សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា (Eurocham) ដែលតំណាងឲ្យក្រុមហ៊ុនឯកជនប្រមាណ៣៥០ បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយសម្តែងការសោកស្តាយ ចំពោះគណៈកម្មការអឺរ៉ុប ដែលសម្រេចចាប់ផ្តើមបើកកិច្ចពិភាក្សានៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ ដើម្បីឆ្ពោះទៅរកការដកជាបណ្តោះអាសន្ននូវប្រព័ន្ធអនុគ្រោះពន្ធ EBA ចេញពីកម្ពុជា។
តាមរយៈសេចក្តីប្រកាសព័ត៌មាន សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា បារម្ភយ៉ាងខ្លាំងពីផលអវិជ្ជមាន ដែលអាចកើតឡើងលើពាណិជ្ជកម្មរវាងកម្ពុជានិងសហភាពអឺរ៉ុប ទាំងពេលបច្ចុប្បន្ននិងទៅអនាគត ដោយសារតែការសម្រេចចិត្តរបស់គណៈកម្មការអឺរ៉ុប។ សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា សង្កត់ធ្ងន់យ៉ាងដូច្នេះថា៖«ការចាប់ផ្តើមនីតិវិធីដកប្រព័ន្ធអនុគ្រោះពន្ធ EBA គឺនាំឲ្យប៉ះពាល់ដល់ការវិវត្តសេដ្ឋកិច្ចនិងសង្គមកម្ពុជា»។
សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា បានបន្តទៀតថា៖«ការសម្រេចរបស់គណៈកម្មការអឺរ៉ុប មិនត្រឹមតែប៉ះពាល់ដល់សមិទ្ធផលកន្លងមកនិងទៅអនាគតទេ តែថែមទាំងអាចប៉ះបាល់ដល់ការអភិវឌ្ឍផ្សេងទៀត ដែលសហភាពអឺរ៉ុប បានផ្តល់មូលនិធិក្នុងរយៈពេលពីរទសវត្សរ៍មកហើយ ហើយបានជួយអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជាយ៉ាងលឿន»។
ខណៈគណៈកម្មការអឺរ៉ុប ចាប់ផ្តើមពិភាក្សាពីនីតិវិធីនៃការដកប្រព័ន្ធអនុគ្រោះពន្ធ EBA សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បង្ហោះសារលើទំព័រហ្វេសប៊ុកថា ស្ថានភាពនយោបាយ និងសេដ្ឋកិច្ចកម្ពុជា កំពុងឆ្ពោះទៅរកភាពកាន់តែល្អប្រសើរ។ ប្រមុខរដ្ឋាភិបាលកម្ពុជា បានសរសេរបែបនេះថា៖«ចំពោះចំណូលពន្ឋ គឺបានកើនឡើងជាបន្តបន្ទាប់។ សេដ្ឋកិច្ចកម្ពុជាពីមុនហ៊ុមព័ទ្ឋដោយទារុណកម្ម និងការកៀបសង្កត់ ប៉ុន្តែពេលនេះគឺបានងើបលូតលាស់និងកាន់តែរឹងមាំ»។
ការបើកកិច្ចពិភាក្សារបស់គណៈកម្មការអឺរ៉ុប ពុំទាន់អាចឈានទៅដល់ការសម្រេចដកប្រព័ន្ធអនុគ្រោះពន្ធ EBA នោះទេ ពីព្រោះថា នីតិវិធីនេះ ត្រូវការពេល១ឆ្នាំឯណោះ ហើយនីតិវិធី ទើបនឹងចាប់ផ្តើម នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩នេះទេ។ ដូច្នេះ រហូតដល់អំឡុងខែកុម្ភៈ ឆ្នាំក្រោយ ទើបសហភាពអឺរ៉ុប នឹងធ្វើសេចក្តីសម្រេចចុងក្រោយថាដកឬមិនដក។ ហើយលើសពីនេះ សហភាពអឺរ៉ុប ត្រូវការពេលវេលា៦ខែបន្ថែមទៀត ដើម្បីដាក់សេចក្តីសម្រេចស្តីពីការដកប្រព័ន្ធអនុគ្រោះពន្ធនេះ ឲ្យចូលជាធរមាន។
អ្នកស្រី Cecilia Malmstrom ប្រធានគណៈកម្មាធិការពាណិជ្ជកម្មនៃសហភាពអឺរ៉ុប បានមានប្រសាសន៍ថា៖«កិច្ចពិភាក្សានេះ មិនមែនជាសេចក្តីសម្រេចចុងក្រោយទេ ហើយនីតិវិធី ក៏មិនទាន់ឈានដល់ដំណាក់កាលបញ្ចប់ដែរ។ ប៉ុន្តែ ពេលវេលា ដើរទៅមុខហើយ ហើយយើង ចង់ឃើញសកម្មភាពជាក់ស្តែងក្នុងពេលខាងមុខឆាប់ៗនេះ»។ នេះបើតាមខ្លឹមសារក្នុងសេចក្តីប្រកាសព័ត៌មានរបស់សហភាពអឺរ៉ុបស្តីពីការបើកកិច្ចពិភាក្សា។
ចំណែក អ្នកស្រី Federica Mogherini អនុប្រធានគណៈកម្មការអឺរ៉ុប និងជាតំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការអន្តរជាតិ បានលើកឡើងក្នុងសេចក្តីប្រកាសព័ត៌មានថា ក្នុងរយៈពេល១៨ខែកន្លងមកនេះ សហភាពអឺរ៉ុប សង្កេតឃើញថា កម្ពុជា មានការធ្លាក់ចុះខ្លាំងនូវលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និង នីតិរដ្ឋ។
សេចក្តីប្រកាសព័ត៌មាន បានសង្កត់ធ្ងន់ថា៖«ប្រព័ន្ធអនុគ្រោះពន្ធ EBA អាចនឹងត្រូវលុបចេញពីប្រទេសណា ដែលបរាជ័យក្នុងការគោរពសិទ្ធិមនុស្សនិងសិទ្ធិនិយោជិតកម្មករ»៕