កីឡាអន្តរជាតិ
អន្តរជាតិ
Solskjaer មើលឃើញថា Martial មាន​ទេពកោសល្យ​ដូច Ronaldo
11, Feb 2019 , 12:08 pm        
រូបភាព
​លោក Ole Gunnar Solskjaer អ្នកចាត់ការ​ទូទៅ​បណ្តោះអាសន្ន​របស់ Manchester United ជឿជាក់ថា Anthony Martial មាន​ទេពកោសល្យ​ដែល​អាច​ឈានដល់​កម្រិត Cristiano Ronaldo ដែរ ក្រោយ​រូបគេ​រួមចំណែក​ជួយ​ក្រុម​ឡើងទៅ​កាន់​ចំណាត់ថ្នាក់​ទី​៤​ក្នុង​តារាង Premier League វិញ​។

 
Solskjaer លើកឡើង​ដូច្នេះ​បន្ទាប់​ខ្សែប្រយុទ្ធ​សញ្ជាតិ​បារាំង​រូបនេះ​អូស​បាល់​ពី​ពាក់កណ្តាល​តារាង​ស៊ុត​បញ្ចូល​ទីមួយ​គ្រាប់​ក្នុងការ​ប្រកួត​ដែល​បិសាច​ក្រហម យកឈ្នះ Fulham ៣-០ ក្នុង​ក្របខណ្ឌ Premier League កាលពី​ថ្ងៃ​សៅរ៍​ទី​៩ ខែកុម្ភៈ​។ ក្នុងជំនួប​នោះ​មិត្ត​រួម​ជាតិ​បារាំង​របស់ Martial គឺ Paul Pogba រកបាន​ដល់​ទៅ​២​គ្រាប់​ម្នាក់ឯង​។​
 
​ក្រោយ​ចប់​ការប្រកួត​អ្នកចាត់ការ​សញ្ជាតិ​ន័​រ​វែ​ស វ័យ​៤៥​ឆ្នាំ បាន​និយាយ​សរសើរ Martial មិន​ដាច់​ពី​មាត់ ហើយ​ថែមទាំង​ប្រៀបប្រដូច​រូបគេ​ទៅនឹង​តារា​ឆ្នើម Cristiano Ronaldo ទៀតផង​។ Solskjaer ដែល​ធ្លាប់​លេង​ជាមួយ​ខ្សែប្រយុទ្ធ​ឆ្នើម​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់​រូបនេះ​នៅ Man Utd កាល​ស្ថិតក្រោម​ការដឹកនាំ​រប​ស់ Sir Alex Forguson នោះបាន​មើលឃើញ​ពី​ការវិវត្ត​របស់ Martial ថា​ពិត​ជាមាន​ភាពស្រដៀងគ្នា​នឹង Ronaldo​។​


Solskjaer និង Ronaldo កាលនៅរួមក្រុម Man Utd
 
Ronaldo ធ្លាប់​ឈ្នះ​ពានរង្វាន់​ធំៗ រហូតដល់​ទៅ ៨ នៅ​ទឹកដី Old Trafford ជាមួយនឹង​ការ​ស៊ុត​បញ្ចូល​ទី ១១៨ គ្រាប់ ក្នុងការ​បង្ហាញខ្លួន ២៩២ ប្រកួត មុន​ចាក​ចេញទៅ​ចូលរួម​ជាមួយ​ក្លិប​យក្ស Real Madrid ក្នុងតម្លៃ​កំណត់ត្រា​កាលពី​ឆ្នាំ​២០០៩​។​
 
«​ប្រសិនបើ​គាត់ (Martial) ចង់​មាន​កម្រិត​លេង​ដូច Ronaldo មែន​នោះ Martial ដឹងថា​រូបគេ​ត្រូវធ្វើ​អ្វី​ហើយ​។ វា​អាស្រ័យ​លើ​គាត់ និង​ទេពកោសល្យ​របស់គាត់​»​។ Solskjaer បន្ថែម​ដូច្នេះ​។​
 
​ជាមួយនឹង​ទម្រង់​លេង និង​គ្រាប់​បាល់​ដ៏​ល្អ​របស់​អតីត​សមាជិក​ក្រុម Monaco វ័យ​២៣​ឆ្នាំ ដែល​អូស​ពី​ពាក់កណ្តាល​តារាង​ទៅនោះ​ក៏ត្រូវ​បាន​លោក Gary Neville អតីត​ប្រធាន​ក្រុម Man United ប្រៀបធៀប​ទៅនឹង Ronaldo ផងដែរ ខណៈ​ម្ចាស់​ពាន Ballon d'Or ៥​សម័យ​ធ្វើបាន​ដូចគ្នានេះ​នៅ​ទឹកដី Craven Cottage ក្នុង​ឆ្នាំ ២០០៧៕

Tag:
 បាល់ទាត់​
  Cristiano Ronaldo
  Ole Gunnar Solskjaer
  Anthony Martial
© រក្សាសិទ្ធិដោយ thmeythmey.com