កីឡាអន្តរជាតិ
អន្តរជាតិ
Aguero ធ្វើបាន hat-trick ​លើកទី១១​ស្មើ Shearer ក្នុង​ជ័យជម្នះ ៦-០ លើ Chelsea
11, Feb 2019 , 10:41 am        
រូបភាព
Sergio Aguero រកបាន​៣​គ្រាប់​ម្នាក់ឯង (hat-trick) ក្នុងជំនួប​ដែល Manchester City យកឈ្នះ Chelsea ៦-០ នៅឯ​កីឡដ្ឋាន Etihad ដើម្បី​នាំ​ម្ចាស់​ការពារ​តំណែង​ជើងឯក ឡើងឈរ​កំពូល​តារាង Premier League ជំនួស Liverpool វិញ​។  នេះ​ជាការ​សម្រេចបាន hat-trick ទី​១១​របស់​ខ្សែប្រយុទ្ធ​អា​ហ្ស​ង់​ទីន ដែល​ស្មើ Alan Shearer វីរបុរស Newcastle​។​

 
​ត្រឹម​រយៈពេល​២៥​នាទី​នៅ​វគ្គ​ទីមួយ​ប៉ុណ្ណោះ​ក្រុម​រហស្សនាម​មេឃ​ខៀវ​អាច​ស៊ុត​បាល់​បញ្ចូល​ទី​នាំមុខ​ក្រុម​ភ្ញៀវ Chelsea ដល់​ទៅ​៤​គ្រាប់ ដែល​ធ្វើបាន​ដោយ​ខ្សែបម្រើ Raheem Sterling ១​គ្រាប់​នៅ​នាទី​ទី​៤ ខ្សែប្រយុទ្ធ Sergio Aguero ២​គ្រាប់ (១៣, ១៩) និង Ilkay Gundogan មួយ​គ្រាប់​នាទី​២៥​។ 
 
​ជាមួយនឹង​ទម្រង់​លេង​ដ៏​អស្ចារ្យ​ក្រោម​ការដឹកនាំ​របស់​អ្នកចាត់ការ​ទូទៅ Pep Guardiola ក្រុម​ការពារ​តំណែង​ជើងឯក Man City នៅតែ​បន្ត​វាយ​សម្រុក និង​ដាក់​សម្ពាធ​ទៅលើ​ក្រុម​តោ​ខៀវ​ដោយ​អាច​រក​គ្រាប់​ស៊ុត​២​គ្រាប់​បន្ថែមទៀត​នៅ​តង់​ទី​ពីរ​។ Aguero ខ្សែប្រយុទ្ធ​សញ្ជាតិ​អា​ហ្ស​ង់​ទីន​អាច​សម្រេច​គ្រាប់​បាល់ hat-trick របស់គេ​នៅ​នាទី​៥៦​ដោយ​ទាត់​បាល់​ពិន័យ​ប៉េ​ណា​ល់​ទី និង Sterling រកបាន​គ្រាប់​បាល់​ទី​២ នៅ​នាទី​៨០​។ ចប់​ការប្រកួត Man City ឈ្នះ Chelsea ៦-០​។​


 
​សម្រាប់ Aguero នេះ​ជាការ​ធ្វើបាន hat-trick ជា​លើក​ទី​១១ របស់គេ ខណៈដែល អតីត​ខ្សែប្រយុទ្ធ Atletico Madrid វ័យ​៣០​រូបនេះ រកបាន​៣​គ្រាប់​ផងដែរ​ពេល​យកឈ្នះ Arsenal ៣-១ កាលពី​សប្តាហ៍​មុន​ក្នុងជំនួប​លី​គ​កំពូល​អង់គ្លេស​នេះ​។​
 
​បន្ទាប់ពី Aguero និង Shearer កីឡាករ និង​អតីត​កីឡាករ​ដែល​សម្រេចបាន​គ្រាប់ Hat-trick ច្រើនលើក​នៅ Premier League រួមមាន Robbie Fowler (៩​លើក​), Michael Owen, Harry Kane និង Thierry Henry (៨​លើក​), Wayne Rooney (៧​លើក​) និង Luis Suarez (៦​លើក​)​។​
 
​ជ័យជម្នះ​យ៉ាង​លើសលុប​ក្នុងជំនួប​សប្តាហ៍​ទី​២៧​នេះ បាន​នាំ Man City ឡើងទៅ​ឈរ​កំពូល​តារាង Premier League វិញ ដោយ​រកបាន​៦៥​ពិន្ទុ ខណៈដែល Liverpool ទើប​ប្រកួត​លើក​ទី​២៦​ប៉ុណ្ណោះ មាន​៦៥​ពិន្ទុ​ដូចគ្នា តែ​ចាញ់​គ្រាប់​ស៊ុត​បញ្ចូល​ទី​៕
 

Tag:
 បាល់ទាត់​
  Sergio Aguero
  Manchester City
  Premier League
© រក្សាសិទ្ធិដោយ thmeythmey.com