កីឡាជាតិ
ជាតិ
ក្រុម U22 បង្ហាញ​ក្តី​ស្រឡាញ់​ចំពោះ​កុមារ​អង្គការ PSE តាមរយៈ​ជំនាញ​បាល់ទាត់​
14, Feb 2019 , 3:09 pm        
រូបភាព
ដោយ:
​ក្រុម​កីឡាករ​បាល់ទាត់​ជម្រើសជាតិ​អាយុ​ក្រោម​២២​ឆ្នាំ​កម្ពុជា​នៅ​ព្រឹក​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ បានមក​ជួបជុំគ្នា​នៅ​អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ​(PSE) ដើម្បី​ចែករំលែក​បទពិសោធ​បាល់ទាត់ និង​ក្តី​ស្រលាញ់​ដល់​យុវជន និង​កុមារ​នៅ​ទីនោះ​។ ការចែករំលែក​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​បញ្ជ្រាប​ការយល់ដឹង​ពី​អត្ថន័យ​នៃ​ថ្ងៃ​១៤​កុម្ភៈ ដើម្បី​កុំ​ឲ្យ​ពួកគេ​យល់ច្រឡំ​ថា​ជា​ថ្ងៃបុណ្យ​សង្សារ​ដែល​ពួកគេ​ត្រូវ​លះបង់​អ្វី​គ្រប់យ៉ាង​។ មួយវិញទៀត​វា​ក៏​ជា​ផែនការ​លើកដំបូង​ក្នុងការ​ផ្សារភ្ជាប់​ក្រុម​ជម្រើសជាតិ U22 និង​សកម្មភាព​សង្គម​ផងដែរ​។ 

 
 
​យុវជន និង​កុមារកំព្រា​រាប់រយ​នាក់ ដែល​កំពុង​សិក្សា​នៅ​អង្គការ​«​ដើម្បី​ភាព​ញញឹម​នៃ​កុមារ​កម្ពុជា​» ទទួលបាន​ការចែករំលែក​បទពិសោធ​បាល់ទាត់ និង​ក្តី​ស្រលាញ់​ពី​ក្រុម​កីឡាករ​បាល់ទាត់​ជម្រើសជាតិ​អាយុ​ក្រោម​២២​ឆ្នាំ​កម្ពុជា ក្នុង​ថ្ងៃ​«​ទិវា​នៃ​ក្តី​ស្រឡាញ់​»​។ ការចែករំលែក​នេះ គឺ​ដើម្បី​ផ្សព្វផ្សាយ និង​បញ្ជ្រាប​ការយល់ដឹង​ពីថ្ងៃ​១៤​កុម្ភៈ កុំ​ឲ្យ​យុវជន​មួយចំនួន​តូច​នៅ​យល់ច្រឡំ​។  


 
​លោក ឈូក ពិសិដ្ឋ អ្នកចាត់ការ​ទូទៅ​ក្រុម​ជម្រើសជាតិ U22 កម្ពុជា​បាន​បញ្ជាក់ថា កម្មវិធី​នេះ​រៀបចំឡើង ដើម្បី​ចែករំលែក​បទពិសោធ​លេង​បាល់ទាត់​ថ្មី​ដល់​យុវជន ដើម្បី​ឲ្យ​ពួកគេ​យកទៅ​អភិវឌ្ឍន៍​សមត្ថភាព​ឲ្យ​កាន់តែ​ប្រសើរ ពិសេស​បញ្ជ្រាប​ការយល់ដឹង​ពី​អត្ថន័យ​ថ្ងៃ​«​ទិវា​នៃ​ស្រលាញ់​»​ដល់​ពួកគេ​កុំ​ឲ្យ​យល់ច្រឡំ និង​ប្រព្រឹត្ត​អំពើ​មិន​គប្បី​នានា​។ ព្រោះ​នៅមាន​យុវជន​មួយចំនួន​តូច​នៅតែ​យល់ច្រឡំ​ថា ថ្ងៃ​១៤​កុម្ភៈ ជា​ថ្ងៃបុណ្យ​សង្សារ ដែល​ពួកគេ​ត្រូវ​លះបង់​អ្វីៗ​គ្រប់យ៉ាង​ដើម្បី​សង្សារ​ពួកគេ​។​


 
​មួយវិញទៀត ការចែករំលែក​នេះ វា​ជា​ផែនការអភិវឌ្ឍន៍​កីឡាបាល់ទាត់​របស់​សហ​ព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ដោយ​ចង់​ផ្សារភ្ជាប់​ក្រុម​កីឡាករ​ជម្រើសជាតិ​អាយុ​ក្រោម​២២​ឆ្នាំ​កម្ពុជា​ទៅនឹង​សកម្មភាព​សង្គម​។ បន្ថែម​លើ​សកម្មភាព​លើកដំបូង​នេះ សហព័ន្ធ​មាន​គម្រោង​រៀបចំ​សកម្មភាព​សង្គម​តាម​បណ្តា​ខេត្ត​នានា​ជាច្រើន​ទៀត ពាក់ព័ន្ធ​នឹង​ចាស់ជរា កុមារកំព្រា និង​ក្មេង​គ្មាន​ទីពឹង​ជាដើម​។ 


 
​ការចែករំលែក ដែល​រៀបចំ​នៅ​ព្រឹក​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ ចែកចេញជា​៣​ក្រុម ដោយ​ក្រុមទី​១​ចែករំលែក​ពីបទ​ពិសោធ​លេង​បាល់ទាត់​ដល់​យុវជន ខណៈ​ក្រុមទី​២​ចែករំលែក​ពី​អាជីព​លេង​បាល់ទាត់​ផ្ទាល់ខ្លួន​របស់​កីឡាករ​ដល់​យុវជន តាមរយៈ​សំនួរចម្លើយ និង​ក្រុមទី​៣​ចែករំលែក​ពី​ការលេង​បាល់ទាត់ និង​ក្តី​ស្រលាញ់​ដល់​ក្មេងៗ​អាយុ​ចន្លោះ​ពី​៥​ទៅ​៦​ឆ្នាំ​។​


 
​លោក ចាន់ វាសនា គ្រូបង្វឹក​ក្រុម​កីឡាករ​របស់​អង្គការ PSE បានចាត់ទុក​ការចែករំលែក​បទពិសោធ​របស់​ក្រុម U22 កម្ពុជា​ថា ជា​ឱកាស​ដ៏​ល្អ​សម្រាប់​ក្រុម​លោក​ក្នុងការ​ទទួលបាន​បទ​ពិសោធ​លេង​បាល់ទាត់ និង​តាក់​តិច​ថ្មីៗ ដើម្បី​អភិវឌ្ឍន៍​ក្រុម​ឲ្យ​កាន់តែ​ល្អប្រសើរ​។ 


 
​លោក​បាន​រៀបរាប់​ដូច្នេះ​ថា​៖«​ខ្ញុំ​យល់ថា​ការ​ចុះមក​ចែករំលែក​របស់​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​២២​ឆ្នាំ​កម្ពុជា​វា​ជា​ឱកាស​មួយ​ដ៏​ល្អ​សម្រាប់​យើង ព្រោះ​ពួកគាត់​បានផ្តល់​បទពិសោធ​ថ្មីៗ​ដល់​ពួកយើង​។ ហើយ​ពួកគាត់​បានបង្ហាញ​តាក់​តិច​ផ្សេងៗ​ដូចជា​ការប៉ះបាល់ គ្រប់គ្រង​បាល់ និង​ស៊ុត​បាល់ប​ញ្ជូ​ល​ទី ដែល​នាំ​ឲ្យ​ក្រុម​ក្មេងៗ​នៅ PSE ទទួលបាន​ការយល់ដឹង​ច្រើន​ពី​ការចែករំលែក​នេះ​។ ដូច្នេះ​ខ្ញុំ​គិតថា នេះ​ជា​បទពិសោធ​មួយ​ដ៏​ល្អ​សម្រាប់​ក្មេងៗ​នៅទីនេះ​»​។ 


 
​គ្រូបង្វឹក​រូបនេះ​បាន​បន្ថែមថា PSE ពុំទាន់​មានបំណង​បង្វឹក​កីឡាករ​ឲ្យ​ឈានទៅរក​កម្រិត​អាជីព​នៅឡើយ​ទេ ពោលគឺ​ហាត់​គ្រាន់តែ​ដើម្បី​សុខភាព និង​ប្រជែង​ក្នុង​ពាន​តូចៗ​តែប៉ុណ្ណោះ​។ ទោះបី​យ៉ាងនេះ​ក្តី កីឡាករ PSE ចំនួន​៦​រូប​(២​នាក់​)​ត្រូវបាន​ក្លិប​ភ្នំពេញ​ក្រោ​ន​ជ្រើសរើស​ឲ្យ​ធ្វើជា​កីឡាករ​យុវជន​។ បន្ថែម​លើ​នេះ ក្រុម PSE ក៏​ធ្លាប់​ចូលរួម​ប្រកួតប្រជែង​ក្នុង​ពានរ​បស់​ក្លិប​ភ្នំពេញ​ក្រោ​ន​នាពេល​កន្លងមក​ផងដែរ​៕  








ក្រុម U22 ចែករំលែកបទពិសោធប្រឡូកក្នុងកីឡាបាល់ទាត់ផ្ទាល់ខ្លួនដល់យុវជន


លោក ចាន់ វាសនា គ្រូបង្វឹកបាល់ទាត់របស់ PSE ផ្តល់បទសម្ភាសដល់អ្នកសារព័ត៌មាន

Tag:
 U22
  បាល់ទាត់​
  PSE
  ឈូក ពិសិដ្ឋ​
© រក្សាសិទ្ធិដោយ thmeythmey.com