ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក សម រង្ស៊ី​៖ អ្នកវិនិយោគ នឹង​ចេញពី​កម្ពុជា​ពី​ពេលនេះ មុន​ទណ្ឌកម្ម​អន្តរជាតិ​មកដល់
14, Feb 2019 , 11:01 am        
រូបភាព
រូបពី AFP
រូបពី AFP
ដោយ: ថ្មីៗ
​លោក សម រង្ស៊ី យល់ថា អ្នកវិនិយោគ នឹង​ចាប់ផ្តើម​ដកថយ​ពី​កម្ពុជា​បណ្តើរៗ មុន​ទណ្ឌកម្ម​អន្តរជាតិ​មកដល់ ដោយ​ពួកគេ មិន​រង់ចាំ​រហូតដល់​ទណ្ឌកម្ម​មកដល់​ហើយ ទើប​គិតគូរ​នោះទេ​។ មន្ត្រី​បក្ស​កាន់អំណាច ចាត់ទុក​សារ​របស់លោក សម រង្ស៊ី ថា​មាន​ចេតនា​បំបែកបំបាក់​។​


 
​បី​ថ្ងៃ ក្រោយ​គណៈកម្មការ​អឺរ៉ុប ផ្តើម​នីតិវិធី​ផ្លូវការ​នៃ​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​លើស​ព្វ​មុខទំនិញ (EBA) ចេញពី​កម្ពុជា លោក សម រង្ស៊ី មេដឹកនាំ​ក្រុមប្រឆាំង ដែល​កំពុង​និរទេស ក៏​ចេញមក​បញ្ចេញមតិ តាមរយៈ​សារ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​។ លោក ហ៊ាន​សន្និដ្ឋានថា ទណ្ឌកម្ម​ពាណិជ្ជកម្ម​របស់​អន្តរជាតិ ជិត​ឈាន​មកដល់​ហើយ ក្នុង​ឆ្នាំ​២០១៩​នេះ ដោយសារតែ​រដ្ឋាភិបាល​កម្ពុជា ដែល​ស្ថិតក្រោម​ការដឹកនាំ​រប​ស់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មិន​ព្រម​កែប្រែ​ឥរិយាបថ​។​
 
​មេដឹកនាំ​ក្រុមប្រឆាំង​រូបនេះ បាន​ប្រៀបធៀប​រដ្ឋាភិបាល​កម្ពុ​ជា ទៅនឹង​កប៉ាល់​ធ្លុះធ្លាយ​មួយ ដែល​ហួសពេល​នឹង​ជួសជុល​ទៅហើយ ហើយ​កប៉ាល់​នេះ នឹង​ជួប​រឿង​អកុសល ដោយ​ត្រូវ​លិចលង់​នៅ​កណ្តាល​សមុទ្រ ក្នុង​ឆ្នាំង​២០១៩​នេះ​។ លោក មើលឃើញថា ហា​នី​ភ័យ ដែល​នឹង​កើតមាន​ចំពោះ​ពាណិជ្ជកម្ម​និង​សេដ្ឋកិច្ចកម្ពុជា កំពុង​ប៉ះទង្គិច​ផ្លូវចិត្ត​របស់​ពួក​អ្នកវិនិយោគ ហើយ​ពួកគេ ប្រាកដជា​ចាប់ផ្តើម​គិតគូរ​រក​វិធី​ចាកចេញ ឲ្យ​បាន​មុន​ហា​នី​ភ័យ​មកដល់​។   
 
​លោក បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា​៖«​អ្នក​ដែល​នៅលើ​កប៉ាល់​នេះ មិនអាច​រង់ចាំ​រហូត​ទល់​តែ​កប៉ាល់​លិច​នោះទេ ប៉ុន្តែ​ពួកគេ ត្រូវតែ​លោត​ចេញពី​កប៉ាល់ ឲ្យ​បាន​មុន​កប៉ាល់​លិច​។ ការ​សម្រេច​ចិត្ត​លោត​ចេញ​ពេលនេះ គឺជា​ការសម្រេចចិត្ត​ដ៏​ត្រឹមត្រូវ​របស់​ពួក​អ្នកវិនិយោគ​នៅ​កម្ពុជា​។ សូម្បីតែ​អ្នកបញ្ជា​ទិញ​ពី​ក្រៅប្រទេស ក៏​គេ​ផ្អាក​ឬ​លុបចោល​តែម្តង នូវ​ការបញ្ជាទិញ​របស់គេ តាំងពី​ឥឡូវ​នេះដែរ ពីព្រោះ​ពួកគេ មិន​ចង់​ជាប់​ឈ្មោះ​របស់​ពួកគេ ទៅនឹង​ឈ្មោះ​ដ៏​អាក្រក់​របស់ [​រដ្ឋាភិបាល​កម្ពុជា​] ដែល​នឹង​ទទួល​ទណ្ឌកម្ម​ពី​អន្តរជាតិ​នោះទេ​»​។​
 
​ទោះ​លោក សម រង្ស៊ី ចាត់ទុកថា​ជា​បញ្ហា​ធំដុំ​បែបនេះ​ក្តី តែ​លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ហាក់​មិន​ចាប់អារម្មណ៍ ដោយ​លោក ជឿជាក់ថា កម្ពុជា នឹងមិន​ជួប​រឿង​បែប​នេះឡើយ​។ លោក យល់ថា សា​របស់លោក សម រង្ស៊ី គឺ​គ្រាន់តែ​ដើម្បី​បំបែកបំបាក់​ប៉ុណ្ណោះ ដូច​កាលដែល​លោក អំពាវនាវ​ឲ្យ​កងទ័ព ងើប​បះបោរ​នឹង​រដ្ឋាភិបាល​កន្លងមក​ដែរ​។
 
​អ្នកនាំពាក្យ​គណបក្សកាន់អំណាច​រូបនេះ ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរ​សព្ទ​យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ មិន​ចង់​ឆ្លើយ​អី​វែងឆ្ងាយ​ទេ ព្រោះ​សារ​របស់គាត់ អត់​ប្រយោជន៍ ហើយ​គ្មាន​អ្នកណា​គេ​ទៅ​ចាប់អារម្មណ៍​ទេ​»​។  
 
​វា ជា​លើកដំបូង ដែល​គណៈកម្មការ​អឺរ៉ុប ចាប់ផ្តើម​បើក​កិច្ចពិភាក្សា​ជា​ផ្លូវការ កាលពី​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៩ ដើម្បី​ឆ្ពោះទៅរក​ការដក​ជា​បណ្តោះអាសន្ន​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ចេញពី​កម្ពុជា ។ គណៈកម្មការ​អឺរ៉ុប ត្រូវការ​ពេល​មួយឆ្នាំ​កន្លះ មុននឹង​ឈានដល់​ការសម្រេច​ជា​ផ្លូវការ​ថា​ដក​ឬ​មិន​ដក​។ 
 
​អ្នកស្រី Cecilia Malmstrom ប្រធាន​គណៈកម្មការ​ពា​ណិ​ជ្ជ​កម្ម​នៃ​សហភាព​អឺរ៉ុប បាន​មានប្រសាសន៍ថា កិច្ចពិភាក្សា​នេះ មិនមែនជា​សេចក្តីសម្រេច​ចុងក្រោយ​ទេ ហើយ​នីតិវិធី ក៏​មិនទាន់​ឈានដល់​ដំណាក់កាល​បញ្ចប់​ដែរ​។ ប៉ុន្តែ ពេលវេលា ដើរទៅ​មុខ​ហើយ ហើយ​សហភាព​អឺរ៉ុប ចង់ឃើញ​សកម្មភាព​ជាក់ស្តែង​ក្នុងពេល​ខាងមុខ​ឆាប់ៗ​នេះ​»​។​
 
​រីឯ អ្នកស្រី Federica Mogherini អនុប្រធាន​គណៈកម្មកា​រ​អឺរ៉ុប និង​ជា​តំណាង​ជាន់ខ្ពស់​ទទួលបន្ទុក​កិច្ចការ​អន្តរជាតិ បាន​លើកឡើងថា ក្នុង​រយៈពេល​១៨​ខែ​កន្លងមកនេះ សហភាព​អឺរ៉ុប សង្កេតឃើញថា កម្ពុជា មានការ​ធ្លាក់ចុះ​ខ្លាំង​នូវ​លទ្ធិប្រជាធិបតេយ្យ ការគោរព​សិទ្ធិមនុស្ស និង នីតិរដ្ឋ​។​
 
​តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន​របស់ខ្លួន ដែល​ផ្សព្វផ្សាយ​កាលពី​ថ្ងៃទី​១១ ខែកុម្ភៈ គណៈកម្មការ​អឺ​រុ​ប បាន​ព្រមាន​ថា ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA អាច​នឹងត្រូវ​លុបចេញ​ពី​ប្រទេស​ណា ដែល​បរាជ័យ​ក្នុង​ការគោរព​សិទ្ធិមនុស្ស​និង​សិទ្ធិ​ការងារ​។​
 
EBA (Everything but Arms) គឺ​សំដៅលើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ លើ​ទំនិញ​និង​ផលិតផល​សព្វបែបយ៉ាង ដូចជា សម្លៀកបំពាក់ និង អង្ករ ជាដើម ដែល​កម្ពុជា នាំចូល​ទៅកាន់​ទីផ្សារ​អឺរ៉ុប ដោយ​លើកលែងតែ​អាវុធ​ប៉ុណ្ណោះ ដែល​មិន​រាប់បញ្ចូល​។ កម្ពុជា ជា​ប្រទេសមួយ ដែល​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​សហភាព​អឺរ៉ុប​ស្តីពី EBA នេះ ហើយ​តែងតែ​ទទួលបាន​ការអនុគ្រោះ​ពន្ធ​។​
 
​លោក Ted Cruz សមាជិក​ព្រឹទ្ធសភា​អាមេរិក​ដ៏​មាន​ឥទ្ធិពល​ម្នាក់ ដែល​ទើបនឹង​ផ្តើមគំនិត​ធ្វើ​ច្បាប់ ដើម្បី​ដាក់ទណ្ឌកម្ម​លើ​កម្ពុជា បាន​ចេញមុខ​ស្វាគមន៍​ចំពោះ​គណៈកម្មការ​អឺរ៉ុប ដែល​បានសម្រេច​បើក​កិច្ចពិភាក្សា ដើម្បី​ឆ្ពោះទៅរក​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ជា​បណ្តោះអាសន្ន ចេញពី​កម្ពុជា​។ លោក Ted Cruz បាន​សរសេរ​លើ​បណ្តាញ​សង្គម Twitter យ៉ាង​ដូច្នេះ​ថា​៖«​សេចក្តីព្រាងច្បាប់​ស្តីពី​ការដាក់ទណ្ឌកម្ម​លើ​ពាណិជ្ជកម្ម​នៅ​កម្ពុជា​របស់ខ្ញុំ​និង​លោក Chris Coons នឹង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​អាមេរិក ធ្វើ​ដូច​សហភាព​អឺរ៉ុប​ដែរ​»​។​
 
​លោក Ted Cruz និង លោក Chris Coons បានចាប់ផ្តើម​ម​ធ្វើ​សេចក្តីព្រាងច្បាប់​ស្តីពី​ការដាក់ទណ្ឌកម្ម​លើ​ពាណិជ្ជកម្ម​នៅ​កម្ពុជា  (Cambodia Trade Act Bill) កាលពីដើម​ខែមករា ឆ្នាំ​២០១៩​មក​។ គោលបំណង​នៃ​ការធ្វើ​ច្បាប់​នេះ គឺ​ដើម្បី​ឲ្យ​លោក ដូ​ណា​ល់ ត្រាំ ប្រធានាធិបតី​អាមេរិក ពិនិត្យឡើងវិញ​លើ​ការអនុគ្រោះ​ពន្ធ​នៃ​ការ​នាំចូល​ទំនិញ​ពី​កម្ពុជា តាមរយៈ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​មួយ ដែល​ហៅថា General System Preference (GSP)​។​
 
​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ GSP បាន​អនុគ្រោះ​ពន្ធ​ដល់​ប្រទេស​ក្រីក្រ​ឬ​ប្រទេស​កំពុង​អភិវឌ្ឍ លើ​ការ​នាំចូល​ទំនិញ និង​ផលិតផល​រាប់ពាន់​មុខ​ឯណោះ ទៅកាន់​ទីផ្សារ​អាមេរិក​។ យ៉ាងណាក៏ដោយ  កម្ពុជា ពុំមាន​ទំនិញ និង​ផលិតផល​ច្រើន​មុខ​បែបនេះ​នាំចូល​ទៅ​ទីផ្សារ​មេ​រិ​ក​នោះទេ​។ ភាគច្រើន​គឺមាន​តែ​ផលិតផល​សម្រាប់​ធ្វើដំណើ​រ (Travel Goods) ប៉ុណ្ណោះ ជាពិសេស វ៉ា​លី និង កាបូប ដែល​កម្ពុជា​នាំទៅ​កាន់​ទីផ្សារ​អាមេរិក​៕

អត្ថបទទាក់ទង
 

Tag:
 សម រង្ស៊ី​
  សុខ ឥសាន​
  EU
  EBA
© រក្សាសិទ្ធិដោយ thmeythmey.com