ជាតិ
ដាំបន្លែលើធ្នើរ មិនចាំបាច់ប្រើថ្នាំសម្លាប់សត្វល្អិតដែលនាំឲ្យប៉ះពាល់ដល់សុខភាព អ្នកស្រី ទិន ម៉ារ៉ា ម្ចាស់សួនបន្លែនៅលើធ្នើរ។ រូបភាព៖ ឈុត ឈាណា / អច្ឆរិយភាពនៃទន្លេមេគង្គ។
× ស្ទឹងត្រែង៖ តាមបណ្តោយផ្លូវ ស្របនឹងទន្លេសេសាន ឆ្ពោះទៅរមណីយដ្ឋានទឹកថ្លា បុប្ផាភ្លុក ស្ថិតនៅក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង គេសង្កេតឃើញមានសួនបន្លែលើធ្នើរយ៉ាងច្រើន នៅមុខផ្ទះអ្នកស្រុក។ អ្នកភូមិបានដាំបន្លែជាច្រើនប្រភេទ ដូចជា ស្ពៃជើងទា ខ្ទឹម សណ្តែកកួរ ត្រប់វែង ប៉េងប៉ោះ និងសាឡាត់។ល។ អ្នកភូមិខ្លះ ដាំសម្រាប់ធ្វើអាជីវកម្ម អ្នកភូមិខ្លះដាំសម្រាប់ផ្គត់ផ្គង់តម្រូវការហូបចុកប្រចាំថ្ងៃក្នុងគ្រួសារ។
អ្នកស្រី ទិន ម៉ារ៉ា អាយុ ៣៦ឆ្នាំ រស់ក្នុងភូមិ សាមឃួយ ឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង ជាអ្នកដាំបន្លែលើឆ្នើរម្នាក់នៅក្នុងភូមិ។ ក្រៅពីរបរធ្វើស្រែ ម៉ារ៉ា ក៏ចាប់យករបរដាំបន្លែបន្ថែមមួយមុខទៀត ដាំបន្លែលើធ្នើរ ដែលទទួលផលបានច្រើនជាងធ្វើស្រែ។ អ្នកស្រី ទិន ម៉ារ៉ា ដែលប្រកបរបរដាំបន្លែលើធ្នើរអ៊ីចឹង១០ឆ្នាំហើយនោះបន្តថា ការដាំបន្លែលើធ្នើរ ស្រួលជាងដាំផ្ទាល់ដី ព្រោះវាអាចគេចផុតពីពពួកសត្វល្អិតផ្សេងៗបានច្រើន រួមទាំងសត្វជន្លេនផងដែរ។ «ខ្ញុំមិនចាំបាច់ប្រើថ្នាំសម្លាប់សត្វល្អិត ដែលនាំឲ្យខូចសុខភាពអ្នកបរិភោគឡើយ។ ចំណែកឯការថែទាំក៏ងាយស្រួល ការប្រមូលផលក៏ងាយស្រួល មិនពិបាកអោនងើបៗឡើយ»។នេះជាការបញ្ជាក់បន្ថែមរបស់អ្នកស្រី ទិន ម៉ារ៉ា ប្រាប់ដល់គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ។
បើតាមកសិករដដែល ក្នុងមួយឆ្នាំ អ្នកស្រីអាចដាំបន្លែលើធ្នើរនេះ បានច្រើនដង ខុសពីការដាំផ្ទាល់ដី ដែលអាចដាំបានតែក្នុងខែប្រាំង។
សួនបន្លែនៅលើធ្នើរ។ រូបភាព៖ ឈុត ឈាណា / អច្ឆរិយភាពនៃទន្លេមេគង្គ។
អ្នកស្រីទិន ម៉ារ៉ា លក់សាឡាត់ដោយរាប់គុម្ព មិនថ្លឹងគីឡូទេ។ គាត់ចងសាឡាត់ជាបាច់យកទៅលក់នៅទីផ្សារតែម្តង។ ប៉ុន្តែ ក៏មានអ្នកដំណើរឆ្លងកាត់ទីនោះ និងអ្នកភូមិខ្លះទៅទិញទៅដល់កន្លែងដែលគាត់ដាំផ្ទាល់ជាហូរហែផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com