កីឡាអន្តរជាតិ
អន្តរជាតិ
គូរស្នេហ៍អាថ៌កំបាំងរបស់ Sala បង្ហាញមុខរៀបរាប់ទុក្ខសោក ហើយអះអាងពីក្តីស្នេហ៍អមតៈ កីឡាករ Emiliano Sala និង នាង Luiza Ungerer
× កីឡាការិនីបាល់ទះអាជីពសញ្ជាតិប្រេស៊ីលម្នាក់អះអាងថានាងមានទំនាក់ទំនងស្នេហាជាមួយកីឡាករបាល់ទាត់ Emiliano Sala តាំងពីឆ្នាំ ២០១៧ មក។ នាងថែមទាំងនិយាយទៀតថានាងនឹងស្រឡាញ់ខ្សែប្រយុទ្ធអាហ្សង់ទីនដែលបាត់បង់ជីវិតទៅហើយនោះជារៀងរហូតទៅ។
នាង Luiza Ungerer អាយុ៣១ឆ្នាំ ដែលសព្វថ្ងៃកំពុងប្រកបអាជីពឲ្យក្រុម Beziers Angels នៃលីគកីឡាបាល់ទះក្នុងប្រទេសបារាំង បានចេញមុខអះអាងបែបនេះក្នុងបទសម្ភាសមួយជាមួយសារព័ត៌មានប្រេស៊ីល Globo។
នាងរៀបរាប់ថាបានជួប Sala តាំងពីនាងនៅលេងឲ្យក្រុម VB Nantes និងមានទំនាក់ទំនងគ្នាតាមរយៈការលេងសារលើបណ្តាញសង្គម អំឡុងខែកញ្ញា ឆ្នាំ២០១៧ មក។
នាង Ungerer ដែលមានដើមកំណើតក្នុងក្រុង Rio de Janeiro និងប្រកបអាជីពជាកីឡាការិនីបាល់ទះនៅបារាំងរយៈពេល៨រដូវកាលមកនោះ ថានាងបានជួប Sala ថ្ងៃចុងក្រោយក្នុងពិធីខួបកំណើតរបស់នាងកាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩។
«គាត់បានប្រាប់ខ្ញុំថាគាត់ត្រូវទៅកាន់ក្លិប Cardiff City ដើម្បីចុះកិច្ចព្រមព្រៀងឲ្យបានរួចរាល់ក្នុងការផ្លាស់ទៅលេងនៅទីនោះ។ ខ្ញុំរីករាយមែនទែនព្រោះមើលទៅគាត់ពិតជាសប្បាយចិត្តខ្លាំងណាស់។ នោះជាក្តីសុបិនរបស់គាត់ដែលបានទៅលេងនៅ Premier League ដែលជាលីគល្អបំផុតលើពិភពលោក»។ នាង Ungerer និយាយដូច្នេះ។
Ungerer រៀបរាប់អំឡុងពេល Sala កំពុងបាត់ខ្លួនថា មានមនុស្សច្រើនណាស់បានសួរនាងពីដំណឹងអាក្រក់នោះប៉ុន្តែនាងមិនបាននិយាយអ្វីច្រើនទេគឺសុំតែម្យ៉ាងឲ្យមិត្តប្រុសខ្លួនត្រលប់មកវិញប៉ុណ្ណោះ។ «ខ្ញុំនៅតែសង្ឃឹមពីការបាត់ខ្លួនរបស់គាត់ព្រោះអ្វីៗក៏អាចកើតឡើងបានដែរ រហូតដល់ពេលដែលខាងក្រុមអ្នកស្វែងរកប្រកាសថាពួកគេបានរកឃើញសាកសពហើយនោះគឺជាគាត់»។
បន្ទាប់ពីដឹងដំណឹងច្បាស់លាស់ នាងបាននិយាយលាទៅកាន់ Sala តាមប្រព័ន្ធផ្សព្វផ្សាយសង្គមដោយសរសេរថា «ដូចអ្នកតែងតែនិយាយមកខ្ញុំថា អរគុណចំពោះការធ្វើជាអ្នក គឺខ្ញុំនឹងស្រឡាញ់អ្នកជារៀងរហូត!»។
កីឡាការិនីបាល់ទះរូបនេះបញ្ជាក់ប្រាប់ Globo ទៀតថា ឥឡូវនេះនាងត្រូវតែសប្បាយរីករាយចំពោះខ្លួនឯងនិងសម្រាប់ Sala ហើយនាងនឹងព្យាយាមរស់នៅសម្រាប់ខ្លួនឯង និងមនុស្សជាទីស្រឡាញ់របស់នាង។ «ខ្ញុំនឹងព្យាយាម ហើយរីករាយឲ្យបានច្រើនតាមដែលអាចធ្វើបានព្រោះនោះជាអ្វីដែលគាត់ចង់បានដូចគ្នា»។
សូមបញ្ជាក់ថា បើតាមសម្តីលោក Julio Muller អភិបាលក្រុង Progreso សាកសពរបស់កីឡាករបាល់ទាត់ Emiliano Sala ដែលស្រង់ចេញពីបាតសមុទ្រនឹងត្រូវយកទៅកាន់ប្រទេសអាហ្សង់ទីនវិញនៅចុងសប្តាហ៍នេះ៕
Tag:
Emiliano Sala
Luiza Ungerer
© រក្សាសិទ្ធិដោយ thmeythmey.com