ជាតិ
សេដ្ឋកិច្ច
មន្ត្រីក្រសួងពាណិជ្ជកម្ម៖ ភាគរយមិនដក EBA ពីកម្ពុជា ច្រើនជាងដក លោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ចូលរួមប្រជុំក្នុងគណៈកម្មាធិការចម្រុះផ្នែកពាណិជ្ជកម្មកម្ពុជា-ថៃ កាលពីអំឡុងខែមីនា ឆ្នាំ២០១៧។ រូបពីក្រសួងពាណិជ្ជកម្ម
× ១៨ខែក្រោយ ទើបគណៈកម្មការអឺរ៉ុប អាចសម្រេចបាន ថាដក EBA ចេញពីកម្ពុជាជាបណ្តោះអាសន្ន ឬមិនដក។ ប៉ុន្តែ លោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម សន្និដ្ឋានជាមុនថា គណៈកម្មការអឺរ៉ុប នឹងមិនដក EBA ពីកម្ពុជានោះទេ។
លោក សុខ សុភ័ក្ត្រ លើកឡើងថា នីតិវិធីនៃការដក EBA មានរយៈពេលវែងឆ្ងាយនិងច្រើនដំណាក់កាល។ លោក បន្ថែមថា ក្នុងរយៈពេល១៨ខែនេះ បើគណៈកម្មការអឺរ៉ុប ពិតជាសម្រេចដក EBA ចេញកម្ពុជាមែននោះ សេចក្តីសម្រេចនេះ នឹងត្រូវឆ្លងកាត់ការបោះឆ្នោតពីសភាអឺរ៉ុបថែមទៀត។ លោក មានប្រសាសន៍បែបនេះថា៖«សួរថា គេ ដកឬមិនដក? ខ្ញុំថាអត់ច្រើនជាង»។
ការថ្លែងរបស់លោក សុខ សុភ័ក្ត្រ គឺធ្វើឡើងក្នុងវេទិការបស់រាជបណ្ឌិត្យសភាកម្ពុជា នៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ស្តីពីសេចក្តីសម្រេចរបស់គណៈកម្មការអឺរ៉ុប ដែលចាប់ផ្តើមនីតិវិធីដក EBA ពីកម្ពុជាជាបណ្តោះអាសន្ន។
មានការព្រួយបារម្ភថា កម្ពុជា អាចនឹងរងផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចនិងវិស័យពាណិជ្ជកម្ម ជាពិសេសវិស័យកាត់ដេរ ប្រសិនបើគណៈកម្មការអឺរ៉ុប សម្រេចដក EBA ពីកម្ពុជា។ ប៉ុន្តែ ដើម្បីជម្រះក្តីកង្វល់នេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញមកប្រកាសផ្ទាល់មាត់ថា កម្ពុជា នឹងមិនស្លាប់នោះទេ បើអត់មាន EBA ហើយកម្ពុជា ក៏មិនមានបាន ដោយសារតែ EBA នេះដែរ។
ប្រមុខរដ្ឋាភិបាល ប្រាប់មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ កម្មករ-កម្មការិនី និងប្រជាពលរដ្ឋទូទៅ ឲ្យកុំឲ្យខ្វល់នឹងអ្នកដទៃ ដែលនិយាយបំភ័យពីរឿង EBA នេះ។ ប្រមុខរដ្ឋាភិបាល សង្កត់ធ្ងន់ថា EBA គង់តែបាត់ទេ នៅពេលកំណើនសេដ្ឋកិច្ចកម្ពុជា កើនឡើងកាន់តែខ្លាំង។
EBA (Everything but Arms) គឺសំដៅលើប្រព័ន្ធអនុគ្រោះពន្ធ ដែលអនុញ្ញាតឲ្យកម្ពុជា នាំទំនិញនិងផលិតផលសព្វបែបយ៉ាង ដូចជា សម្លៀកបំពាក់ និង អង្ករ ជាដើម ដែលកម្ពុជា ចូលទៅកាន់ទីផ្សារអឺរ៉ុប ដោយមិនបង់ពន្ធ ដោយលើកលែងតែអាវុធប៉ុណ្ណោះ៕
Tag:
សុខ សុភ័ក្ត្រ
EU
EBA
រាជបណ្ឌិត្យសភា
© រក្សាសិទ្ធិដោយ thmeythmey.com