សង្គមអន្តរជាតិ​
អន្តរជាតិ
«Parent 1» និង «Parent 2» អាច​ជំនួស​ពាក្យ «​ឪពុក​» និង «​ម្តាយ​» សម្រាប់​កូន​របស់​គ្រួសារ LGBT
16, Feb 2019 , 9:29 am        
រូបភាព
ដោយ: ធីតា
​បារាំង​នឹងមាន​ទម្រង់​បែបបទ​ថ្មី​មួយទៀត​សម្រាប់​ការចុះឈ្មោះ​នៅ​សាលារៀន​របស់​កុមារ​ដែល​ស្ថិតក្នុង​ក្រោម​ការ​បីបាច់​របស់​អាណាព្យាបាល​ដែល​ស្រឡាញ់​ភេទ​ដូចគ្នា (LGBT)​។ ជាទូទៅ គេ​ត្រូវបំពេញ​ឈ្មោះ «​ឪពុក​» និង «​ម្តាយ​» នៅលើ​សំណុំបែបបទ ប៉ុន្តែ​នាពេលខាងមុខ ពាក្យ​ទាំងនេះ នឹង​ជំនួស​ដោយ «​ឪពុកម្តាយ ១» (Parent 1) និង «​ឪពុកម្តាយ ២» (Parent 2)​។​

 
​លោកស្រី Valérie Petit សមាជិកសភា​ពី​គណបក្សកាន់អំណាច LREM បាន​ផ្តើមគំនិត​លើ​សេចក្តីស្នើច្បាប់​ឲ្យ​មានការ​ពិភាក្សា​លើ​ការបំពេញ​បែបបទ​សម្រាប់​ការសិក្សា​របស់​កុមារ ត្រង់ចំណុច​ឈ្មោះ «​ឪពុក​» និង «​ម្តាយ​»​។ សម្រាប់​ឯកសារ​របស់​កុមារ​ដែល​ស្ថិតក្នុង​គ្រួសារ​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា (LGBT) គេ​តែងតែ​សង្កេតឃើញ​ការ​ទើសទាល់​ក្នុងការ​ប្រើប្រាស់​ពាក្យ «​ឪពុក​» និង «​ម្តាយ​»​។​
 
​កាលពីពេល​ថ្មីៗ​កន្លងមកនេះ សភាជាតិ​បារាំង បានអនុម័ត​ដំណាក់កាល​ដំបូង​តាម​សំណើរ​របស់​លោកស្រី Valérie Petit មុននឹង​ឈានដល់​កិច្ចពិភាក្សា​ទ្រង់ទ្រាយ​ធំ​។​
 
​កាលពី​ឆ្នាំ​២០១៣ បារាំង​ក្លាយជា​ប្រទេស​ទី​១៤​ក្នុង​ពិភពលោក ដែល​បានអនុញ្ញាត​ឲ្យ​មាន​អាពាហ៍ពិពាហ៍​ស្របច្បាប់​នៃ​អ្នកមាន​ភេទ​ដូចគ្នា​។ ទោះបីជា​យ៉ាងណាក៏ដោយ  ទម្រង់​បែបបទ​មួយចំនួន​របស់​រដ្ឋ​នៅតែមាន​លក្ខណៈ​ទូទៅ និង​ផ្តល់​ភាពស្មើគ្នា​សម្រាប់​អ្នក​ស្រឡាញ់​ដូចគ្នា​នោះឡើយ​។​
 
​យោងតាម AFP រដ្ឋាភិបាល​បារាំង បង្ហាញ​ឆន្ទៈ​របស់ខ្លួន​ក្នុងការ​លើកកម្ពស់​ដល់​អាណាព្យាបាល​គ្រប់រូប តាមរយៈ​ការស្នើច្បាប់​ស្តីពី «​សាលារៀន​ប​ប្រកបដោយ​ទំនុកចិត្ត​»​។ លោក Jean-Michel Balnquer រដ្ឋមន្ត្រីក្រសួង​អប់រំ និង​លោកស្រី Anne-Christine Lang សមាជិកសភា​បក្ស LREM មើលឃើញ​ពី​ផល​វិជ្ជមាន​ក្នុងសង្គម​ទាក់ទង​នឹង​សេចក្តីព្រាងច្បាប់​នេះ​។​
 
​ជាមួយគ្នានេះ​ផងដែរ សមាជិកសភា​មួយចំនួន ជាពិសេស​លោក Xavier Breton ពី​គណបក្ស​សាធារណរដ្ឋ និង​លោក Joaquim Pueyot ពី​គណបក្ស​សង្គមនិយម វាយតម្លៃថា សេចក្តីស្នើច្បាប់​នេះ ជាការ​មើល​ឃើញតែ​ជ្រុង​ម្ខាង ដោយ​មិនបាន​បញ្ជាក់​ពី​តថភាព​នោះឡើយ​។ ពួកលោក​ចោទ​ជា​សំណួរ​ថា ហេតុអ្វី​បានជា​កុមារ​ត្រូវមាន​ការផ្តល់​តម្លៃ​ខុសគ្នា​ក្នុងសង្គម​?
 

Tag:
 LGBT
  អប់រំ​
© រក្សាសិទ្ធិដោយ thmeythmey.com