ជាតិ
សង្គមជាតិ
សិល្បះ
លោក ថេណា បានលុបបទ «អេម» របស់ខ្លួនចោល ក្រោយពីបានទទួលរងការរិះគន់ពីសាធារណជន
× ភ្នំពេញ៖ តារាចម្រៀង Tena Khimphun បានសម្រចចិត្តលុបបទចម្រៀងថ្មីរបស់ខ្លួនចោល ដែលមានចំណងជើងថា«Emm-អេម» ក្រោយពីមានការផ្ទុះការរិះគន់ពីសំណាក់អ្នកសិល្បៈដូចគ្នា សាធារណជន ពិសេសពីសំណាក់ក្រសួងវប្បធម៌។
«ខ្ញុំមិនដែលគិតចង់ប៉ះពាល់អ្នកទេ ខ្ញុំធ្វើសំរាប់តែfans ខ្ញុំទេ អគុណ ហើយខ្ញុំបានលុបបទនោះ ហើយៗ»។ នេះគឺជាសំណេរមួយឃ្លានៅលើគណនីហ្វេសប៊ុក Tena Khimphun ក្រោយមានប្រតិកម្មពីមហាជន ដែលមិនពេញចិត្តចំពោះបទចម្រៀងថ្មីមួយនេះ។
តារាចម្រៀង Tena Khimphun ទើបតែចេញផ្សាយបទថ្មីនេះ នៅលើបណ្តាញសង្គម Youtube ដែលបទប្រភេទរ៉េប(Rap) រៀបរាប់ពីសកម្មភាពរួមភេទនៅក្នុងថ្នាក់រៀន ដែលច្រៀងជាភាសាអង់គ្លេស និងភាសាខ្មែរ។ ដ្បិតបទចម្រៀងនេះ ត្រូវបាន Tena Khimphun លុបចេញមែន ប៉ុន្តែបទនេះ ត្រូវបានគេចម្លងទុក ហើយនៅតែបន្តចែកចាយនៅលើបណ្ដាញ Youtube ដដែល ។
មិនត្រឹមតែសាធារណជន ដែលមិនគាំទ្រនោះទេ សូម្បីតែអ្នកសិល្បៈ និងមន្ត្រីជាន់ខ្ពស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏មិនពេញចិត្តចំពោះបទចម្រៀងរ៉េបរៀបរាប់នេះដែរ។ លោក ថៃ នរសត្យា អ្នកនាំពាក្យក្រសួងវប្បធម៌ ដែលបានប្រតិកម្មលើបទចម្រៀងរបស់ Tena Khimphun ចាត់ទុកការតែងនិពន្ធបទបែបនេះ ជាគំរូមិនល្អដល់មហាជន ដែលបំផ្លាញវិស័យវប្បធម៌ជាតិ។
«ទស្សនៈយ៉ាងម៉េចហ្នឹង ដែលអាចបង្កើតគំនិតផលិតស្នាដៃរបៀបនេះ ?! ជាអ្នកនិពន្ធ ជាអ្នកចម្រៀង ជាអ្នកសិល្បៈ ជាសាធារណៈបុគ្គល គួរតែជាគម្រូល្អជាសាធារណៈជាពិសេស ចំពោះប្អូនៗយើងជំនាន់ក្រោយ ! តែនេះមិនអ៊ីចឹងទេ បែជាបន្ទាបបន្ថោកខ្លួនឲ្យក្លាយជាអ្នកបំពុល និងបំផ្លាញខ្លួនក្នុងវិស័យវប្បធម៌របស់ជាតិខ្លួនទៅវិញ …»។ នេះបើតាមសំណេររបស់អ្នកនាំពាក្យក្រសួងវប្បធម៌។
© រក្សាសិទ្ធិដោយ thmeythmey.com