ភ្នំពេញ៖ រាជបណ្ឌិត្យសភាកម្ពុជាគ្រោងបើកថ្នាក់ជាន់ខ្ពស់នៃភាសាចិន នៅចុងឆ្នាំ២០១៩នេះ ស្របពេលចំណង់មិត្តភាពស្អិតល្មួតរវាងកម្ពុជា-ចិន ដែលកំពុងជួយជំរុញសេដ្ឋកិច្ចកម្ពុជា នាពេលបច្ចុប្បន្ន។ អ្នកវិភាគជំរុញឲ្យអ្នកពាក់ព័ន្ធទាំងអស់ ជួយពង្រីកកម្មវិធីអប់រំភាសាចិនទៅដល់យុវជនឲ្យកាន់តែទូលំទូលាយបន្ថែមទៀត ដើម្បីស្រូបយកផលប្រយោជន៍ឲ្យបានច្រើនពីការវិនិយោគិនចិន។
ប្រធានរាជបណ្ឌិតសភា លោកបណ្ឌិត សុខ ទូច បាននិយាយថា ស្ថាប័នលោកបានសហការជាមួយសកលវិទ្យាល័យចំនួន៣នៃប្រទេសចិន រួមមានសកលវិទ្យាល័យ ប៉េកាំង, សាកលវិទ្យាល័យស៊ិនហួរ, និងសកលវិទ្យាល័យ ធានជីង ដើម្បីបើកថ្នាក់ភាសាចិន កម្រិតថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នាចុងឆ្នាំ២០១៩នេះ ខណៈកម្ពុជាបច្ចុប្បន្ន មានថ្នាក់ភាសាចិន ត្រឹមកម្រិតថ្នាក់វិទ្យាស្ថានប៉ុណ្ណោះ។ បើតាមលោក សុខ ទូច បច្ចុប្បន្ននេះ មានសិស្សដែលកំពុងរៀនភាសាចិន ចំនួន១,២ ម៉ឺននាក់ ទាំង ២៣សាខា នៃវិទ្យាស្ថានខុងជឺទូទាំងប្រទេស។
ថ្លែងប្រាប់សារព័ត៌មានថ្មីៗ ប្រធានរាជបណ្ឌិត្យសភារូបនេះ បាននិយាយដូច្នេះថា៖ « កម្ពុជាត្រូវការពង្រីកភាសាចិន ពីព្រោះចិនមិនចេះអង់គ្លេស ហើយចង់យកលុយចិន ទាល់តែយើងរៀនចិន ដើម្បីយកលុយគេបាន។ ព្រោះយើងបានឲ្យនិយមន័យហើយថា អតិថិជនគឺជាស្តេច ចុះបើស្តេចមកយើងអត់ចេះភាសាស្តេច ទៅនិយាយជាមួយស្ដេចម្ដេចបាន យើងត្រូវមើលចំណុចហ្នឹង»។
រដ្ឋាភិបាលគ្រោងទាក់ទាញភ្ញៀវទេសចរចិនចំនួន ៥លាននាក់ ក្នុងឆ្នាំ២០២៥ ដូច្នេះវាជាឱកាសល្អ សម្រាប់ពលរដ្ឋកម្ពុជាដែលចេះភាសាចិន ក្នុងការបង្កើនចំណូលតាមរយៈការប្រកបរបរកស៊ីជាមួយចិន ក្នុងការអ្នកបកប្រែ និងធ្វើការជាមួយអ្នកវិនយោគចិន។ នេះជាការលើកឡើងរបស់លោក សុខ ទូច។
ប្រធានមជ្ឈមណ្ឌលសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជាលោក គី សេរីវឌ្ឍន៍ បានបន្ថែមថា កម្រិតថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នេះ នឹងបើកគ្រប់មុខវិទ្យាទាំងអស់ ដោយរៀនជាភាសាចិនសុទ្ធ រួមទាំងថ្នាក់អនុបណ្ឌិតផងដែរ។ បើតាមលោក សេរីវឌ្ឍន៍ ថ្នាក់រៀនភាសាចិនជាន់ខ្ពស់ ដែលគ្រោងបង្កើតនេះ ត្រូវចំណាយថវិកាជាង២លានដុល្លារ សម្រាប់ការសាងសង់អគារ និងសម្ភារសិក្សាផ្សេងជាដើម។
«ឥឡូវយើងកំពុងសាងសងអាគារ ហើយនៅពេលអគារនេះសង់រួចហើយនៅដើមឆ្នាំ២០២០ យើងនឹងចេញដំណើរហើយ។ សាកលវិទ្យាល័យ ប៉េកាំង សាកលវិទ្យាល័យ ស៊ីនហួរ ហើយនឹងសាកលវិទ្យាល័យ ធានជីង សាកលវិទ្យាល័យ៣នឹង រួមទាំង សាកលវិទ្យាល័យ ជីវឈាំង នឹងផ្ដល់គ្រូ កម្មវិធីសិក្សា រៀនថ្នាក់បរិញ្ញាបត្រ គ្រប់ឯកទេសទាំងអស់ជាភាសាចិន ហើយនឹងថ្នាក់អនុបណ្ឌិតជាភាសារចិនផងដែរ»។ នេះជាការបញ្ជាក់របស់ប្រធានមជ្ឈមណ្ឌលសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា។
លោក មាស នី អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម បាននិយាយថា កំណើននៃទីផ្សារភាសាចិនក្នុងប្រទេសកម្ពុជាពិតជាកើនឡើងគួរឲ្យកត់សម្គាល់ ប៉ុន្តែអ្នកដែលចេះភាសាចិននៅតែខ្វះខាត។សម្រាប់លោក មាស នី កំណើនអ្នកវិនិយោចិនច្រើន គឺជាសញ្ញាមួយឲ្យកម្ពុជាត្រូវត្រៀមខ្លួនសម្រាប់ទំនោលនៃសកលភាវូបនីយកម្មថ្មីនេះ ដូច្នេះដើម្បីស្រូបយកផលប្រយោជន៍ឲ្យបានច្រើនពីការវិនិយោគិនចិនទាំងនោះ កម្ពុជាក៏ត្រូវពង្រីកភាសាចិនផងដែរ។
អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គមរូបនេះ បានបញ្ជាក់ដូច្នេះថា ៖ « ខ្ញុំបានទៅពិនិត្យនៅតំបន់មួយតាមផ្លូវជាតិលេខ១ កន្លែងនោះមានផ្សារចិនលក់គ្រឿងសំណង់។ អ្វីដែលខ្ញុំសង្កេតឃើញគឺថា ម្ចាស់ហាងសុទ្ធតែចិនទាំងអស់ ហើយមិនចេះខ្មែរទេ អ្នកទៅទិញនឹងគឺពិបាករកអ្នកបកប្រែខ្លាំងណាស់ ដោយត្រូវខ្ចីពីហាងមួយទៅហាងមួយ បានន័យថាអ្នកចេះភាសាចិននៅតែខ្វះ។ សព្វថ្ងៃអ្នកដែលចេះភាសាចិនហាក់ដូចជាងាយស្រួលក្នុងការរកការងារធ្វើ និងរកស៊ីផងដែរ»៕