កីឡាជាតិ
ជាតិ
យុទ្ធសាស្ត្រ​ដាក់​សម្ពាធ​លើ​ដៃគូ​ជួយ​ឲ្យ កាន់ សោ​ភ័​ណ្ឌ គ្រង​ជើងឯក​ពាន​សម្តេច ស ខេង​
13, Feb 2019 , 3:00 pm        
រូបភាព
ដោយ:
​កីឡាករ​សូ​ហ្វ​តិ​ន្នី​ស កាន់ សោ​ភ័​ណ្ឌ បាន​យកឈ្នះ​កីឡាករ អន សម្បត្តិ ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ ដើម្បី​គ្រង​ជើងឯក​លើ​វិញ្ញាសា​ឯកត្តជន នា​ការប្រកួត​ដណ្តើមពាន​រង្វាន់​សម្តេច ស ខេង ប្រចាំឆ្នាំ​២០១៩​។ ការដឹង​ពី​ចំណុចខ្សោយ​របស់​គូប្រជែង និង​ការខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់ ក៏​ជា​កត្តា​រួមចំណែក​ក្នុង​ជ័យជម្នះ​របស់ សោ​ភ័​ណ្ឌ ផងដែរ​។ កីឡាករ អន សម្បត្តិ បានបង្ហាញ​ការភ្ញាក់ផ្អើល និង​កោតសរសើរ​សមត្ថភាព​របស់ កាន់ សោ​ភ័​ណ្ឌ ដែល​រីកចម្រើន​ស្ទើរ​មិនគួរ​ឲ្យ​ជឿ​។ ទោះបី​ចង់យក​ឈ្នះ​លើ​គូប្រកួត​ក៏ដោយ សម្បត្តិ ជំរុញ សោ​ភ័​ណ្ឌ បន្ត​ខិតខំ​ហ្វឹកហាត់ ដើម្បី​រក្សា​ភាពខ្លាំង​របស់ខ្លួន​។  

 
​ការដាក់​សម្ពាធ​លើ​គូប្រជែង​ឲ្យ​បាន​មុន ត្រូវបាន​កីឡាករ កាន់ សោ​ភ័​ណ្ឌ ចាត់ទុកជា​យុទ្ធសាស្ត្រ​ជួយ​ជំរុញ​ឲ្យ​រូបគេ​អាច​យកឈ្នះ​កីឡាករ អន សម្បត្តិ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ដើម្បី​ឈ្នះ​មេដាយមាស​ឯកត្តជន នា​ការប្រកួត​ពានរង្វាន់​ស​ម្តេច ស ខេង ប្រចាំឆ្នាំ​២០១៩ ដែល​បានបញ្ចប់​ដោយ​ទទួលបាន​ការវាយតម្លៃ​ខ្ពស់​ពី​ថ្នាក់ដឹកនាំ​។ កីឡាករ​រូបនេះ ជឿជាក់ថា បើ​គេ​មិន​ប្រើ​យុទ្ធសាស្ត្រ​នេះ អាច​នឹង​រក​បរាជ័យ​ក្រោម​ថ្វីដៃ​កីឡាករ អន សម្បត្តិ ដែលជា​កីឡាករ​ជើង​ខ្លាំង​មួយរូប​។ 


កីឡាករ កាន់ សោភ័ណ្ឌ (អាវលឿង)ចាប់ដៃជាមួយកីឡាករ អន សម្បត្តិ ក្រោយចប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ
 
​ការព្យាយាម​ហ្វឹកហាត់​ជាមួយ​ការដាក់​គោលដៅ​ត្រៀម​ប្រជែង​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​នៅ​ហ្វីលីពីន​ឆ្នាំ​២០១៩ និង​ការដឹង​ពី​ចំណុចខ្សោយ​របស់​គូប្រជែង ក៏​ជា​កត្តា​រួមចំណែក​ក្នុង​ជោគជ័យ​របស់គេ​ផងដែរ​។ ក្រៅពី​មេដាយ​លើ​វិញ្ញាសា​នេះ កាន់ សោ​ភ័​ណ្ឌ បានឈ្នះ​មេដាយមាស​លើ​វិញ្ញាសា​វាយ​គូ​ផងដែរ ដោយ​ចាប់​ដៃគូ​ជាមួយ​កីឡាករ ឯក ចំរើន​។ 


កីឡាករ កាន់ សោភ័ណ្ឌ ពេលប្រកួតវគ្គផ្តាច់ព្រ័ត្រជាមួយកីឡាករ អន សម្បត្តិ
 
«​ខ្ញុំ​ប្តេជ្ញា​ថា​ត្រូវតែ​ប្តូរ​ដើម្បី​ដាក់​សម្ពាធ​លើ​កីឡាករ អន សម្បត្តិ បើ​ពុំ​នោះទេ​ខ្ញុំ​អាច​នឹង​ចាញ់​។ ដោយសារ​ខ្ញុំ​ធ្លាប់​លេង​ជាមួយ​គាត់​(​ស​ម្ប​តិ្ត​) ធ្វើ​ឲ្យ​ខ្ញុំ​ដឹង​ល្បិច​គាត់ បើសិន​ខ្ញុំ​លេង​អូស​ធម្មតា គាត់​អាចដាក់​សម្ពាធ​លើ​ខ្ញុំ និង​ធ្វើ​ឲ្យ​ខ្ញុំ​អាច​ចាញ់​។ យុទ្ធសាស្ត្រ​នេះហើយ ដែល​ជួយ​ឲ្យ​ខ្ញុំ​អាចដាក់​សម្ពាធ​លើ​គាត់​មិនអាច​តដៃ​បាន​»​។ នេះ​ជាការ​បញ្ជាក់​របស់​កីឡាករ កាន់ សោ​ភ័​ណ្ឌ​។  


កីឡាករ អន សម្បត្តិ​ ពេលប្រកួតវគ្គផ្តាច់ព្រ័ត្រជាមួយកីឡាករ កាន់ សោភ័ណ្ឌ, រូបភាពពីអង្គភាពក្រសួងមហាផ្ទៃ
 
​ដោយឡែក​កីឡាករ អន សម្បត្តិ ដែល​បាន​ចាញ់​កីឡាករ កាន់ សោ​ភ័​ណ្ឌ ជាមួយ​លទ្ធផល​ដ៏​ជូរចត់​ក៏បាន​ចាត់ទុក​ការដាក់​សម្ពាធ​ពី​សំណាក់​កីឡាករ​រូបនេះ​ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​គេ​ចាញ់​តដៃ​មិន​រួច​ផងដែរ​។ សម្បត្តិ ប្តេជ្ញា​ថា រូបគេ​នឹង​ខិតខំ​ប្រឹងប្រែង​អភិវឌ្ឍន៍​សមត្ថភាព​ឲ្យ​កាន់តែខ្លាំង ដើម្បី​យកឈ្នះ​កីឡាករ​រូបនេះ​នៅ​ការប្រកួត​លើក​ក្រោយៗ​ទៀត​។   


 
«​សម្រាប់​ការប្រកួត​កន្លងមក​មាន​ពេលខ្លះ​ខ្ញុំ​អាចដាក់​សម្ពាធ​លើ​គាត់​(​សោ​ភ័​ណ្ឌ​)​ច្រើន​ដែរ តែ​លើក​នេះ​គាត់​ល្អ​មែនទែន​ខ្ញុំ​មិនដឹងថា គាត់​យ៉ាងម៉េច​នោះទេ ដូច​ពាក្យ​ខ្មែរ​យើង​ថា​ដូច​ខ្មោច​ចូល វាយ​យ៉ាងម៉េច ក៏​គាត់​អាច​យកបាន​ដែរ​។ មិនមែន​តែ​ខ្ញុំ​ទេ​ដែល​មិន​អាចយ​កបាល់​គាត់​បាន សូម្បី​ឲ្យ​ជើង​ខ្លាំង​មកពី​ជប៉ុន​ក៏​មិនអាច​យកបាន​ដែរ ព្រោះ​គាត់​វាយ​ល្អ​មែនទែន​»​។ កីឡាករ អន សម្បត្តិ បាន​រៀបរាប់​បែបនេះ ហើយ​បាន​បន្ថែមថា មរណភាព​របស់​ប្អូន ក៏​ជា​កត្តា​រួមចំណែក​ធ្វើ​ឲ្យ​រូបគេ​ខ្វះ​ការយកចិត្តទុកដាក់​ក្នុងការ​ប្រកួត​ផងដែរ​។ 


 
​គួរ​បញ្ជាក់ថា មុន​ការប្រកួត​មកដល់​ពីរ​ថ្ងៃ​កីឡាករ អន សម្បត្តិ បាន​បាត់បង់​ប្អូនប្រុស​ជា​ស្រលាញ់ គឺ​យុវជន អន ចាន់​សុ​ផា ដែល​បានទទួល​មរណភាព​ដោយ​ខ្យល់គ​។ តាមពិត​ដំបូង សម្បត្តិ គ្រោង​នឹង​បដិសេធ​ចូលរួម​ការប្រកួត​ឆ្នាំនេះ​ទៀតផង តែដោយសារ​នឹកឃើញ​អនុស្សាវរីយ៍​ប្អូនប្រុស​ចូលចិត្ត​វិស័យ​កីឡា និង​តែងតែ​តេ​ទូរ​សព្ទ​មក​សួរ​ពី​លទ្ធផល រូបគេ​ក៏​សម្រេច​ចូលរួម​ប្រកួត​ឡើងវិញ​។​


 
​ទោះបី​យ៉ាងនេះ​ក្តី អន សម្បត្តិ បានបង្ហាញ​ការភ្ញាក់ផ្អើល​និង​កោតសរសើរ​យ៉ាង​ខ្លាំ​អ​ពី​សមត្ថភាព​របស់​កីឡាករ កាន់ សោ​ភ័​ណ្ឌ​។ រូបគេ​បាន​រៀបរាប់​ដូច្នេះ​ថា​៖«​សម្រាប់​ការប្រកួត​លើក​នេះ​ខ្ញុំ​សុំ​សរសើរ​ដៃគូ​របស់ខ្ញុំ​កីឡាករ កាន់ សោ​ភ័​ណ្ឌ គឺ​បាល់​របស់គាត់​ល្អ​ខ្លាំង​មែនទែន​។ ពេល​ខ្ញុំ​វាយ​ចេញទៅ​គាត់​អាច​បក​មក​ខ្ញុំ​វិញ​ជានិច្ច ពិសេស​គាត់​វាយ​ទាញ​កៀកៗ​និង​ចុង​ខ្សែ​ល្អ ធ្វើ​ឲ្យ​ខ្ញុំ​ពិបាក​ក្នុងការ​វាយបក​ទៅវិញ​។ កាន់ សោ​ភ័​ណ្ឌ គាត់​បានដាក់​សម្ពាធ​មុន ធ្វើ​ឲ្យ​ពិបាក​ក្នុងការ​ទទួលយក​បាល់​របស់គាត់ និង​វាយបក​ទៅ​គាត់​វិញ​»​។​
 
​សម្រាប់​ការប្រកួត​ពានរង្វាន់​ស​ម្តេច ស ខេង លើក​ទី​៦​នេះ ក្រសួងមហាផ្ទៃ​ដណ្តើមបាន​មេដាយមាស​៧ ប្រាក់​៥ និង​សំរឹទ្ធ​៥, ក្លិប​អគ្គស្នងការ​នគរបាល​ជាតិ​ប្រាក់​២ និង​សំរឹទ្ធ​៤, ក្រសួងការពារជាតិ​សំរឹទ្ធ​២, ខេត្តកំពង់ស្ពឺ​សំរឹទ្ធ​២ និង​ក្លិប​ជប៉ុន​សំរឹទ្ធ​១​។ ការប្រកួត​នេះ​មាន​កីឡាករ​កីឡាការិនី​៩០​នាក់​មកពី​៧​ក្លិប​-​សមាគម​ចូលរួម ដោយ​ប្រកួត​លើ​៧​វិញ្ញាសា​៕  
 

Tag:
 សូ​ហ្វ​តិ​ន្នី​ស​
  កាន់ សោ​ភ័​ណ្ឌ​
  អន សម្បត្តិ​
  ពាន​សម្តេច ស ខេង
© រក្សាសិទ្ធិដោយ thmeythmey.com