ជាតិ
សេដ្ឋកិច្ច
លោក យន្ត មីន ស្នើឲ្យឥណ្ឌាមកវិនិយោគក្នុងខេត្តព្រះសីហនុ
× ភ្នំពេញ៖ អភិបាលខេត្តព្រះសីហនុ ស្នើឲ្យអ្នកវិនិយោគឥណ្ឌាដាក់ទុនរកស៊ីនៅខេត្តតំបន់ទេសចរណ៍មួយនេះ។ ការស្នើនេះធ្វើឡើងនៅក្នុងជំនួបជាមួយលោកស្រី Manika Jain ឯកអគ្គរដ្ឋទូត នៃស្ថានទូតឥណ្ឌាប្រចាំកម្ពុជា។
ក្នុងជំនួបពិភាក្សាគ្នានោះ លោក យន្ត មីន បានប្រាប់ឯកអគ្គរដ្ឋទូតឥណ្ឌាថា ខេត្តព្រះសីហនុ កំពុងមានអ្នកវិនិយោគបរទេសជាច្រើន ជាពិសេសវិនិយោគិនចិន ប៉ុន្តែវិនិយោគិនឥណ្ឌាមិនទាន់មាននៅឡើយ។ ដូច្នេះដើម្បីទាក់ទាញអ្នកវិនិយោគពីឥណ្ឌានេះ អភិបាលខេត្តព្រះសីហនុ បានសន្យាថា អាជ្ញាធរនឹងជួយសម្រួល និងអនុគ្រោះគ្រប់បែបយ៉ាងដល់អ្នកទេសចរ និងវិនិយោគឥណ្ឌា ដែលមកវិនិយោគនៅខេត្តព្រះសីហនុ។
បើតាមហ្វេសប៊ុករដ្ឋបាលខេត្តព្រះសីហនុ លោក យន្ត មីន បានស្នើដូច្នេះ៖«ឯកអគ្គរដ្ឋទូតឥណ្ឌាថ្មីប្រចាំនៅកម្ពុជា ជួយផ្សព្វផ្សាយពីសក្តានុពលរបស់ខេត្តព្រះសីហនុ ដល់ប្រជាពលរដ្ឋ និងវិនិយោគិនឥណ្ឌា មកធ្វើការវិនិយោគនៅខេត្តព្រះសីហនុ»។
ជាការឆ្លើយតប លោកស្រី Manika Jain ឯកអគ្គរដ្ឋទូតឥណ្ឌាសន្យាជួយជំរុញអ្នកវិនិយោគ និងទេសចរឥណ្ឌាមកទស្សនាខេត្តព្រះសីហនុ សម្រាប់គោលដៅវិនិយោគនាថ្ងៃខាងមុខ។
ឥណ្ឌា និងកម្ពុជាមានកិច្ចសហប្រតិបត្តិការទំនាក់ទំនងល្អ ដោយផ្តោតលើកិច្ចសហប្រតិបត្តិការអាស៊ាន លើគម្រោងអភិវឌ្ឍមេគង់ វិស័យអប់រំ បណ្តុះបណ្តាលធនធានមនុស្ស។ ក្នុងមួយឆ្នាំៗ ឥណ្ឌាជួយបណ្តុះបណ្តាលធនធានមនុស្សកម្ពុជាចំនួន ១៥០នាក់ ហើយនឹងកើនឡើង២៩នាក់ទៀត នៅឆ្នាំ២០១៩នេះ ក្នុងនោះក៏មានវិស័យការពារជាតិ បណ្តុះបណ្តាលធនធានមនុស្ស ផ្នែកកងទ័ពជើងទឹក ផ្តោតសំខាន់លើបច្ចេកទេសដោះមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាដើម។ នេះជាការលើកឡើងរបស់ឯកអគ្គរដ្ឋទូតឥណ្ឌាថ្មីប្រចាំនៅកម្ពុជា។
គួររម្លឹកថា នៅឆ្នាំ២០១៧ មានអ្នកទេសចរឥណ្ឌា មកកម្សាន្តខេត្តព្រះសីហនុចំនួន ១.០២៥នាក់ ហើយក្នុងឆ្នាំ២០១៨ មានចំនួន២.៥៧៨នាក់៕
Tag:
យន្ត មីន
ឥណ្ឌា
វិនិយោគ
© រក្សាសិទ្ធិដោយ thmeythmey.com