ជាតិ
បទសម្ភាសន៍
រថយន្ត
២៥ខេត្ត/រាជធានី
បន្ទាប់ពីអូរសោម ភ្នំឱរ៉ាល់ និងវប្បធម៌-ប្រពៃណីជនជាតិដើម, «ផ្នូរបុរាណអាយុ៥០០ឆ្នាំ»នៅកោះកុង ជាបេសកកម្មថ្មី
× ភ្នំពេញ៖ «សហគមន៍អេកូទេសចរណ៍ជីផាត» ជាគោលដៅបេសកកម្មលើទី៤ នៃកម្មវិធី «Mercedes-Benz និងកំណប់អាថ៌កំបាំង» បន្ទាប់ពីបានទទួលជោគជ័យនូវបេសកកម្មលើកទី១, ទី២ និងទី៣ របស់ខ្លួន ដោយក្រុមការងារបានស្វែងរក និងគាស់កកាយកំណប់ទេសចរណ៍នៅតំបន់អេកូទេសចរណ៍អូរសោម ក្នុងខេត្តពោធិ៍សាត់, ការឡើងភ្នំឱរ៉ាល់ដែលមានកម្ពស់ ១៨១៣ម៉ែត្រ ស្ថិតនៅខេត្តកំពង់ស្ពឺ និង តំបន់ទេសចរណ៍សក្តានុពលបែបធម្មជាតិ, សមាគមអភិរក្សដំរីខ្មែរអៃរាវត្តា និងទេសចរណ៍ប្រពៃណី-វប្បធម៌ជនជាតិដើមភាគតិច នៅខេត្តរតនគិរី។
នៅថ្ងៃទី១៨-២០ ខែកុម្ភៈ ឆ្នាំ២០១៩ ខាងមុខនេះ ក្រុមការងារនៃកម្មវិធី «Mercedes-Benz និងកំណប់អាថ៌កំបាំង» នឹងបន្តដំណើរបេសកកម្មលើកទី៤ របស់ខ្លួនឆ្ពោះទៅ «ជីផាត» ដែលជាតំបន់ទេសចរណ៍ធម្មជាតិដ៏ល្អមួយស្ថិតនៅក្នុងខេត្តកោះកុង។ «សហគមន៍អេកូទេសចរណ៍ជីផាត» ជាទីកម្សាន្តបែបធម្មជាតិស្ថិតនៅទិសនិរតីនៃប្រទេសកម្ពុជា ដែលអមដោយសម្រស់ទឹកជ្រោះ, ជិះទូកគយគន់ថ្ងៃលិច, អំពិលអំពែក និងសត្វស្លាបតាមដងព្រែកសមុទ្រ, ល្អាងប្រចៀង, ទីឈ្វេងយល់ពាងបុរាណ និងផ្នូរបុរាណដែលមានអាយុកាលជាង៥០០ឆ្នាំ។ល។ ទាំងនេះ គឺជាគោលដៅនៃបេសកកម្មលើកទី៤ ដែលក្រុមការងារត្រៀមទៅផ្តិតយកទស្សនីយភាពនៃសក្តានុពលអេកូទេសចរណ៍ជីផាតដ៏ល្អឯក នេះ ផ្សព្វផ្សាយជូនប្រិយមិត្តដែលតាមដានកម្មវិធី «Mercedes-Benz និងកំណប់អាថ៌កំបាំង»។
សូមបញ្ជាក់ថា កម្មវិធី «Mercedes-Benz និងកំណប់អាថ៌កំបាំង» ផ្តួចផ្តើមឡើងដោយក្រុមហ៊ុន Star Auto Cambodia សហការជាមួយសារព័ត៌មានអេឡិចត្រូនិក ThmeyThmey.com និង Fresh News និងគាំទ្រដោយក្រសួងទេចរណ៍ ដើម្បីចូលរួមលើកកម្ពស់វិស័យទេសចរណ៍នៅទូទាំងកម្ពុជា ស្វែងរក និងគាស់កកាយតំបន់ទេសចរណ៍ ដែលគេមិនសូវស្គាល់តំបន់ទេសចរណ៍សក្តានុពល ដែលត្រូវគេមើលរំលង, ពង្រីកសក្តានុពលតំបន់ទេសចរណ៍ដែលមានស្រាប់ឲ្យកាន់តែមានសកម្មភាពរស់រវើក និងផ្សព្វផ្សាយតំបន់ទេសចរណ៍ទាំងនោះឲ្យកាត់តែល្បីល្បាញមួយកម្រិតទៀត៕
© រក្សាសិទ្ធិដោយ thmeythmey.com