ជាតិ
សេដ្ឋកិច្ច
លោក គ្រី ម៉េង​ឈាង រកចំណូលបាន​ដល់ ១​ម៉ឺន​៧​ពាន់​ដុល្លារ ពី​ការដាំ​ដំឡូងបារាំង​
10, Feb 2019 , 9:59 pm        
រូបភាព
រូបភាពពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រូបភាពពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
​ភ្នំពេញ​៖ លោក គ្រី ម៉េង​ឈាង ម្ចាស់​ចម្ការ​ដំឡូងបារាំង​នៅ​ខេត្តមណ្ឌលគិរី រក​ចំណូល​សរុប​បាន ១៧,០០០​ដុល្លារ​នៅ​ឆ្នាំ​២០១៨ ពី​ការប្រមូល​ផល​ដំឡូងបារាំង នៅ​ដំណាក់កាល​ពិសោធន៍​វគ្គ​ទី​១​។ នេះ​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ក្រសួងកសិកម្ម ដែល​បាន​ឲ្យ​ដឹង​ទៀតថា ដំឡូងបារាំង​បានផ្តល់​ទិន្នផល​ប្រមាណ ១៧​តោន ក្នុង​១​ហិកតា​។ រីឯ​តម្លៃ​វិញ​អាច​លក់   តម្លៃ ៥​ទៅ​៦​ពាន់​រៀល ក្នុង​១​គីឡូក្រាម​។ 


 
​លោក គ្រី ម៉េង​ឈាង ដែលជា​ម្ចាស់​ចម្ការ​ដំឡូងបារាំង នៅ​ភូមិ​ស្ពាន​មានជ័យ ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី ត្រូវបាន​ជ្រើស​ជា​ដៃគូ​ដាំ​សាកល្បង​ក្នុង​ឆ្នាំ​២០១៦ ដោយ​ទទួលបាន​ការសហការ ពី​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម​, អង្គការ KOPIA និង​មន្ទីរ​កសិកម្ម​។ លទ្ធផល​នៃ​ការពិសោធន៍​លើ​ដំឡូងបារាំង​នេះ បង្ហាញថា​ក្នុង​ឆ្នាំ​ដំបូង ដំឡូង​ជួប​បញ្ហា​ជំងឺផ្សិត រលួយ​គល់ និង​សត្វល្អិត​។ នៅ​ឆ្នាំ​បន្ទាប់ ការពិសោធន៍​លើក​ទី​១ បាន​បរាជ័យ​ដោយសារ​ទឹកភ្លៀង ប៉ុន្តែ​លើក​ទី​២ ដំឡូង​ទទួលបាន​លទ្ធផល​ល្អប្រសើរ​។​


រូបភាពពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
 
​បើតាម​លោក គ្រី ម៉េង​ឈាង ទិន្នផល​ពូជ​ដំឡូងបារាំង ខ្លះ​អាច​ទទួលបាន​ខ្ពស់បំផុត ២៥​តោន​ក្នុង​១​ហិកតា និង​ទាប​បំផុត ២,៣​តោន ក្នុង​១​ហិកតា​។ ក្នុង​ឆ្នាំ​២០១៨ ការពិសោធន៍​បាន​ចែកជា​៣​ដំណាក់កាល ដោយ​លើក​ទី​១ ទិន្នផល​ទទួលបាន ១៧​តោន​ក្នុង​១​ហិកតា លើក​ទី​២ និង​ទី​៣ នឹង​ប្រមូល​ផល​នៅក្នុង​ខែមីនា​។


រូបភាពពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
 
​លោក​គ្រី ម៉េង​ឈាង បាន​លើកឡើងថា បច្ចុប្បន្ន ដំឡូងបារាំង​លក់បាន ៥​ទៅ​៦​ពាន់​រៀល​ក្នុង​១​គីឡូ​។ ម្ចាស់​ចម្ការ​ដំឡូងបារាំង​រូបនេះ អា​ចរក​ចំណូល​សរុប​បាន ១​ម៉ឺន​៧​ពាន់​ដុល្លារ  ពី​ការប្រមូល​ផល​ដំឡូងបារាំង​ក្នុង​១​វគ្គ​។ តាមរយៈ​ការដាំ​ដំឡូងបារាំង​នេះ បានធ្វើ​ឲ្យ​ជីវភាព​គ្រួសារ​ធូរធារ​ផងដែរ​។ 


រូបភាពពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
 
​ក្នុងឱកាស​រដ្ឋមន្ត្រីក្រសួង​កសិកម្ម លោក វេ​ង សាខុន ធ្វើដំណើរ​ទស្សនកិច្ច​ក្នុង​ចម្ការ​ដំឡូងបារាំង លោក គ្រី ម៉េង​ឈាង បញ្ជាក់ថា​៖ «​ដំឡូងបារាំង ជា​ដំណាំ​ថ្មី ដែល​កសិករ​មិនទាន់​ចាប់អារម្មណ៍​ធ្វើ​ការដាំដុះ​ទេ​។ ម្យ៉ាងទៀត​ការដាំដុះ​ដំណាំ​នេះ​ទាមទារ​បច្ចេកទេស​ខ្ពស់ ជាពិសេស​នោះ​វា​កំពុងស្ថិត​ក្នុងដំណាក់កាល​នៃ​ការពិសោធន៍​ស្រាវជ្រាវ​នៅឡើយ​»​។ ម្ចាស់​ចម្ការ​ដំឡូងបារាំង​រូបនេះ សង្ឃឹមថា បើ​ការពិសោធន៍​បានទទួល​ជោគជ័យ កសិករ​នឹង​ចាប់អារម្មណ៍​ដាំ​ច្រើន ព្រោះ​ដាំ​ណាំ​នេះ​មាន​ទីផ្សារ​ល្អ និង​តម្លៃ​ខ្ពស់​។ នេះ​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ក្រសួងកសិកម្ម​ដដែល​៕ 
 

Tag:
 ដំឡូងបារាំង​
© រក្សាសិទ្ធិដោយ thmeythmey.com