ONE Championship
កីឡាជាតិ
ជាតិ
ONE Championship៖ ឡៅ ចិ​ត្រា និង​នៅ ស្រី​ពៅ សុទ្ធតែ​ត្រូវ​ប៉ះ​ម្ចាស់ផ្ទះ​ថៃ នៅ​ថ្ងៃ​សៅរ៍​
15, Feb 2019 , 7:19 pm        
រូបភាព
​អត្ថបទ​៖ Matias Andres
 
ONE Championship នាំ​ចំណី​ចក្ខុ​ប្លែក​មួយទៀត នៅ​ថ្ងៃ​សោ​រ៍ ទី​១៦ ខែកុម្ភៈ​នេះ ក្នុង​ព្រឹត្តិការណ៍​ក្បាច់គុន​ដ៏​ធំ​ម្តងទៀត​នៅ​មជ្ឈមណ្ឌល Impact Arena ទីក្រុង​បាងកក​។ ក្នុង ONE: CLASH OF LEGENDS ក៏មាន​វត្តមាន​កីឡាករ​កម្ពុជា​ពីររូប​គឺ ឡៅ ចិ​ត្រា និង​នៅ ស្រី​ពៅ ក្នុងចំណោម​កីឡាករ​ល្បីៗ​ផ្សេងទៀត​ទូទាំង​ពិភពលោក​។

 
​ការ​ប៉ះគ្នា​ចំនួន ១៤​គូ គឺ​សុទ្ធសឹងតែ​ជា​ជើងឯក​ដែល​កំពុង​លេចធ្លោ ដើម្បី​មក​បញ្ចេញថ្វីដៃ​តំណាង​ប្រទេស​រៀងៗ​ខ្លួន​ក្នុង​ព្រឹត្តិការណ៍ ONE: CLASH OF LEGENDS ដោយ​ក្នុងនោះ​ក៏មាន​ការប្រកួត​វិញ្ញាសា​ក្បាច់គុន​ចម្រុះ និង ប្រដាល់សេរី​ផងដែរ​។​
 
​កម្ពុជា​ក៏បាន​បញ្ជូន​កីឡាករ​ពីររូប​ទៅ​ប្រកួត​ផងដែរ​។ ជើងឯក​គុន​ខ្មែរ​ពិភពលោក ឡៅ ចិ​ត្រា ត្រូវ​ប៉ះ ជើង​ខ្លាំង​ថៃ Superlek ខណៈ​ជើងឯក​ផ្នែក​នារី​របស់​កម្មវិធី World Lethwei Championship នៅ ស្រី​ពៅ ត្រូវ​តទល់​ជាមួយ​អ្នក​ប្រដាល់​ថៃ​ដូចគ្នា​នាង Rika Ishige​។​
 
​ខាងក្រោម​ជា​ចំណុច​ពិសេស​របស់​ព្រឹត្តិការណ៍​ដែល​ជនរួមជាតិ​កម្ពុជា​ទាំងអស់​គួរ​តាមដាន​ទស្សនា​៖
 
១. ការ​ប៉ះគ្នា​ដ៏​ភ្ញាក់ផ្អើល​របស់​ជើងឯក​ខ្សែក្រវាត់ Muay Thai World Championship
 
​ជើងឯក​ពិភពលោក Nong-O Gaiyanghadao ត្រូវបាន​គេ​ស្គាល់​ថា​ជា​ជើង​ខ្លាំង​ខាង​ក្បាច់គុន Muay Thai​។ បើ​ទោះ​មាន​វ័យ​ចំណាស់​បន្តិច ប៉ុន្តែ Nong-O នៅតែ​ខ្លាំង​គួរ​ឲ្យ​ស្ញប់ស្ញែង​។ 
 
Nong-O ជា​ជើង​ខ្លាំង​មិនទាន់មាន​នរណា​បំបាក់​បាន​នៅ ONE Championship​។ រូបគេ​នឹង​ប្រកួត​ដណ្តើម​ខ្សែក្រវាត់ Muay Thai World Championship ជាមួយ​កីឡាករ​ឆ្នើម​របស់​ចិន Han Zi Hao ​ក្នុងការ​ប្រកួត​ទម្ងន់ ៦៥​គីឡូក្រាម នៃ​វគ្គ​ជម្រុះ ONE Super Series​។ 
 
​ចាំ​មើលថា គូប្រកួត​ជនជាតិ​ចិន​វ័យ ២៣​ឆ្នាំ អាច​ទប់ទល់​ជាមួយ​ខ្លា​ចាស់​របស់​សិង្ហ​បុរី ដើម្បី​គ្រង​ខ្សែក្រវាត់​បាន​ឬ​យ៉ាងណា​? 

២. នៅ ស្រី​ពៅ ពន្លក​ថ្មី​របស់ ONE Championship
 
​នៅ ស្រី​ពៅ កីឡាការិនី​ម្ចាស់​ពានរង្វាន់ «​អ្នក​ប្រដាល់​នារី​ប្រចាំឆ្នាំ​» របស់​កម្មវិធី World Lethwei Championship ដើមឆ្នាំ​នេះ​កំពុង​បោះជំហាន​មួយកម្រិត​ទៀត​ក្នុង​អាជីព​ប្រដាល់​របស់ខ្លួន​។​
 
​ក្នុង​វ័យ ២៤​ឆ្នាំ ស្រី​ពៅ បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​អ្នក​ស្នេហា​វិស័យ​ក្បាច់គុន​ខ្មែរ និង​ក្បាច់គុន​មី​យ៉ាន់​ម៉ា Lethwei ពេញ​ផ្ទៃ​ប្រទេស ហើយ​ពេលនេះ​នាង​ត្រូវ​បង្ហាញមុខ​ក្នុង​ទ្រុង​ក្បាច់គុន​ចម្រុះ​របស់​ពិភពលោក​។ 
 
​ថ្វីបើ ស្រី​ពៅ ត្រូវ​ប៉ះ​ក្នុង​ទ្រុង​គុន​ចម្រុះ​ដំបូង​ជាមួយ Rika ហៅ​«Tinydoll» ជា​តារា​ស្រី​ដ៏​ល្បីល្បាញ​ម្នាក់​នៅ​ប្រទេស​ថៃ ហើយ​នេះ​ជា​ក្បាច់គុន​ថ្មី​របស់​នាង​ពិតមែន​។ យ៉ាងណា​នៅមុន​ការប្រកួត នាង​ត្រូវបាន​គេ​សរសើរ​គ្រប់គ្នា​ថា​ជា​កីឡាការិនី​ឆ្នើម​រៀនសូត្រ​ឆាប់​ចេះ​ម្នាក់​ពី​កីឡារ​ចំបាប់​។​
 
​សម្រាប់ ស្រី​ពៅ ទោះ​ត្រូវគេ​ផ្គូផ្គង​ឲ្យ​ប៉ះចំ​គូប្រកួត​ដែលជា​ជើង​ខ្លាំង ប៉ុន្តែ​បើ​នាង​អាចធ្វើ​ឲ្យ​ទស្សនិកជន​ដែល​រង់ចាំ​ទស្សនា​ក្នុង​មជ្ឈមណ្ឌល Impact Arena ថ្ងៃ​សៅរ៍​នេះ​មានការ​ភ្ញាក់ផ្អើល​
​ដោយ​យកឈ្នះ Rika បាន​នោះ អនាគត​របស់​នាង ពិតជា​ខ្ពស់​មិនអាច​ប៉ាន់ស្មាន​នោះទេ​។​

៣. ឡៅ ចិ​ត្រា ប៉ះ Superlek
 
ONE Championship បាន​ប្រមូលផ្តុំ​សុទ្ធតែ​កំពូល​កីឡាករ​ប្រដាល់សេរី​ខ្លាំងៗ ក្នុងនោះ​នឹងមាន ឡៅ ចិ​ត្រា របស់​កម្ពុជា​មួយរូប​ដែរ​។​
 
​អ្នកលេង​គុន​ខ្មែរ​វ័យក្មេង​រូបនេះ ត្រូវ​ប្រឈមមុខ​ជាមួយ Superlek ដែលជា​ជើងឯក​ច្រើនលើក​របស់​កម្មវិធី Muay Thai World Champion ក្នុងការ​ប្រកួត​ទម្ងន់ ៦១​គីឡូក្រាម និង​ជា​គូ​ពិសេស​នៃ​ព្រឹត្តិការណ៍ ONE Championship ផងដែរ​។​
 
Superlek ទើប​មាន​វ័យ ២៣​ឆ្នាំ ប៉ុន្តែ​ត្រូវបាន​ទទួលស្គាល់ថា​ជា​កីឡាករ Muay Thai ដ៏​ខ្លាំងខ្លា​មួយរូប ខណៈ ឡៅ ចិ​ត្រា ក៏បាន​សាង​កេរ្តិ៍ឈ្មោះ​ច្រើន និង​មាន​គេ​ជឿជាក់ថា​រូបគេ​ជា​កំពូល​ជើង​ខ្លាំង​មួយ​របស់​ក្បាច់គុន​ខ្មែរ​ផងដែរ​។​
 
​ប្រសិនបើ ចិ​ត្រា អាច​បញ្ចេញ​ស្នៀត​ទប់ទល់​ជាមួយ​ម្ចាស់ផ្ទះ Superlek បាន​នោះ មិនយូរ​មិនឆាប់ ចិ​ត្រា នឹង​អាច​គ្រង​ខ្សែក្រវាត់​ពិភពលោក​មិន​ខាន​៕ 
 

Tag:
 ONE Championship
  ឡៅ ចិ​ត្រា​
  នៅ ស្រី​ពៅ​
© រក្សាសិទ្ធិដោយ thmeythmey.com