ជាតិ
សង្គមជាតិ
លោក ឈុំ សុជាត៖ ខ្ញុំ មិនបាននិយាយថា កម្ពុជា គ្រោងបង្ហោះផ្កាយរណបទេ
× លោក ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ បានចេញមុខបដិសេធនឹងសារព័ត៌មាននានា ដែលចុះផ្សាយថា កម្ពុជា មានគម្រោង បង្ហោះផ្តាយរណបរបស់ខ្លួនជាលើកដំបូង នៅឆ្នាំ២០២១ ហើយលោក ក៏បដិសេធដែរ ថាលោក ពុំបានមានប្រសាសន៍ឬផ្តល់ព័ត៌មាននេះ ទៅកាន់អ្នកកាសែតណាឡើយ។
ការបដិសេធរបស់លោក ឈុំ សុជាត គឺធ្វើឡើង ក្រោយពីទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) និងក្រសួងព័ត៌មាន ចុះផ្សាយពីព័ត៌មាននេះដំបូងគេ ដោយអះអាងថា ជាការលើកឡើងរបស់លោក ហើយក៏ត្រូវបានសារព័ត៌មានផ្សេងៗក្នុងស្រុក ស្រង់យកទៅចុះផ្សាយបន្ត ក្នុងនោះមានសារព័ត៌មានថ្មីៗផងដែរ។ អ្នកនាំពាក្យរូបនេះ មានការងឿងឆ្ងល់ នៅពេលសារព័ត៌មាន ចុះផ្សាយបែបនេះ ទាំងដែលលោក មិនបាននិយាយ។
តាមរយៈសារលើទំព័រហ្វេសប៊ុក លោក បានសរសេរបែបនេះថា៖«ទោះបីជារឿងនេះជារឿងវិជ្ជមានក៏ពិតមែន ប៉ុន្តែខ្ញុំសូមស្នើឲ្យសារព័ត៌មានមួយចំនួននោះ កែតម្រូវឡើងវិញ ដែលរូបខ្ញុំផ្ទាល់ ក្នុងឆ្នាំ២០១៩នេះ មិនដែលបាននិយាយអំពីរឿងនេះជាមួយសារព័ត៌មាន ឬនៅក្នុងវេទិកាណាមួយទាល់តែសោះ។ ខ្ញុំយល់ថា អ្នកសារព័ត៌មានដែលសរសេររឿងនេះ អាចទំនងមានការភាន់ច្រឡំចំពោះប្រភពដែលផ្តល់ព័ត៌មានខាងលើនេះ»៕
Tag:
ឈុំ សុជាត
ផ្តាយរណប
© រក្សាសិទ្ធិដោយ thmeythmey.com