កីឡាអន្តរជាតិ
អន្តរជាតិ
ក្រោយ​ចាញ់ Man City ៦-០ លោក Sarri រ៉ាប់រង​ការស្តីបន្ទោស​ពី​ម្ចាស់​ក្លិប​គ្រប់យ៉ាង​
11, Feb 2019 , 5:50 pm        
រូបភាព
​លោក Maurizio Sarri បាន​សុំទោស​ចំពោះ​បរាជ័យ​ជា​កំណត់ត្រា​នៅ Premier League របស់ Chelsea បន្ទាប់ពី​ចាញ់ Manchester City រហូតដល់ ៦-០ ហើយ​លោក​រីករាយ និង​ទទួលយក​ការស្តីបន្ទោស​ពី​ម្ចាស់​ក្លិប​លោក Roman Abramovich គ្រប់បែបយ៉ាង​។​


 
​ក្រោម​ការដឹកនាំ​របស់​អ្នកចាត់ការ​ថ្មី Sarri ក្រុម​តោ​ខៀវ Chelsea បាន​ទទួលរង​ភាពអាម៉ាស់​បំផុត​មិន​ធ្លាប់មាន​នៅឯ​ទឹកដី Etihad ដោយ​របូត​គ្រាប់​បាល់​ដល់​ទៅ​៦​គ្រាប់​។​
៦​គ្រាប់​របស់​ម្ចាស់​ការពារ​ជើងឯក Man City ធ្វើបាន​ដោយ​ខ្សែប្រយុទ្ធ Sergio Aguero ចំនួន​៣​គ្រាប់​ម្នាក់ឯង ដែលជា​ការសម្រេច hat-trick លើក​ទី​១១ តាម​ស្មើ​កំណត់ត្រា​របស់ Alan Shearer វីរបុរស Newcastle ក្នុង​ក្របខណ្ឌ​កំពូល​អង់គ្លេស​នេះ​។ រីឯ​៣​គ្រាប់​ទៀត​សម្រេចបាន​ដោយ​ខ្សែបម្រើ Raheem Sterling ២​គ្រាប់ និង Ilkay Gundogan ១​គ្រាប់​។​
 
៤​ប្រកួត​ចុងក្រោយ​របស់ Chelsea នៅ Premier League ពួកគេ​ទទួល​ជ័យជម្នះ​តែមួយ​លើក​ប៉ុណ្ណោះ និង​ចាញ់​៣​ប្រកួត​ដោយ​របូត​គ្រាប់​ដល់​ទៅ ១២​គ្រាប់ ក្នុងនោះ​ចាញ់ Arsenal ២-០ ចាញ់ Bournemouth ៤-០ និង​ត្រូវ Man City លត់​ដល់​ទៅ​៦​គ្រាប់​។​
 
«​ខ្ញុំ​កំពុង​ធ្វើ​ឲ្យ​បានល្អ​បំផុត ហើយ​ខ្ញុំ​ព្យាយាម​ធ្វើ​ឲ្យ​កីឡាករ​ខិតខំ​ឲ្យ​អស់ពី​សមត្ថភាព​របស់​ពួកគេ​ប៉ុន្តែ​នៅពេលនេះ​ខ្ញុំ​អាចនិយាយបាន​ត្រឹម​ការសោកស្តាយ​ប៉ុណ្ណោះ ព្រោះ​យើង​បាន​បរាជ័យ​ធ្ងន់ធ្ងរ​បំផុត​»​។ អ្នកចាត់ការ​សញ្ជាតិ​អ៊ីតាលី​វ័យ​៦០​ឆ្នាំ បាន​ប្រាប់​ទូរទស្សន៍ Sky Sports បែបនេះ​។ 
 
​លោក​បន្ថែមថា លោក​នឹង​ជួប​ជាមួយ​ក្រុមប្រឹក្សាភិបាលរ​បស់​ក្លិប​បន្ទាប់ពី​តោ​ខៀវ​បរាជ័យ​ជា​ប្រវត្តិសាស្ត្រ និង​ជួប​ប្រធាន​ក្លិប​សញ្ជាតិ​រុស្ស៊ី​លោក Abramovich ថែមទៀត​។​
​លោក Sarri បាន​និយាយ​ទៅកាន់ Sky Sport របស់​អ៊ីតាលី​ថា​៖«​ប្រសិនបើ​ម្ចាស់​ក្លិប​ហៅ​ខ្ញុំ​ជួប​និយាយ​គ្នា​ជុំវិញ​បញ្ហា​នេះ ខ្ញុំ​នឹង​សប្បាយចិត្ត និង​ទទួលយក​ការស្តីបន្ទោស​គ្រប់បែបយ៉ាង ព្រោះ​ខ្ញុំ​មិនដែល​ឮ​អ្វី​ចេញពី​មាត់​គាត់​ទេ​។ និយាយ​ដោយស្មោះ​ទៅ​ខ្ញុំ​មិនដឹងថា​ត្រូវធ្វើ​អ្វី​ឲ្យ​សម​នោះទេ​»​។​
 
​ក្រោយ​បរាជ័យ​នេះ Chelsea បាន​ខ្ទាត​ទៅកាន់​ចំណាត់ថ្នាក់​ទី​៦​ក្នុង​តារាង​រដូវ​កាល ២០១៨-២០១៩ នេះ ក្រោយ​ឆ្លងកាត់​ការប្រកួត​២៦​លើក ឈ្នះ​១៥​ដង ចាញ់​៦ ស្មើ​៥ មាន​៥០​ពិន្ទុ ខណៈ Manchester United អាច​ដំឡើង​ខ្លួន​ទៅកាន់ Top 4 វិញ​៕
 

Tag:
 បាល់ទាត់​
  Maurizio Sarri
  Chelsea
© រក្សាសិទ្ធិដោយ thmeythmey.com