ជាតិ
រាជរដ្ឋាភិបាល ផ្ដល់ដីសម្បទានសង្គមកិច្ចដល់ពលរដ្ឋ៧០០គ្រួសារ រូបភាពពីក្រសួងព័ត៌មាន
× ភ្នំពេញ៖ រដ្ឋាភិបាល បានផ្ដល់ដីសម្បទានសង្គមកិច្ចដល់ពលរដ្ឋ៧០០គ្រួសារ នៅក្នុងឃុំដូង ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ កាលពីពេលថ្មីៗនេះ។ ការផ្ដល់ដីសម្បទាននេះ ធ្វើឡើងតាមរយៈគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ជំហាន២ (LASED II) ។ នេះបើតាមគេហទំព័រផ្លូវការរបស់ក្រសួងព័ត៌មាន។
គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ជំហាន២ (LASED II) ត្រូវបានអនុវត្តបន្តពីគម្រោង LASED ជំហានសាកល្បង ដោយទទួលបានហិរញ្ញប្បទានសម្បទានពីធនាគារពិភពលោក និងការបដិភាគពីរាជរដ្ឋាភិបាលកម្ពុជាក្នុងទឹកប្រាក់ប្រមាណ ជាង២៦លានដុល្លារអាមេរិក។ គម្រោងនេះ បានអនុវត្តចាប់ពីឆ្នាំ២០១៦ រហូតដល់ឆ្នាំ២០២១ នៅក្នុងទីតាំងដីសម្បទានសង្គមកិច្ចចំនួន១៤កន្លែង ក្នុងស្រុកចំនួន០៧ ឃុំចំនួន១២ នៃខេត្តគោលដៅចំនួន៥។ គោលដៅទាំងនោះរួមមាន ខេត្តកំពង់ធំ ត្បូងឃ្មុំ កំពង់ឆ្នាំង ក្រចេះ និងខេត្តកំពង់ស្ពឺ ដែលមានអ្នកទទួលផលសរុបចំនួន ៥ ១៤១គ្រួសារ និងប្រជាពលរដ្ឋសរុបចំនួន ២៥, ២៦០នាក់ លើផ្ទៃដីចំនួន១៧ ,០៤២,៨០ហិកតា។ ប្រជាពលរដ្ឋទាំង៧០០គ្រួសារ អាចទទួលបានដីឡូតិ៍លំនៅឋានទំហំ ៣០ x ៤០ម៉ែត្រ និងដីឡូតិ៍កសិកម្មទំហំ ២ហិកតា ក្នុងមួយគ្រួសារ។
រូបភាពពីក្រសួងព័ត៌មាន
លោក សុខ លូ បាននិយាយថា ការផ្តល់ដីលំនៅដ្ឋាននិងដីធ្វើ កសិកម្មនេះ មានសារៈសំខាន់ណាស់ ដើម្បីធានាឲ្យប្រជាពលរដ្ឋក្រីក្រមានលំនៅដ្ឋានសមរម្យ ហើយអាចលើកកម្ពស់សេដ្ឋកិច្ចក្នុងក្រុមគ្រួសារ បន្ទាប់មានដីធ្វើស្រែចំការរហូតដល់ជាង២ហិចតា។
លោក សុខ លូ អះអាងថា សម្បទានិកនឹងចាប់ផ្តើមចូលតាំងទីលំនៅលើដីសម្បទានសង្គមកិច្ចបាន ហើយតាមផែនការ និងគម្រោងផ្តល់ជូនប្រជាពលរដ្ឋ នូវសម្ភារសម្រាប់សាងសង់លំនៅឋានដូចជា ស័ង្កសីចំនួន៤០សន្លឹក អំពូលពន្លឺព្រះអាទិត្យ តង់ផ្លាស្ទិក កន្ទេល ភួយ ធុងទឹក ធុងចម្រោះទឹក ចប កាំបិត ពូថៅ អង្ករចំនួន២០០គីឡូក្រាម គ្រាប់ពូជបន្លែចំនួន០៦មុខ ដើមឈើហូបផ្លែចំនួន០៥ប្រភេទ គ្រាប់ពូជដំណាំគម្របដី កូនស្វាយចន្ធី និងជួយភ្ជួរដីកសិកម្មបន្ថែមទៀត។
ក្រៅពីនេះអាជ្ញាធរក៏មានគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ រួមមាន ផ្លូវថ្នល់ សាលារៀន ប៉ុសិ៍សុខភាព អគារសហគមន៍ ផ្សារសហគមន៍ អគារស្នាក់នៅសម្រាប់គ្រូបង្រៀន អណ្តូងទឹក ស្រះទឹក ប្រព័ន្ធស្រោចស្រព និងផ្តល់នូវបច្ចេកទេសធ្វើកសិកម្មផងដែរ។ ជាពិសេសគម្រោងផ្តល់ទុនបង្វិលប្រមាណជា ២៨០ដុល្លាក្នុងមួយគ្រួសារ ដើម្បីពង្រីកមុខរបរដាំដុះ និងចិញ្ចឹមសត្វ ។
រដ្ឋាភិបាលគ្រោងនឹងចំណាយទឹកប្រាក់ ប្រមាណជា៤លានដុល្លារអាមេរិក សម្រាប់ការអភិវឌ្ឍជូនប្រជាពលរដ្ឋនៅលើដីសម្បទានសង្គមកិច្ចនេះ។
ដីសម្បទានសង្គមកិច្ចនៅក្នុងឃុំដូង ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំនេះ មានទំហំ ១៩៩២.៧៩ហិកតា ដោយធ្វើការបែងចែកជាដីឡូតិ៍លំនៅឋាន និងដីឡូតិ៍កសិកម្ម ដីសម្រាប់តំបន់រដ្ឋបាល ដីព្រៃសហគមន៍ ដីព្រៃជំនឿ និងអូរ ដីត្រពាំង រួមទាងដីសម្រាប់ធ្វើផ្លូវ និងប្រឡាយទឹក ជាដើម៕
© រក្សាសិទ្ធិដោយ thmeythmey.com