក​កខ្វក់ ដើម្បី​ការពារ​បរិស្ថាន ដោយ​មិន​ឲ្យ​ប៉ះពាល់​ដល់​ឆ្នេរសមុទ្រ​។​
 
​បញ្ហា​បរិស្ថាន​ក្នុង​ខេត្ត​ព្រះសីហនុ ដែល​រង​ការរិះគន់​កន្លងមក គឺជា​គំរូ​អវិជ្ជមាន​មួយ សម្រាប់​ជា​មេរៀន​ដល់​ការអភិវឌ្ឍន៍​នៅ​ខេត្ត​ផ្សេងៗ​ទៀត​។ នេះ​ជាការ​បញ្ជាក់​របស់​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន ដែល​បាន​បន្ថែមថា បញ្ហា​នេះ​កើតឡើង​ក៏​ព្រោះតែ​គំហុក​នៃ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​នៅ​តំបន់​នោះ ខណៈដែល​រដ្ឋាភិបាល​មិនទាន់​រៀបចំ​បាន​រួចរាល់​។​
 
​បើតាម​លោក នេត្រ ភក្ត្រា បញ្ហា​បរិស្ថាន​នៅ​ខេត្ត​ព្រះសីហនុ ពិសេស​ការបង្ហូរ​សំណល់​ចូល​សមុទ្រ នឹង​ត្រូវបាន​ដោះស្រាយ​នាពេលខាងមុខ ព្រោះ​រដ្ឋាភិបាល​កំពុង​រៀ​ប​ចំ​ហេដ្ឋារចនាសម្ព័ន្ធ អាង​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់ និង​គ្រប់គ្រង​អាជីវកម្ម សំណង់ យ៉ាង​យកចិត្តទុកដាក់​៕

Tag:
 យន្ត មីន​
  អនាម័យ
© រក្សាសិទ្ធិដោយ thmeythmey.com