លើកមុនសមត្ថកិច្ចខេត្តព្រះសីហនុ សង្ស័យថា មានជនបាតដៃទី៣ ជាអ្នលលួចបាញ់ប្រជាពលរដ្ឋ ដែលទៅតវ៉ារឿងដីធ្លី ដើម្បីទម្លាក់កំហុសឲ្យសមត្ថកិច្ច។ ប៉ុន្តែ លើកនេះ សមត្ថកិច្ច បែរជាបកស្រាយថា ប្រហែលជាគ្រាប់កាំភ្លើងរបស់សមត្ថកិច្ច ដែលបាញ់ឡើងទៅលើ ហើយធ្លាក់មកវិញ ក៏ត្រូវប្រជាពលរដ្ឋ។
ដើម្បីបំភ្លឺឲ្យសាធារណជន បានយល់ច្បាស់ពីទំនាស់ដីធ្លីនៅខេត្តព្រះសីហនុ ដែលកើតឡើងប៉ុន្មានសប្តាហ៍មកនេះ រហូតដល់មានអំពើហិង្សារវាងប្រជាពលរដ្ឋនិងសមត្ថកិច្ច លោក ផៃ ប៊ុនវណ្ណៈ អភិបាលរងខេត្តព្រះសីហនុ ដែលជាអ្នកទទួលបញ្ជាដឹកនាំកម្លាំងដោះស្រាយបញ្ហានេះ ក៏សម្រេចធ្វើសន្និសីទកាសែត នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៩។
នៅចំពោះមុខក្រុមអ្នកកាសែត ដោយមានការចូលរួមពីសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ផងនោះ លោក ផៃ ប៊ុនវណ្ណៈ សារភាពត្រង់ៗថា កម្លាំងសមត្ថកិច្ច ពិតជាបានបាញ់កាំភ្លើងប្រមាណ២០គ្រប់ ឡើងទៅលើ ក្នុងពេលប្រឈមមុខដាក់គ្នាជាមួយប្រជាពលរដ្ឋ។ លោក ថ្លែងការពារសមត្ថកិច្ចថា ដំបូងឡើយ សមត្ថកិច្ច គ្មានចេតនាប្រើប្រាស់អាវុធឬក៏ចង់ឲ្យកើតអំពើហិង្សានោះទេ ប៉ុន្តែ ដោយសារតែខាងប្រជាពលរដ្ឋ ជាអ្នកផ្តើមមុន ដោយកែនគ្នីគ្នារាប់រយនាក់ ទៅតវ៉ា រហូតមានដុតកង់ឡាន គប់ដបសាំង ដប់ដុំថ្ម និងបាញ់ចម្ពាម លើក្រុមសមត្ថកិច្ច ដែលបណ្តាលឲ្យឆេះអេស្កាវ៉ាទរ និងឆេះឡានទឹក ទើបកម្លាំងសមត្ថកិច្ច សម្រេចបាញ់កាំភ្លើងឡើងលើ ដើម្បីឲ្យប្រជាពលរដ្ឋ បញ្ឈប់អំពើហិង្សា។
អភិបាលរងរូបនេះ សន្និដ្ឋានថា ទំនងជាគ្រប់កាំភ្លើងដែលបាញ់ឡើងលើនោះហើយ ដែលត្រូវប្រជាពលរដ្ឋ ពេលធ្លាក់ចុះមកក្រោមវិញ។ លោក បញ្ជាក់បែបនេះថា៖«ពេលនោះ មានអំពើហិង្សាកើតឡើង ដោយមានផ្ទុះអាវុធបាញ់ឡើងទៅលើ ប្រហែលប្រមាណ២០គ្រាប់ ហើយប្រហែលជាគ្រាប់ធ្លាក់មកវិញ ត្រូវរបួសមនុស្សម្នាក់។ ការរងរបួសនេះ មិនបង្កឲ្យបាត់បង់អាយុជីវិតទេ»។
សំឡេងលោក ផៃ ប៊ុនវណ្ណៈ ដែលថ្លែងក្នុងសន្និសីទកាសែត។ សំឡេងនេះ ថតចេញពីវីដេអូដែលបង្ហោះលើទំព័រហ្វេសប៊ុកឈ្មោះ គង់ ប៊ុនថា Buntha KONG
គេមិនទាន់ភ្លេចទេថា ក្រោយពីប្រជាពលរដ្ឋម្នាក់ឈ្មោះ ពៅ សារ៉ន ត្រូវរបួសដោយគ្រាប់កាំភ្លើង ពេលទៅតវ៉ារឿងដីធ្លីជាមួយប្រជាពលរដ្ឋផ្សេងទៀត សមត្ថកិច្ច ហាក់ព្យាយាមដកខ្លួនចេញពីការទទួលខុសត្រូវនេះ។ កាលនោះ លោក ផៃ ប៊ុនវណ្ណៈ បានបកស្រាយថា គ្រាប់កាំភ្លើងនោះ ជាគ្រាប់កាំភ្លើងប្រភេទឡុក ដែលមិនមែនជាគ្រាប់កាំភ្លើងរបស់សមត្ថកិច្ចឡើយ។
លោក ផៃ ប៊ុនវណ្ណៈ ក៏ដាក់ការសង្ស័យថា ពេលចលាចលកើតឡើង ដោយសារការប្រទូសរ៉ាយរវាងប្រជាពលរដ្ឋនិងសមត្ថកិច្ច ជនបាតដៃទី៣ ក៏ឆ្លៀតឱកាសបាញ់ប្រជាពលរដ្ឋតែម្តង ដើម្បីទម្លាក់កំហុសឲ្យសមត្ថកិច្ច។
លើសពីនេះ តាមរយៈវីដេអូដែលគេថតបាន និងបង្ហោះលើបណ្តាញសង្គម គេ ក៏ឃើញសមត្ថកិច្ច បានប្រើអំពើហិង្សាលើប្រជាពលរដ្ឋផងដែរ ដោយក្នុងនោះ មានសមត្ថកិច្ចម្នាក់ បានយកកាំភ្លើង ទៅវាយខ្នងប្រជាពលរដ្ឋម្នាក់ ដែលអង្គុយលុតជង្គង់ ហើយដៃទាំង២ ត្រូវបានចងស្លាបសេក។
ដោយដឹងថា ក្នុងចំណោមសមត្ថកិច្ចទាំងនោះ ក៏មានកម្លាំងកងរាជអាវុធហត្ថដែរនោះ លោក សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបង្កើតគណៈកម្មការចំពោះកិច្ច ដើម្បីឲ្យចុះទៅស្រាវជ្រាវនិងស្វែងរកកងរាជអាវុធហត្ថណា ដែលប្រើអំពើហិង្សាលើប្រជាពលរដ្ឋ។ មកដល់ពេលនេះ គណៈកម្មការចំពោះកិច្ច បានរកឃើញកងរាជអាវុធហត្ថម្នាក់ហើយ ដែលប្រើអំពើហិង្សាលើប្រជាពលរដ្ឋ និងបានសម្រេចដកចេញពីក្របខណ្ឌ។ បច្ចុប្បន្ន គណៈកម្មការនេះ កំពុងបន្តស្វែងរកអ្នកពាក់ព័ន្ធផ្សេងទៀត។
មកដល់ពេលនេះ ការប្រឈមមុខដាក់គ្នារវាងប្រជាពលរដ្ឋនិងសមត្ថកិច្ច បានស្ងៀមស្ងាត់។ ប៉ុន្តែ ប្រជាពលរដ្ឋ ប្រហែលជាមិនទាន់បញ្ឈប់ការតវ៉ាឡើយ ព្រោះពួកគាត់ នៅតែមិនសុខចិត្ត និងចាត់ទុកសាលដីការបស់តុលាការកំពូល ដែលឲ្យពួកគាត់ចាញ់ក្តី ថាជារឿងអយុត្តិធម៌។
លោក ផៃ ប៊ុនវណ្ណៈ អះអាងក្នុងសន្និសីទកាសែតថា រដ្ឋបាលខេត្តព្រះសីហុន នឹងដោះស្រាយជូនប្រជាពលរដ្ឋ ចំពោះបញ្ហាដីធ្លីនេះ។ ប៉ុន្តែលោក សង្កត់ធ្ងន់ថា សមត្ថកិច្ច ត្រូវតែស្រាវជ្រាវឲ្យឃើញជាមុនសិនថា ប្រជាពលរដ្ឋទាំងនោះពិតជាជនរងគ្រោះមែន។
លោក និង សមត្ថកិច្ច សង្ស័យថា មានប្រជាពលរដ្ឋខ្លះ អាចមិនមែនជាជនគ្រោះ តែពួកគាត់ ចាញ់ការបោកបញ្ឆោតរបស់មេខ្លោងណាម្នាក់ ឲ្យទៅតវ៉ា ហើយក៏នាំគ្នាទៅរំលោភនិងកាន់កាប់ដីស្របច្បាប់របស់អ្នកដៃ។ លោក ព្រមានយ៉ាងដូច្នេះថា៖«នេះហើយជាគំនិតផ្តួចផ្តើរបស់មេខ្លោង។ យើងកំពុងស្រាវជ្រាវរកមេខ្លោងហ្នឹង»។
លោក បំភ្លឺថា អ្នកដែលត្រូវបានតុលាការ សម្រេចឲ្យឈ្នះលើរឿងដីធ្លីនេះ មិនមែនជាឧកញ៉ា ស៊ីវ គង់ទ្រីវ ទេ តែជាមនុស្ស២នាក់ផ្សេង ដោយម្នាក់ឈ្មោះ ឆាយ ណារិន និងម្នាក់ទៀតឈ្មោះ គង់ វណ្ណា។
យ៉ាងណាក៏ដោយ ដីរបស់ឧកញ៉ា ស៊ីវ គង់ទ្រីវ ក៏ជាប់តំបន់ដីនោះដែរ។ លោក ផៃ ប៊ុនវណ្ណៈ បន្តថា លោក ធ្លាប់ដឹកនាំកម្លាំង ចុះទៅវាស់វែងនៅតំបន់ដីនោះ ដើម្បីឲ្យដឹងថា ដីណាស្របច្បាប់ ហើយដីណាមិនស្របច្បាប់ និងដីណាជារបស់ឧកញ៉ា ស៊ីវ គង់ទ្រីវ ហើយដីណា ជារបស់ប្រជាពលរដ្ឋ។ ប៉ុន្តែ ដោយសារតែពេលនោះ ប្រជាពលរដ្ឋ នាំគ្នាទៅតវ៉ានិងដុតកង់ឡានតាមផ្លូវ ក៏ធ្វើឲ្យក្រុមការងាររបស់លោក ខកខានក្នុងការវាស់វែង។
សូមបញ្ជាក់ថា ទំនាស់ដីធ្លីនេះ កើតឡើងនៅភូមិគគីរ ឃុំបិតត្រាង ស្រុក ព្រៃនប់ខេត្តព្រះសីហនុ៕