កីឡាជាតិ
ជាតិ
ក្មេងៗ២០០នាក់ ទទួលបានការបណ្តុះបណ្តាលបច្ចេកទេសលេងបាល់ទាត់ ពីក្រុម Muangtong
× ក្មេងៗចំនួន២០០នាក់មកពីតាមសាលារៀនមួយចំនួននៅរាជធានីភ្នំពេញទទួលបានការបណ្តុះបណ្តាលពីបច្ចេកទេសលេងបាល់ទាត់ពីកីឡាករ និងគ្រូបង្វឹករបស់ក្លិបបាល់ទាត់ SCG Muangthong United នៃក្របខណ្ឌលីគកំពូលថៃ។ កម្មវិធី Football Clinic នេះ រៀបចំឡើងដើម្បីលើកទឹកចិត្តនិងជំរុញឲ្យក្មេងៗចូលរួមលេងកីឡាបាល់ទាត់ឲ្យកាន់តែច្រើន ដើម្បីសម្រេចក្តីបំណងរបស់ពួកគេដែលចង់ក្លាយជាតារាបាល់ទាត់នៅថ្ងៃអនាគត។
ក្រោមកិច្ចសហការរវាងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ជាមួយកម្មវិធី«SCG Muangthong United ASEAN Tour 2019»បានរៀបចំកម្មវិធី Football Clinic ដើម្បីផ្តល់ និងលើកទឹកចិត្តដល់ក្មេងៗក្នុងការសម្រេចក្តីស្រមៃ ដែលចង់ក្លាយជាតារាបាល់ទាត់អាជីពនាថ្ងៃអនាគត។ អ្នករៀបចំរំពឹងថា កម្មវិធីនេះ នឹងចូលរួមចំណែកជួយជំរុញទឹកចិត្តក្មេងៗឲ្យចូលរួមលេងកីឡាកាន់តែច្រើន ពិសេសផ្តល់ជំនាញក្នុងការលេងបាល់ទាត់យុវជនកម្ពុជា។
សម្រាប់កម្មវិធី«Kick and Shear» កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៩ នៅពហុកីឡដ្ឋានជាតិ ក្មេងៗចំនួន២០០នាក់មកពីតាមសាលានានាក្នុងរាជធានីភ្នំពេញទទួលបានការបណ្តុះបណ្តាលពីជំនាញនិងបច្ចេកទេសលេងបាល់ទាត់ពីក្រុមកីឡាករបាល់ទាត់ និងគ្រូបង្វឹកនៃក្លិប SCG Muangthong United។
«យើងមានជំនឿថា កីឡានិងការកម្សាន្តជាផ្នែកដ៏មានតម្លៃក្នុងជីវិតយើង។ ដូច្នេះហើយទើបយើងផ្តួចផ្តើមនូវគម្រោងជាច្រើនរាប់បញ្ចូលទាំងគម្រោង«Kick and Shear»ដើម្បីនាំមកនូវអនាគតដ៏ភ្លឺស្វាងសម្រាប់ប្រជាជនដែលរស់នៅក្នុងប្រទេសដែលយើងធ្វើប្រតិបត្តិការ។ យើងសង្ឃឹមថា កម្មវិធីនេះនឹងជួយជំរុញទឹកចិត្តដល់កុមារឲ្យចូលរួមលេងកីឡាបាល់ទាត់កាន់តែច្រើន និងក្លាយជាតារាបាល់ទាត់របស់កម្ពុជានាពេលអនាគត»។ នេះជាការបញ្ជាក់របស់លោក ពង់ថាណា ដេវីតាយ៉ាផន នាយកផ្នែកលក់ និងទីផ្សាររបស់អេសស៊ីជី។
វគ្គហ្វឹកហាត់ដែលមានរយៈពេលជិតពីរម៉ោងនេះ កីឡាករនិងគ្រូបង្វឹកខាងលើបានចែករំលែកពីការហ្វឹកហាត់សម្រួលសាច់ដុំមុននិងក្រោយការប្រកួត និងបច្ចេកទេសលេងបាល់ទាត់ជាដើម។ បន្ថែមលើនេះ ក្មេងៗទាំងនោះត្រូវបានផ្តល់ឱកាសឲ្យអនុវត្តផ្ទាល់ពីបច្ចេកទេសទាត់បាល់ និងចាប់បាល់នៅលើទីលានទៀងផង។ ក្រៅពីការហ្វឹកហាត់ ក្មេងៗ ក៏ទទួលបានសម្ភារ ដែលបម្រើឲ្យការហ្វឹកហាត់បាល់ទាត់ពីកម្មវិធីនេះផងដែរ៕
Tag:
បាល់ទាត់
SCG Muangthong United
© រក្សាសិទ្ធិដោយ thmeythmey.com