ជាតិ
ក្រោយចុះល្បាតនៅព្រៃឡង់ មន្ត្រីបរិស្ថានថា នឹងរកយុទ្ធសាស្ត្រការពារ និងអភិរក្សធនធានធម្មជាតិ រូបភាពពីហ្វេសប៊ុកក្រសួងបរិស្ថាន
× ភ្នំពេញ៖ នៅថ្ងៃទី៩ ខែកុម្ភៈនេះ មន្ត្រីក្រសួងបរិស្ថាន, អាជ្ញាធរមូលដ្ឋាន និងប្រជាសហគមន៍មកពីខេត្តកំពង់ធំ,ក្រចេះ,ស្ទឹងត្រែង និងខេត្តព្រះវិហារ បានធ្វើដំណើររួមគ្នា ចុះពិនិត្យទីតាំងនៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ ដើម្បីរៀបចំផែនការគ្រប់គ្រងឲ្យកាន់តែប្រសើរ។ បន្ទាប់ពីចុះល្បាតក្នុងតំបន់ព្រៃឡង់ លោក សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានបញ្ជាក់ថា នឹងគិតគូរជាយុទ្ធសាស្ត្រ និងដំណោះស្រាយ ដើម្បីរៀបចំយន្តការទ្រទ្រង់ដល់ការការពារ និងអភិរក្សធនធានធម្មជាតិនៅព្រៃឡង់។ នេះបើតាមទំព័រហ្វេសប៊ុកក្រសួងបរិស្ថាន។
ក្នុងដំណើរចុះល្បាតនៅតំបន់ព្រៃឡង់នេះ ដឹកនាំដោយលោក សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន។ លោក សៅ សុភាព បានលើកឡើងថា ថ្នាក់ដឹកនាំ និងមន្ត្រីនៃក្រសួងស្ថាប័នពាក់ព័ន្ធ រួមទាំងសហគមន៍ការពារព្រៃឡង់ បានឯកភាពគ្នាល្បាតរួមគ្នាជាប្រវត្តិសាស្ត្រលើកទី១ ដើម្បីបានឃើញនូវទិដ្ឋភាពជាក់ស្តែង។ រដ្ឋលេខាធិការក្រសួងបរិស្ថានរូបនេះ អះអាងយ៉ាងដូច្នេះថា៖ «អ្វីដែលបានមើលឃើញ និងកត់សម្គាល់ពីការចុះល្បាតនេះ នឹងគិតគូរជាយុទ្ធសាស្ត្រ និងដំណោះស្រាយ ដើម្បីរៀបចំយន្តការទ្រទ្រង់ដល់ការការពារ និងអភិរក្សធនធានធម្មជាតិនៅព្រៃឡង់»។
រូបភាពពីហ្វេសប៊ុកក្រសួងបរិស្ថាន
បើតាមលោក សៅ សុភាព ក្រុមល្បាតបានពិនិត្យឃើញថា ធនធានព្រៃឈើ ជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ីនៃដែនជម្រកសត្វព្រៃព្រៃឡង់នៅល្អ ជាពិសេសត្រង់ចំណុចត្រីកោណខេត្តកំពង់ធំ ,ក្រចេះ ,ស្ទឹងត្រែង។ ជាមួយគ្នានេះ ក្នុងផែនការគ្រប់គ្រង កម្លាំងឧទ្យាននុរក្សនៃខេត្តទាំងបី នឹងធ្វើការរួមគ្នាបង្កើតជាស្នាក់ការរួម ដើម្បីទប់ស្កាត់បទល្មើសនានា នៅតំបន់ប្រសព្វគ្នានៃភូមិសាស្ត្រដែនជម្រកសត្វព្រៃព្រៃឡង់។
រូបភាពពីហ្វេសប៊ុកក្រសួងបរិស្ថាន
សូមបញ្ជាក់ថា ដែនជម្រកសត្វព្រៃ ព្រៃឡង់ បង្កើតឡើងដោយ អនុក្រឹត្យលេខ ០៧៤ អនក្រ .បក ចុះថ្ងៃទី០៩ ខែឧសភា ឆ្នាំ ២០១៦ មានផ្ទៃដីសរុប ៤៣១,៦៨៣ ហិចតា ស្ថិតនៅជាប់ភូមិសាស្ត្រខេត្តក្រចេះ,កំពង់ធំ,ព្រះវិហារ និងខេត្តស្ទឹងត្រែង។ ដែនអភិរក្សនេះ មានសក្តានុពលធនធានធម្មជាតិ និងជីវៈចម្រុះ ដែលជាជម្រាលផ្ទៃរងទឹកសម្រាប់ស្ទឹងសែន និងហូរចាក់ទៅទន្លេសាប។ នេះបើតាមក្រសួងបរិស្ថានដដែល៕
រូបភាពពីហ្វេសប៊ុកក្រសួងបរិស្ថាន
Tag:
បរិស្ថាន
ព្រៃឡង់
© រក្សាសិទ្ធិដោយ thmeythmey.com