រថយន្ត
អន្តរជាតិ
ចូ​កូ ចង់​ឲ្យ​ពលរដ្ឋ​ក្រុង​ហ្សា​ការ​តា ងាក​មក​ប្រើ​មធ្យោបាយ​ធ្វើដំណើរ​សាធារណៈ​បន្ថយ​កកស្ទះ និង​បំពុលបរិយាកាស​
11, Feb 2019 , 10:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ប្រធានាធិបតី​ឥណ្ឌូណេស៊ី​ចង់ឃើញ​ប្រជាជន​រដ្ឋធានី​ហ្សា​ការ​តា​ងាក​មកប្រើប្រាស់​មធ្យោបាយ​ធ្វើដំណើរ​សាធារណៈ ជំនួស​ឲ្យ​ប្រើប្រាស់​មធ្យោបាយ​ផ្ទាល់ខ្លួន ដើម្បី​ដោះស្រាយ​បញ្ហា​កកស្ទះ​ដែល​ធ្វើ​ឲ្យ​ខាតបង់​សេដ្ឋកិច្ច និង​បន្ថយ​ការបំពុល​បរិយាកាស​។ រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​កំពុង​បង្កើន​ប្រព័ន្ធ​ដឹកជញ្ជូន​សាធារណៈ​សម្បូរបែប​ក្នុង​ទីក្រុង​ដោយ​ដាក់​ដំណើរការ​ឡានក្រុង​, រថភ្លើង​លឿន (MRT) និង​រថភ្លើង​ស្រាល (LRT)​ជាដើម​។


 
​បញ្ហា​កកស្ទះ​ចរាចរណ៍​ធ្ងន់ធ្ងរ​ជា​បញ្ហា​ដែល​ប្រជាជន​រស់នៅ​ក្រុង​ហ្សា​ការ​តា​កំពុង​ជួបប្រទះ​។ អាជ្ញាធរ​ជាពិសេស​រដ្ឋាភិបាលកណ្តាល​របស់​ប្រធានាធិបតី ចូ​កូ វី​ដូ​ដូ ព្យាយាម​រក​ដំណោះស្រាយ​ដើម្បី​សម្រួល​បញ្ហា​ដ៏​ស្មុគស្មាញ​នេះ​តាមរយៈ​ការធ្វើសមាហរណកម្ម​ដែរ​។​
 
​ថ្លែង​នៅ​វិមាន​ប្រធានាធិបតី​ពាក់កណ្តាល​ខែមករា កន្លងមកនេះ លោក វី​ដូ​ដូ បានប្រកាសថា រដ្ឋាភិបាល​និង​អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវមាន​ភាពក្លាហាន​ក្នុងការ​ដោះស្រាយ​បញ្ហា​នេះ ហើយ​លោក​ចង់​ឲ្យ​អាជ្ញាធរ​ជំរុញ​ប្រជាជន​ទាំងអស់​ឲ្យ​ចូលរួម​ដោយ​ងាក​មកប្រើប្រាស់​ប្រព័ន្ធ​ដឹកជញ្ជូន​សាធារណៈ​ផងដែរ​។ 
 
​បើតាម​សារព័ត៌មាន​ឥណ្ឌូណេស៊ី Jakarta Post លោក វី​ដូ​ដូ បាន​និយាយ​បែបនេះ​៖ «​យើង​ពិតជា​ត្រូវការ​ជំរុញ​ឲ្យ​ប្រជាជន​ប្រើប្រាស់​មធ្យោបាយ​ដឹកជញ្ជូន​សាធារណៈ​ដែល​យើង​បានរៀបចំ​ជូន​។ ដូច្នេះ​យើង​នឹង​អាច​កាត់បន្ថយ​ចំនួន​រថយន្ត​តាម​ដងផ្លូវ​បាន​ច្រើន​។ ខ្ញុំ​រំពឹងថា យើង​អាច​គ្រប់គ្រង​ប្រព័ន្ធ​មធ្យោបាយ​ដឹកជញ្ជូន​ទាំងនោះ​បានល្អ​ជាង​នេះ​»​។ 
 
​ប្រធានាធិបតី​រូបនេះ​បាន​សង្កត់ធ្ងន់​បន្ថែមថា វា​ជា​រឿង​ចាំបាច់​ដែល​ឥណ្ឌូណេស៊ី​ត្រូវ​កែលម្អ​ប្រព័ន្ធគ្រប់គ្រង​ការអភិវឌ្ឍ​ទីក្រុង ដោយ​យកចិត្តទុកដាក់​លើ​ការដាក់​ផែនការ​រៀបចំ​ទីក្រុង និង​ប្រព័ន្ធ​ដឹកជញ្ជូន​ក្នុង​ទីក្រុង​ឲ្យ​បាន​សមស្រប​។ ក្នុងនោះ​មានការ​កំណត់​ចំនួន​ប្រជាជន​ក្នុង​ក្រុង ក៏ដូចជា​រៀបចំ​ទីតាំង​ជំនួញ និង​កន្លែង​កម្សាន្ត​ឲ្យ​នៅ​ជិត​មធ្យោបាយ​ដឹកជញ្ជូន​របស់​រដ្ឋ ពោលគឺ​ល្មម​ងាយស្រួល​ដើរ​។​
 
​ដើម្បី​ដោះស្រាយ​បញ្ហា​កកស្ទះ​ចរាចរណ៍ បណ្តាល​ឲ្យ​មានការ​ខាតបង់​សេដ្ឋកិច្ច​និង​ការបំពុល​បរិយាកាស​នេះ រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​ដាក់ចេញ​គោលនយោបាយ​ច្រើន​ប្រភេទ​រួមទាំង​ត្រៀម​ដាក់​ដំណើរការ​ធ្យោ​បាយ​ធ្វើដំណើរ​សាធារណៈ​ផ្សេងទៀត​ក្រៅពី​ឡានក្រុង ដូចជា​រថភ្លើង​ល្បឿន​លឿន រថភ្លើង​ស្រាល និង​រថភ្លើង​ភ្ជាប់​ទៅ​ក្រៅ​ក្រុង​ជាដើម​ផង​។  គេ​រម​ពឹង​ថា ប្រជាជន​ហ្សា​ការ​តា​កាន់តែច្រើន​នឹង​នាំគ្នា​ងាក​មកប្រើប្រាស់​ប្រព័ន្ធ​ដឹកជញ្ជូន​ទាំងនេះ​នៅពេល​ខាងមុខ​ផង​។​
 
​តាមពិតទៅ ហ្សា​ការ​តា​ប្រឈម​នឹង​ការកកស្ទះ​ធ្ងន់ធ្ងរ ដ្បិត​បច្ចុប្បន្ន នៅតាម​ដងផ្លូវ វា​មាន​ម៉ូតូ​សរុប​លើស ១៣​លាន​គ្រឿង និង​មាន​ឡាន​ប្រហែល ៤,៤​លាន​គ្រឿង​ឯណោះ​។ រៀងរាល់ថ្ងៃ គេ​វាយតម្លៃថា ឡាន​ម៉ូតូ​ធ្វើដំណើរ​យ៉ាងតិច​ក៏ ២,១​លាន​ដង​ដែរ​ពី​ក្រៅ​ចូលមកក្នុង​ទីក្រុង ប៉ុន្តែ​ត្រឹម ២០​ភាគរយ​ប៉ុណ្ណោះ​នៃ​ការធ្វើដំណើរ​ខាងលើ​ប្រើប្រាស់​មធ្យោបាយ​ដឹកជញ្ជូន​សាធារណៈ​។  
 
​បើតាម​របាយការណ៍​សិក្សា​ចងក្រង​ដោយ​ក្រុមហ៊ុន Uber ជាមួយ​ក្រុមហ៊ុន​ប្រឹក្សា​យោបល់  Boston  ប្រជាពលរដ្ឋ​នៅ​ហ្សា​ការ​តា​ចំណាយពេល ២២​ថ្ងៃ​ក្នុងការ​កកស្ទះ​ចរាចរណ៍​ក្នុង​មួយឆ្នាំៗ ខណៈដែល​ប្រជាជន​នៅ​ក្រុង​ធំៗ​ផ្សេងទៀត​នៅ​អាស៊ី​ខាត​ពេល​ត្រឹម ១៩​ថ្ងៃ​ប៉ុណ្ណោះ​។ ចំណែក​ការខាតបង់​វិញ​នោះ ក្នុង​ទីក្រុង​ហ្សា​ការ​តា​ទាំងមូល ខាត​លុយ​មួយឆ្នាំៗ ៤,៦​ពាន់​លាន​ដុល្លារ​ដោយសារ​ការកកស្ទះ​ចរាចរណ៍​។ នេះ​មិន​រាប់ទាំង​ការបញ្ចេញ​ឧស្ម័ន​កាបូ​និ​ច​ទៅ​បរិយាកាស​ដែល​បង្ក​ឲ្យ​មានការ​បំពុលបរិយាកាស​ផង​៕

© រក្សាសិទ្ធិដោយ thmeythmey.com