រថយន្ត
អន្តរជាតិ
Mercedes-Benz ឆ្នាំ​១៩៣៩ របស់​អតីត​ស្តេច​ហ្ស៊​កដា​នី លក់​ក្នុងតម្លៃ​១,៧​លាន​ដុល្លារ​
11, Feb 2019 , 7:19 pm        
រូបភាព
ដោយ: ធីតា
​ក្រុមហ៊ុន​លក់​ដេញថ្លៃ​ដ៏​ធំ​របស់​អង់គ្លេស Bonhams នា​អំឡុង​នៃ​ព្រឹត្តិការណ៍​ពិ​ព័រ​ណ៌​យានយន្ត Retromobile នៅ​ក្រុងប៉ារីស ប្រទេស​បារាំង បានប្រកាស​ពី​តម្លៃ​រថយន្ត 1939 Mercedes-Benz 540 K Cabriolet A ដែលជា​យានយន្ត​របស់​អតីតព្រះមហាក្សត្រ​ហ្ស៊​កដា​នី ព្រះអង្គ Hussein bin Talal​។ យោងតាម​ការផ្សាយ​រប​ស់​សារព័ត៌មាន​យានយន្ត Auto Classics រថយន្ត​នេះ លក់​ក្នុងតម្លៃ​ប្រមាណ​១,៧​លាន​ដុល្លារ​អាមេរិក​។​

 
​ព្រឹត្តិការណ៍​ពិ​ព័រ​ណ៌​យានយន្ត Retromobile នៅ Port de Versailles ក្រុងប៉ារីស ចន្លោះ​ពីថ្ងៃ​ទី​៦ ដល់​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៩ ប្រមូលផ្តុំ​ទៅដោយ​រថយន្ត​ទំនើបៗ និង​បុរាណ​ជាច្រើន​។ ជាមួយគ្នានេះ ក្រុមហ៊ុន Bonhams បានប្រកាស​ពី​ឱកាស​ដ៏​កម្រ​មួយ​សម្រាប់​បណ្តា​អ្នក​ស្រឡាញ់​រថយន្ត​លើ​ពិភពលោក ដែល​នោះ​គឺ​វត្តមាន​រថយន្ត​របស់​អតីតព្រះមហាក្សត្រ​ហ្ស៊​កដា​នី​នៅលើ​ទីផ្សារ​ដេញថ្លៃ​។​
 
​រថយន្ត 1939 Mercedes-Benz 540 K Cabriolet A នោះ ជា​ព្រះរាជ​អំណោយ​របស់​រាជ​វង្សានុវង្ស​បែលហ្ស៊ិក ដែល​បាន​ប្រទាន​ដល់​ព្រះមហាក្សត្រ Hussein bin Talal​។ ម៉ូ​ដែល​នេះ ត្រូវបាន​បង្ហាញ​ជា​សាធារណៈ​លើកដំបូង​នា​ព្រឹត្តិការណ៍​ពិ​ព័រ​ណ៌​យានយន្ត​នៅ​ក្រុងប៉ារីស កាលពី​ឆ្នាំ​១៩៣៦ កន្លងមក​ផងដែរ​។​
 
​ព្រះអង្គ Hussein bin Talal បាន​សោយរាជ្យ​ចន្លោះ​ពី​ឆ្នាំ​១៩៥២ ដល់​ឆ្នាំ​១៩៩៩​។ ព្រះអង្គ​សព្វព្រះទ័យ​ជាមួយ​រថយន្ត​ខ្លាំងណាស់ ដែល​ក្នុងនោះ Mercedes-Benz ជា​ម៉ាក​ដែល​ព្រះអង្គ​ចូលចិត្ត​បំផុត​។​
 
​អ្នក​ដែល​ដេញថ្លៃ​បាន​ក្នុងតម្លៃ​១,៧​លាន​ដុល្លារ​អាមេរិក គឺជា​មហាសេដ្ឋី​ម្នា​ក់នៅ​តំបន់​អឺរ៉ុប ប៉ុន្តែ​មិនត្រូវ​បាន​បង្ហើប​ពី​អត្តសញ្ញាណ​នោះឡើយ​៕

© រក្សាសិទ្ធិដោយ thmeythmey.com