ជាតិ
កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​បរទេស​ជាង​៦​លាន​នាក់ ក្នុង​ឆ្នាំ​២០១៨
09, Feb 2019 , 7:59 pm        
រូបភាព
​ភ្នំពេញ​៖ កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ​សរុប ៦,២​លាន​នាក់ ក្នុង​ឆ្នាំ​២០១៨​។ ចំនួន​នេះ បាន​កើនឡើង​១១​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០១៧ ដែលមាន​ប្រមាណ​៥,៦​លាន​នាក់​។ នេះ​បើ​យោងតាម​របាយការណ៍​ប្រចាំឆ្នាំ​របស់​ធនាគារជាតិ​។ របាយការណ៍​ដដែល ក្នុងចំណោម​ទេស​ចរប​រទេស​សរុប ទេសចរ​ចិន​ឈរ​ក្នុង​លំដាប់​ទីមួយ ដោយមាន​ចំនួន​ប្រមាណ ២​លាន​នាក់ កើនឡើង​៧០​ភាគរយ ធៀប​នឹង​ឆ្នាំ​២០១៧​។ កំណើន​ភ្ញៀវទេសចរ​ចិន​នេះ ដោយសារ​មាន​ជើងហោះហើរ​ច្រើន​ពី​ចិន​មក​កម្ពុជា ដោយ​ក្នុង​មួយ​សប្តាហ៍ មានការ​ហោះហើរ​មក​២០៧​ជើង​។​


 
​ខណៈដែល​កំណើន​ទេសចរ​ចិន​មក​កម្ពុជា​កើនឡើង​យ៉ាងគំហុក​នេះ ភ្ញៀវទេសចរ​បរទេស​ដទៃទៀត​បាន​ថយចុះ រួមទាំង​ភ្ញៀវទេសចរ​អឺរ៉ុប​ផងដែរ​។ ក្នុងនោះ​ភ្ញៀវ​វៀតណាម បាន​ឈរ​នៅ​លំដាប់​លេខ​២ ហើយ​ចំនួន​មក​កម្ពុជា បាន​ថយចុះ​៥​ភាគរយ និង​ឡាវ​លេខ​៣ បាន​ថយចុះ​រហូតដល់​១៩​ភាគរយ​។ 
 
​យោងតាម​របាយការណ៍​ប្រចាំឆ្នាំ​របស់​ធនាគារជាតិ ចំនួន​ភ្ញៀវទេសចរ​សរុប​នេះ បានមកពី​តំបន់​គោលដៅ​ទេសចរណ៍​ធំៗ មាន​រាជធានី​ភ្នំពេញ ទទួលភ្ញៀវ​អន្តរជាតិ​បាន​៤៨​ភាគរយ  ខេត្តសៀមរាប បាន​៣៧​ភាគរយ តំបន់ឆ្នេរ​បាន​១៤​ភាគរយ និង​តំបន់​អេកូ​ទេសចរណ៍ បាន​១​ភាគរយ​។ 
 
​ជាមួយនឹង​កំណើន​ភ្ញៀវទេសចរ​ប្រចាំឆ្នាំ ក្រសួងទេសចរណ៍​បាន និង​កំពុង​រៀបចំ​យុទ្ធសាស្ត្រ​ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​បរទេស និង​ជាពិសេស​ទេសចរ​ចិន មក​ទស្សនា​កម្ពុជា​ឲ្យ​កាន់តែច្រើន និង​ស្នាក់នៅ​បានយូរ ក្នុងនោះ​រួមមាន ការបង្កើត​ផលិតផល​ទេសចរណ៍​ថ្មី​ប្រកបដោយ​ការច្នៃប្រឌិត ពង្រឹងគុណភាព​ផលិតផល និង​សេវាកម្ម​ទេសចរណ៍​។​
 
​កម្ពុជា​បាន​ព្យាករណ៍​ថា ក្នុង​ឆ្នាំ​២០២០ នឹង​ទទួល​ទេសចរ​ចិន​បាន ៣​លាន​នាក់ ក្នុង​ចំនួន​ទេសចរ​សរុប ៧​លាន​នាក់ ហើយ​ឆ្នាំ​២០២៥ ទទួល​ទេសចរ​ចិន​បាន ៥​លាន​នាក់ ក្នុង​ចំនួន​ទេសចរ​សរុប​១១​លាន​នាក់ និង​ឆ្នាំ​២០៣០ ទទួល​ទេសចរ​ចិន​បាន ៨​លាន​នាក់ ក្នុង​ចំនួន​ទេសចរ​សរុប ១៥​លាន​នាក់​៕
 

Tag:
 ទេសចរណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com