កីឡាជាតិ
ជាតិ
Cambodia All Stars សងសឹក Muangthong បានសម្រេច​ជាមួយ​ជ័យជម្នះ ២-១
09, Feb 2019 , 8:33 pm        
រូបភាព
ដោយ:
​ក្រុមកីឡា​បាល់ទាត់ Cambodia All Stars បាន​យកឈ្នះ​ក្រុម SCG Muangthong United ក្នុង​លទ្ធផល ២-១ នា​ជំនួប​មិត្តភាព​សប្បុរសធម៌​នៅ​ល្ងាច​ថ្ងៃ​សៅរ៍ ទី​៩ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។ ជ័យជម្នះ​នេះ ជួយ​ឲ្យ All Stars កម្ពុជា​សងសឹក​បានសម្រេច​លើ​សមាជិក​លី​ក​កំពូល​ថៃ​មួយ​នេះ​។​

 
​ខ្សែប្រយុទ្ធ​ឆ្នើម​សញ្ជាតិ​កា​មេ​រ៉ូ​ន Jean Marie Privat Befolo Mbarga បានតែ​ត​បាល់ប​ញ្ជូ​ល​ទី​នាំមុខ ១-០ សម្រាប់​ក្រុម Cambodia All Stars នៅ​នាទី​២២​។ ការប្រកួត​ដំណើរការបាន​១៥​នាទី ខ្សែប្រយុទ្ធ​រូបនេះ​បា​នប​ញ្ជូ​ល​បាល់​(Assist)​យ៉ាង​ល្អ​ឲ្យ​កីឡាករ ឈិន ឈឿន សម្រេចបាន​១​គ្រាប់​បន្ថែម ដើម្បី​បង្កើន​ការនាំ ២-០ សម្រាប់​ក្រុម All Stars កម្ពុជា​ក្នុង​វគ្គ​ទី​១​។​
 
​ការប្រកួត​ឈានដល់​នាទី​ទី​៧៥ ខ្សែប្រយុទ្ធ​ប្រេ​ស៊ី​ល Heberty Fernandes បាន​ទាត់​បាល់​ពិន័យ​(Free Kick)​ពី​ចម្ងាយ​យ៉ាង​ល្អ​បំប៉ោង​សំណាញ់​ទី​ក្រុម Cambodia All Stars ដើម្បី​តាម​ពីក្រោយ ២-១ សម្រាប់ SCG Muangthong United​។ ៣​នាទី​ក្រោយមក​ប្រយុទ្ធ​រូបនេះ ត្រូវបាន​អាជ្ញាកណ្តាល​ពិន័យ​កាត​លឿង ក្រោយ​តវ៉ា​ប្រើ​កាយវិការ​មិន​សមរ​ម្យ​។  
 
​ទោះបី​មានការ​វាយ​សម្រុក​គ្នា​ទៅវិញទៅមក​ក៏ដោយ តែ​ក្រុម​ទាំងពីរ​បាន​រក្សា​លទ្ធផល​នេះ​រហូត​ចប់​ការប្រកួត​វគ្គ​ទី​២​។ ជ័យជម្នះ ២-១ ក្នុងជំនួប​លើក​ទី​៣​នេះ ជួយ​ក្រុម Cambodia All Stars សងសឹក​បានសម្រេច​លើ​ក្រុម Muangthong ដែល​បាន​យកឈ្នះ​ខ្លួន ៤-០ នា​ជំនួប​លើក​ទី​២៕​

Tag:
 បាល់ទាត់​
  Cambodia All Stars
  SCG Muangthong United
© រក្សាសិទ្ធិដោយ thmeythmey.com