ជាតិ
សង្គមជាតិ
សម្ដេច ស ខេង គ្រោងឲ្យមន្ត្រីជំនាញសិក្សាពីសារធាតុកញ្ឆា រូបពីហ្វេសប៊ុកក្រសួងមហាផ្ទៃ
× រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេច ស ខេង បានស្នើរឲ្យអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនសិក្សាលើសារធាតុកញ្ឆា ក្រោយពីឃើញបណ្ដាប្រទេសមួយចំនួន អាចទាញប្រយោជន៍ពីកញ្ឆានេះ។
សម្ដេច ស ខេង មិនបានបញ្ជាក់ឲ្យច្បាស់ថា មូលហេតុអ្វីបានជាសម្ដេច ចង់ឲ្យមានការសិក្សាស្រាវជ្រាវលើសារធាតុកញ្ឆានេះឡើយ ដោយសម្ដេចគ្រាន់តែលើយកករណីកញ្ឆានៅក្នុងបណ្ដាប្រទេសអាមេរិក កាណាដា និងថៃ ដែលចែងច្បាប់អនុញ្ញាតឲ្យប្រើប្រាស់ និងយកសារធាតុកញ្ឆាទៅពិសោធន៍ធ្វើជាឱសថជាដើម។
ថ្លែងក្នុងពិធីបើកសន្និបាតត្រួតពិនិត្យការងារឆ្នាំ២០១៨ កាលពីព្រឹកថ្ងៃ១៣ ខែកុម្ភៈ ឆ្នាំ២០១៩ សម្ដេច ស ខេង បាននិយាយដូច្នេះថា៖«ខ្ញុំបើករង្វង់ក្រចកបន្តិចថា យើងគួរចាត់តាំង(ក្រុមការងារ)ឲ្យមានការសិក្សា (កញ្ឆា)។ នៅសហរដ្ឋអាមេរិក មានរដ្ឋមួយចំនួន ដែលអនុញ្ញាតឲ្យប្រើកញ្ឆា ប៉ុន្តែកាណាដាទាំងមូលហ្មង ធ្វើច្បាប់ឲ្យប្រើកញ្ឆា ដល់ពេលនៅថៃធ្វើច្បាប់ឲ្យប្រើឱសថដែលធ្វើពីកញ្ឆា ក៏ប៉ុន្តែគេកំណត់ពីប្រភពផ្គត់ផ្គង់កញ្ឆានោះ ត្រូវយកចេញពីកន្លែងមួយដែលរដ្ឋគ្រប់គ្រង។ នេះក៏សូមឲ្យស្ថាប័នជំនាញ ពិសេសអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ចាត់តាំងស្រាវជ្រាវថាមូលហេតុអី...»។
សូមស្ដាប់ប្រសាសន៍សម្ដេច ស ខេង៖
ទាក់ទងនឹងគំនិតរបស់ប្រមុខក្រសួងមហាផ្ទៃនេះ លោក មាស វីរិទ្ធិ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទថា លោកក៏បានឮពីការលើកឡើងរបស់សម្តេច ស ខេង ផងដែរ ប៉ុន្តែមកដល់ពេលនេះលោកមិនទាន់បានទទួលលិខិតផ្លូវការ ដើម្បីសិក្សាស្រាវជ្រាវលើសារធាតុកញ្ឆានៅឡើយទេ។
តែយ៉ាងណាលោក មាស វីរិទ្ធ បានអះអាងថា ការសិក្សាលើសារធាតុកញ្ឆាគឺជារឿងល្អមួយ ដើម្បីអាចដឹងអំពីអត្ថប្រយោជន៍ និងផលប៉ះពាល់របស់កញ្ឆាទាំងនោះ។ «គួរគប្បីធ្វើការសិក្សាពីអត្ថប្រយោជន៍ ពីភាពមានប្រយោជន៍ និង អត់ប្រយោជន៍របស់វា ថាវាយ៉ាងម៉េច មានផលប៉ះពាល់យ៉ាងម៉េច មិនមានយ៉ាងម៉េច ទាល់តែស្រាវជ្រាវតាមលក្ខណៈវិទ្យាសាស្ត្រ ព្រោះកញ្ឆាមានច្រើនប្រភេទ»។ នេះជាការបញ្ជាក់របស់លោក វីរិទ្ធ។
សូមស្ដាប់សំឡេងលោក មាស វីរិទ្ធ៖
បើតាមអគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនរូបនេះ ក្នុងគោលដៅប្រទេសអាស៊ានមិនអនុញ្ញាតឲ្យប្រើប្រាស់គ្រឿងញៀនជាលក្ខណៈសេរីនោះទេ ប៉ុន្តែគេបានកំណត់លក្ខខណ្ឌបើកផ្លូវឲ្យប្រើប្រាស់ក្នុងកម្រិតណាមួយ ដែលត្រូវស្ថិតនៅក្រោមច្បាប់៕
Tag:
ស ខេង
មាស វីរិទ្ធ
គ្រឿងញៀន
© រក្សាសិទ្ធិដោយ thmeythmey.com