ជាតិ
នយោបាយជាតិ
បណ្ឌិត សុខ ទូច៖ បើដក EBA ពីកម្ពុជា គឺជារឿងនយោបាយ ជាងរឿងសិទ្ធិមនុស្ស លោក សុខ ទូច ជួបប្រធានសមាគមអ្នកនិយាយភាសាបារាំងប្រចាំកម្ពុជា
× លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជានិងមានគោរមងារជាបណ្ឌិតសភាចារ្យ បានលើកឡើងថា បើគណៈកម្មការអឺរ៉ុប ដក EBA ពីកម្ពុជាមែននោះ គឺជារឿងនយោបាយ ជាងផ្អែកលើផ្លូវច្បាប់និងសិទ្ធិមនុស្ស។
លោក សុខ ទូច បន្តថា បើលើកឡើងថា កម្ពុជា រំលោភសិទ្ធិមនុស្ស និងមិនមានប្រជាធិបតេយ្យ ចុះហេតុអ្វីមិនមើលប្រទេសឡាវនិងមីយ៉ាន់ម៉ាផង។ ប៉ុន្តែសហភាពអឺរ៉ុប យកករណីលោក កឹម សុខា និងអតីតគណបក្សសង្គ្រោះជាតិ មកវាយតម្លៃកម្ពុជាទៅវិញ។
ក្នុងវេទិកាតុមូលរបស់រាជបណ្ឌិត្យសភាកម្ពុជា នៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ស្តីពីសេចក្តីសម្រេចរបស់គណៈកម្មការអឺរ៉ុប ដែលចាប់ផ្តើមដំណើរនីតិវិធីដក EBA ពីកម្ពុជា លោក សុខ ទូច ថ្លែងថា បើសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ធ្វើតាមការចង់បានរបស់ សហភាពអឺរ៉ុបនោះ គឺលែងគោរពអធិបតេយ្យភាពកម្ពុជានិងរដ្ឋធម្មនុញ្ញ ព្រោះពួកគេប្រព្រឹត្តអំពើខុសច្បាប់។
ប្រធានរាជបណ្ឌិត្យសភារូបនេះ បញ្ជាក់យ៉ាងដូច្នេះថា៖«បើសម្តេច ហ៊ុន សែន ស្តាប់អឺរ៉ុប គឺក្បត់ឆន្ទៈពលរដ្ឋហើយ លែងគោរពអធិបតេយ្យភាពកម្ពុជា និងរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់កម្ពុជា»។
ចំណែក លោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបាន លើកឡើងថា កម្ពុជាបានគោរពតាមលក្ខណរបស់សភាពអឺរ៉ុបអស់ហើយ។ លោកបន្តថា អង្គការការងារអន្តរជាតិ (ILO) ក៏បានរកឃើញថា ស្ថានភាពការងារក្នុងរោងចក្រនៅប្រទេសកម្ពុជាមានលក្ខណៈល្អប្រសើរផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com