អន្តរជាតិ
របប​ដឹកនាំ ម៉ា​ឌុយ​រ៉ូ ប្រមូល​ប្រទេស​គាំទ្រ​ខ្លួន​នៅ UN ដើម្បី​ទប់ទល់​អាមេរិក
15, Feb 2019 , 10:19 pm        
រូបភាព
រដ្ឋមន្ត្រីការបរទេសវ៉េណេស៊ុយអេឡា Jorge Arreaza ឈរអមដោយតំណាងប្រទេសគាំទ្ររបបដឹកនាំលោក នីកូឡាស់ ម៉ាឌុយរ៉ូ​ (រូបភាព AFP)
រដ្ឋមន្ត្រីការបរទេសវ៉េណេស៊ុយអេឡា Jorge Arreaza ឈរអមដោយតំណាងប្រទេសគាំទ្ររបបដឹកនាំលោក នីកូឡាស់ ម៉ាឌុយរ៉ូ​ (រូបភាព AFP)
​វ៉េ​ណេ​ស៊ុយ​អេ​ឡា នៅ​ថ្ងៃទី​១៤ ខែកុម្ភៈ បាន​បង្កើត​បញ្ជី​ក្រុម​ប្រទេស​សមាជិក​អង្គការសហប្រជាជាតិ​ដែល​គាំទ្រ​របប​ដឹកនាំ​លោក នី​កូ​ឡាស់ ម៉ា​ឌុយ​រ៉ូ ដែល​កំពុង​រង​សម្ពាធ​ពី​អាមេរិក​។ រុស្ស៊ី ចិន គុយបា តួ​ក​គី អ៊ីរ៉ង់ និង​ប្រទេស​មួយចំនួនទៀត សុទ្ធតែ​ចូលរួម​ក្នុង​ក្រុម​នេះ ដើម្បី​បង្ហាញ​ការគាំទ្រ​របស់ខ្លួន​លើ​លោក ម៉ា​ឌុយ​រ៉ូ ។ មិន​និយាយ​ចំ​សកម្មភាព​អាមេរិក​ប្រឆាំង​មេដឹកនាំ​ខ្លួន ប្រមុខ​ការទូត​វ៉េ​ណេ​ស៊ុយ​អេ​ឡា​និយាយថា សម្ព័ន្ធភាព​ថ្មី នឹង​ជំរុញ​ការការពារ​ច្បាប់​អន្តរជាតិ​។

 
​ជា​សរុប ប្រទេស​ច្រើនជាង​៥០ បាន​ចូលរួម​ក្នុង​បញ្ជី​ប្រទេស​ដែល​គាំទ្រ​វ៉េ​ណេ​ស៊ុយ​អេ​ឡា​។ រដ្ឋមន្ត្រីការបរទេស​វ៉េ​ណេ​ស៊ុយ​អេ​ឡា Jorge Arreaza និយាយថា ក្រុម​ប្រទេស​ដែល​គាំទ្រ​រដ្ឋាភិបាល​លោក នី​កូ​ឡាស់ ម៉ា​ឌុយ​រ៉ូ ទើប​បង្កើត​ថ្មី​នេះ នឹងធ្វើ​សកម្មភាព​នៅពេល​ខាងមុខ​ដើម្បី​លើកកម្ពស់​ការយល់ដឹង​ពី​គ្រោះថ្នាក់​ដែល​ពិភពលោក​ប្រឈមមុខ​សព្វថ្ងៃ​។ ប៉ុន្តែ​លោក​មិន​និយាយ​ចំ​ពី​យុទ្ធនាការ​របស់​អាមេរិក​ប្រឆាំង​ប្រទេស​លោក​ឡើយ​។​
 
​លោក Arreaza ប្រកាស​ពី​ការបង្កើត​ក្រុម​ប្រទេស​នេះ​ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​អង្គការសហប្រជាជាតិ​។ ប្រមុខ​ការទូត​វ៉េ​ណេ​ស៊ុយ​អេ​ឡា​រូបនេះ ត្រូវបាន​ឈរ​អមដោយ​ប្រមុខ​បេសកកម្ម​ប្រទេស​ធំៗ​ប្រចាំ​អង្គការ​ពិភពលោក​មួយ​នេះ​មាន​តំណាង​ចិន រុស្ស៊ី តួ​ក​គី កូរ៉េខាងជើង ស៊ី​រី និង​ប្រេសិត​នៅ​ប្រទេស​តំបន់​កា​រ៉ា​អ៊ី​ប​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ។​
 
​តាមពិតទៅ ការប្រកាស​បង្កើត​សម្ព័ន្ធភាព​នេះ ក៏​ជាការ​ឆ្លើយតប​ទៅនឹង​ការបង្កើត​ក្រុម​ប្រទេស​គាំទ្រ​មេដឹកនាំ​ប្រឆាំង ហ័ន ក្វៃ​ដូ ដែល​តាំងខ្លួន​ជា​ប្រធានាធិបតី​បណ្ដោះអាសន្ន​កាលពី​ថ្ងៃទី​២៣ ខែមករា​កន្លងមក​។ ប្រទេស​គាំទ្រ​មេដឹកនាំ​ប្រឆាំង​រូបនេះ​ក៏មាន​ច្រើនជាង​៥០ ហើយ​សុទ្ធសឹង​ជា​ប្រទេស​ម​ហ​អំណាច​ដូចជា​អាមេរិក អឺរ៉ុប កាណាដា និង​ប្រទេស​សមាជិក​អង្គការ​រដ្ឋ​អាមេរិក ក៏ដូចជា​ប្រទេស​សមាជិក​លី​ម៉ា​ផង​។​
 
​ជុំវិញ​ការដាក់​សម្ពាធ និង​ការ​គំរាម​ប្រើ​យោធា​ពី​សំណាក់​អាមេរិក ប្រមុខ​ការទូត​ក្រុង​កា​រ៉ា​កាស់ Arreaza និយាយថា វ៉េ​ណេ​ស៊ុយ​អេ​ឡា​មាន​សិទ្ធិ​រស់នៅ​ដោយ​គ្មា​ការគំរាមកំហែង​ប្រើ​កម្លាំង និង​ដោយ​គ្មាន​ការចាត់វិធានការ​គំរាម​ដោយ​យន្តការ​ឯកតោភាគី​។ លោក​មិន​និយាយ​ឲ្យ​ច្បាស់​ពី​វិធាន​ការដែល​សម្ព័ន្ធភាព​អនុវត្ត តែ​បានស្នើ​ឲ្យ​ប្រទេស​សមាជិក​អង្គការសហប្រជាជាតិ​ទាំងអស់​ចូលរួម​ជាមួយ​ក្រុម​ប្រទេស​ទើប​បង្កើត​ថ្មី​ក្នុងការ​ការពារ​ច្បាប់​អន្តរជាតិ​។​
 
​ដោយឡែក អគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​អង្គការសហប្រជាជាតិ Vassily Nebenzia បាន​ប្រាប់​អ្នកសារព័ត៌មាន​ដែរ​ថា វ៉េ​ណេ​ស៊ុយ​អេ​ឡា គ្រោង​រៀបចំ​សន្និសីទ​អន្តរជាតិ​មួយ​ដើម្បី​បង្ហាញ​ការគាំទ្រ​ដល់​រដ្ឋាភិបាល​ស្របច្បាប់​របស់លោក ម៉ា​ឌុយ​រ៉ូ ។ តំណាង​រុស្ស៊ី​រូបនេះ​ក៏​និយាយ​ដល់​ការ​គំរាម​របស់​អាមេរិក​ដែល​ចង់​ប្រើ​យោធា​ដោះស្រាយ​វិបត្តិ​នៅ​រដ្ឋ​តំបន់​អាមេរិក​ខាងត្បូង​មួយ​នេះ​ផងដែរ​៕
 

Tag:
 ​អាមេរិក​
  វ៉េ​ណេ​ស៊ុយ​អេ​ឡា​
  UN
  នី​កូ​ឡាស់ ម៉ា​ឌុយ​រ៉ូ​
© រក្សាសិទ្ធិដោយ thmeythmey.com