ជាតិ
សង្គមជាតិ
សម្ដេច ស ខេង បន្ទោស​រដ្ឋបាលខេត្ត​ព្រះសីហនុ ដែល​ប្រើ​កម្លាំង​ទាហាន​បង្ក្រាប​ពលរដ្ឋ​រឿង​ដីធ្លី​
13, Feb 2019 , 12:29 pm        
រូបភាព
សម្ដេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
សម្ដេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
​ភ្នំពេញ​៖ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បន្ទោស​រដ្ឋបាលខេត្ត​ព្រះសីហនុ ដែល​បាន​ប្រើប្រាស់​កម្លាំង​ទាហាន​បង្ក្រាប​ពលរដ្ឋ​រឿង​ដីធ្លី កាលពីពេល​ថ្មីៗ​នេះ​។ សម្ដេច ស ខេង ចាត់ទុក​ការអនុវត្ត​ការងារ​បែបនេះ ជា​រឿង​ផ្ទុយ​ពី​ច្បាប់​។​

 
​ថ្លែង​ក្នុង​ពិធី​បើក​សន្និបាត​ត្រួតពិនិត្យ​ការងារ​ឆ្នាំ​២០១៨ លើក​ទិសដៅ​ការងារ​ឆ្នាំ​២០១៩ សម្ដេច ស ខេង បាន​លើកយក​ករណី​ជម្លោះដីធ្លី​នៅ​ខេត្ត​ព្រះសីហនុ មក​ពន្យល់​ដល់​មន្ត្រី​ពាក់ព័ន្ធ​ក្នុង​ក្របខណ្ឌ​មហាផ្ទៃ ឲ្យ​យល់​ពី​កាលៈទេសៈ​នៃ​ការទប់ស្កាត់​ស្ថានការណ៍​វិវាទ​ជាមួយ​ពលរដ្ឋ​។ ត្រង់ចំណុច​នេះ សម្ដេច ស ខេង បាន​និយាយថា ការអនុវត្ត​ការងារ​របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ហាក់ដូចជា​ផ្ទុយ​ពី​ច្បាប់​បន្តិច ក្នុងការ​ប្រើប្រាស់​កម្លាំង​ទាហាន​ទៅ​បង្ក្រាប​ពលរដ្ឋ​។ ក្នុងន័យនេះ​ប្រមុខ​ក្រសួងមហាផ្ទៃ បាន​ពន្យល់ថា បើសិនជា​ការបង្ក្រាប​នោះ ប្រើប្រាស់​ត្រឹម​កម្លាំង​ប៉ូលិស ប៉េអឹម និង​ព្រះរាជអាជ្ញា​ពី​ខាង​តុលាការ ចុះ​ដោះស្រាយ​ដោយ​សន្តិវិធី​នោះ វា​ជា​រឿង​ត្រឹមត្រូវ​ជាង​ការប្រើប្រាស់​កម្លាំង​ទាហាន​។ សម្រាប់​សម្ដេច ស ខេង ការអនុវត្ត​របស់រ​ដ្ឋ​បាល​ខេត្ត​ព្រះសីហនុ អាចជា​មេរៀន​ឆ្គាំឆ្គង​ដល់​ថ្នាក់ដឹកនាំ​តាម​ខេត្ត​ដទៃ ដែល​គួរតែ​ចៀសវាង​ការអនុវត្ត​ការងារ​បែបនេះ​។​

សូមស្តាប់ប្រសាសន៍សម្តេច ស​ ខេង៖



 
​ក្រៅពី​ខេត្ត​ព្រះសីហនុ​នេះ ក៏​ធ្លាប់មាន​រដ្ឋបាល​ខេត្តក្រចេះ បាន​អនុវត្ត​ការងារ​បែបនេះ ដែល​សម្ដេច ស ខេង បានកត់សម្គាល់​ដែរ​។ ដើម្បី​កុំ​ឲ្យ​មានការ​អនុវត្ត​ខុសឆ្គង​ដដែល​ទៀត រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ក៏បាន​លើក​ពីបទ​ពិសោធន៍ ដែល​សម្ដេច​ធ្លាប់បាន​បញ្ជា​ផ្ទាល់​ទៅ​អភិបាលខេត្ត​កំពង់ធំ ឲ្យ​ដោះស្រាយ​បញ្ហាដីធ្លី​ជាមួយ​ពលរដ្ឋ ហើយ​ទទួលបាន​ជោគជ័យ​ផងដែរ​។ បើតាម​សម្ដេច ស ខេង ករណី​ដោះស្រាយ​ដីធ្លី​នៅ​ខេត្តកំពង់ធំ​ជោគជ័យ​នោះ គឺ​ដោយសារ​សម្ដេច​បាន​ហាម​អភិបាលខេត្ត​ប្រើប្រាស់​កម្លាំង​ជាដាច់ខាត ពោលគឺ​ត្រូវ​ហៅ​ពលរដ្ឋ​រងគ្រោះ​ដីធ្លី​ទាំងនោះ មកជួប​ប្រជុំគ្នា ហើយ​ពន្យល់​ពួកគាត់​ពី​ដំណោះស្រាយ​ត្រឹមត្រូវ​មួយ ដោយ​អនុវត្ត​ការងារ​តាម​ការសន្យា​ជាមួយ​ពួកគាត់​ភ្លាមៗ នៅពេលដែល​ពួកគាត់​ព្រមព្រៀង​ទទួលយក​ការសម្រេច​របស់​អាជ្ញាធ​រ​។ ចំណុច​នេះហើយ ដែល​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​រូបនេះ ចាត់ទុកជា​ការអនុវត្ត​តាមច្បាប់​ត្រឹមត្រូវ ដោយ​គ្មាន​អំពើហិង្សា​លើ​ពលរដ្ឋ​។​
 
​ក្រោយពី​រៀបរាប់​ចំណុច​ខាងលើនេះ សម្ដេច ស ខេង បាន​ផ្ដាំ​ឲ្យ​មន្ត្រី​អនុវត្ត​ច្បាប់​ទាំងអស់ ត្រូវ​ចេះ​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី ប្រសើ​ជាង​ប្រើ​កម្លាំងបាយ​លើ​ពលរដ្ឋ​។ «​សាល​ដី​របស់​តុលាការ បើ​យើង​មិន​ធ្វើតាម​គឺខុស​ហើយ ប៉ុន្តែ​យើង​ទៅធ្វើ​ឲ្យ​មាន​ព្យុះ​សន​កម្ម ច្បាប់​ក៏​អនុញ្ញាត​ឲ្យ​យើង​ដកខ្លួន​សិន ដើម្បី​ពិចារណា​រក​វិធី​ដោះស្រាយ​។ ហើយ​យើង​មិន​ធ្វើបែបនេះ បែរ​ទៅ​(​អនុវត្ត​)​ទាំង​កម្រោល​ហ្មង ឲ្យ​ទៅ​ម៉េច​ក៏​ទៅៗ​។ ក្នុងស្ថានភាព ស្ថានការណ៍​បែបនេះ យើង​លេង​របៀបនេះ​មិន​បានទេ ហើយ​ទៅមុខ​ក៏​រឹតតែ​មិនបាន​ទៀត​»​។ នេះ​ជាការ​លើកឡើង​របស់រ​ដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ​។​
 
​កាលពី​ខែមករា​កន្លងមក មាន​ប្រជាពលរដ្ឋ​ជាច្រើន​នាក់ បាននាំគ្នា​ទៅ​តវ៉ា​រឿង​ដីធ្លី ក្រោយ​តុលាការ​កំពូល ចេញ​សាលដីកា​ស្ថាពរ ដោយ​សម្រេច​ឲ្យ​ឧកញ៉ា  ស៊ីវ គង់​ទ្រី​វ ឈ្នះក្តី​លើ​ពួកគេ លើ​សំណុំរឿង​ដីធ្លី​។ បន្ទាប់មក សមត្ថកិច្ច ក៏​នាំគ្នា​ទប់ស្កាត់​ប្រជាពលរដ្ឋ​ទាំងនោះ ដោយ​អះអាងថា ជាការ​អនុវត្តតាម​សាលដីកា​របស់​តុលាការ​កំពូល​។ តាមរយៈ​ការបង្ក្រាប​នោះ ក៏មាន​ពលរដ្ឋ​រងរ​បួស​ផងដែរ ទើប​ឈានទៅដល់​ការរកឃើញ​ប៉េអឹម​ម្នាក់​ដែល​ប្រើប្រាស់​អាវុធ បាញ់​មកលើ​ពលរដ្ឋ​នេះ​៕

Tag:
 ស ខេង​
  ដីធ្លី
© រក្សាសិទ្ធិដោយ thmeythmey.com