ពីនេះ ពីនោះ
មុនទៅដឹកនាំគេ ត្រូវដឹកនាំខ្លួនឯងឱ្យបានជោគជ័យសិន
× ផ្នែកដ៏សំខាន់នៃភាពជាអ្នកដឹកនាំ គឺធ្វើជាគំរូល្អដល់អ្នកដទៃ ជាពិសេសអ្នកដែលខ្លួនត្រូវដឹកនាំ ហើយធ្វើគំរូល្អហ្នឹង មិនមែនធ្វើតែមួយដង មួយពេល ឬមួយថ្ងៃនោះទេ គឺត្រូវធ្វើរហូត ឬធ្វើជាប្រចាំ ហើយវាជាការលំបាកបំផុតដែលមនុស្ស ឬអ្នកដឹកនាំជាច្រើននាក់ ធ្វើមិនបានដោយសារភាពនឿយហត់ ធុញថប់ អស់កំលាំងរហូតឈានទៅដល់ការបោះបង់ចោលនាំឱ្យបរាជ័យ។ អញ្ចឹងហើយបានជាលោក Nathan Eland និយាយថា “ផ្នែកដែលលំបាកបំផុតនៃការដឹកនាំអ្នកដទៃ គឺត្រូវដឹកនាំខ្លួនឯងឱ្យបានសិន ប្រសិនបើអ្នកដឹកនាំខ្លួនឯងមិនបានល្អផងហ្នឹង តើអ្នកអាចទៅដឹកនាំអ្នកដទៃបានយ៉ាងម៉េចទៅ? The most difficult part of leadership is leading yourself. If you cannot lead yourself well, how can you lead others?”។
មានបញ្ហាយល់ច្រឡំច្រើន ឬមិនដឹងតែម្តង នៅពេលគេសួរយើងថា តើចៅហ្វាយ ឬប្រធានអ្នកឯងជានរណាគេ? គេសំដៅដល់មនុស្សដែលមានតំណែងនៅលើ ឬខ្ពស់ជាងយើង។ ប៉ុន្តែលោក Napoleon Hill និយាយថា “បាទ ចៅហ្វាយពិតប្រាកដរបស់អ្នក គឺជាមនុស្សម្នាក់ដើរចុះដើរឡើងពាក់មួករបស់អ្នក។ ទទួលស្គាល់នូវការពិតនេះ ហើយអ្នកនឹងមានទឹកចិត្តគ្រប់គ្រាន់ក្នុងការប្រើពេលវេលារបស់អ្នកឱ្យមានប្រសិទ្ធិភាព Yes, your real boss is the person who walks around under your hat. Recognize this truth and you will have adequate incentive to use your time effectively”។ បើអញ្ចឹងមែន គ្មាននរណាធ្វើប្រធានយើងក្រៅពីខ្លួនយើងនោះទេ ត្រូវចេះណែនាំខ្លួនឯងឱ្យបានល្អសិន បើចង់ទៅដឹកនាំគេនោះ។
លោក John Maxwell និងលោក Jim Dornan នៅក្នុងសៀវភៅ “Becoming a person of influence” បានសរសេរថា ”ហេតុផលលេខមួយដែលអ្នកដឹកនាំជាច្រើននាក់បរាជ័យ គឺគ្មានសមត្ថភាពក្នុងការដឹកនាំខ្លួនឯង។ ការដឹកនាំខ្លួនឯង៖ មានកត្តាជាច្រើនដែលរួមមានដូចជាភាពស្មោះត្រង់ ការកំណត់អាទិភាពឱ្យបានត្រឹមត្រូវទស្សនៈវិស័យ វិន័យចំពោះខ្លួនឯង ជំនាញដោះស្រាយបញ្ហា និងឥរិយាបទវិជ្ជមានជាដើម The number one reason leaders are unsuccessful is their inability to lead themselves. Self leadership: many qualities come to mind: integrity, right prioritie, vision, self-discipline, problem-solving skills, a positive attitude and so forth”។
ដូច្នេះ មុននឹងទៅដឹកនាំគេបាន លុះត្រាតែដឹកនាំខ្លួនឯងឱ្យបានល្អសិន ហើយក្រោយពីដឹកនាំខ្លួនឯងបានហើយនោះ អ្នកអាចចាប់ផ្តើមទៅគ្រប់គ្រង និងដឹកនាំគេបានហើយ និងជោគជ័យទៀតផង។
(ប្រសិនបើលោកអ្នកមានបំណងចង់ជាវសៀវភៅនេះ សូមអញ្ជើញទាក់ទងអ្នកនិពន្ធ អ៊ឹម ផល្លា ០១២ ៦២២ ២២៧។)
© រក្សាសិទ្ធិដោយ thmeythmey.com