ជាតិ
កម្ពុជា​គ្រោង​បង្កើត​ស្ថានីយ៍​ផលិត​ថាមពល​អគ្គិសនី​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ​នៅ​ខេត្តកំពង់ស្ពឺ​
16, Feb 2019 , 5:59 pm        
រូបភាព
រូបភាពពីក្រសួងបរិស្ថាន
រូបភាពពីក្រសួងបរិស្ថាន
​ភ្នំពេញ​៖ កម្ពុជា​គ្រោង​បង្កើត​ស្ថានីយ៍​ផលិត​ថាមពល​អគ្គិសនី​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ​នៅ​ខេត្តកំពង់ស្ពឺ​។ គម្រោង​នេះ ស្ថិតនៅក្នុង​កិច្ចពិភាក្សា​អន្តរក្រសួង កាលពីពេល​ថ្មីៗ​នេះ​។​

 
​ក្រសួងបរិស្ថាន បាន​និយាយថា គម្រោង​ស្ថាន​នី​យ​ផលិត​ថា​ពល​អគ្គីសនី​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ​នេះ ពិតជា​មាន​សារ​:​ប្រយោជន៍​សម្រាប់​កម្ពុជា ដោយ​ថ្លៃ​អគ្គិសនី​លក់​ជូន​អគ្គិសនី​កម្ពុជា គឺ​ក្នុងតម្លៃ ៧,៦ សេន​ដុល្លា​ក្នុង​មួយ​គីឡូវ៉ាត់ម៉ោង ហើយ​អាចជួយ​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​បាន​ច្រើន​ទៀតផង​។ គម្រោង​អភិវឌ្ឍន៍ និង​បង្កើត​ស្ថានីយ​ផលិត​ថាមពល​អគ្គិសនី ដើរ​ដោយ​ពន្លឺព្រះអាទិត្យ​កម្លាំង​៦០MW នៅ​ខេត្តកំពង់ស្ពឺ​។​
 
​លោក សៅ សុភាព រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន បាន​ដឹកនាំ​កិច្ចប្រជុំ​អន្តរក្រសួង​ស្តីពី​ការពិនិត្យ​និង​ផ្ដល់យោបល់​លើ​របាយការណ៍​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន និង​សង្គម​សម្រាប់​គម្រោង​អភិវឌ្ឍន៍​និង​បង្កើត​ស្ថានីយ​ផលិត​អគ្គិសនី​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ​នៅ​ខេត្តកំពង់ស្ពឺ​របស់​ក្រុមហ៊ុន SCHNEITEC RENEWABLE កាលពី​ថ្ងៃទី​១២ កុម្ភៈ​។ ការសិក្សា​នេះ រៀបចំឡើង​ដោយ​ក្រុមហ៊ុន​ទីប្រឹក្សា E & A Consultant​។​


 
​គម្រោង​ស្ថានីយ៍​នេះ ក៏​ផ្ដោតលើ​របាយការណ៍ EIA គ្របដណ្តប់​ចំណុច​សំខាន់ៗ​ដូចជា ទី​១ ធ្វើការ​ពិនិត្យ វិភាគ និង​បង្ហាញ​ពី​លក្ខណៈ និង​ព័ត៌មាន​របស់​គម្រោង​អភិវឌ្ឍន៍ និង​បង្កើត​ស្ថានីយ​ផលិត​អគ្គិសនី​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ​កម្លាំង​៦០​មេ​ហ្គា​វ៉ា​ត់​លើ​ផ្ទៃដី​ទំហំ​១១៥​ហិកតា​។ ទី​២ សិក្សា​អំពី​ធនធាន​រូបសាស្ត្រ ធនធានជីវសាស្ត្រ និង​ធនធាន​សេដ្ឋកិច្ចសង្គម​នៅក្នុង និង​ជុំវិញ​តំបន់​គម្រោង​ដើម្បី​ជា​ទិន្ន័យ​គោល​មួយ​ក្នុងការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន និង​សង្គម​។ ទី​៣ រៀបចំ​កិច្ច​ពិគ្រោះ​យោបល់​ជាមួយ​ប្រជាពលរដ្ឋ អាជ្ញាធរ​មូលដ្ឋាន និង​មន្ទីរជំនាញ​ពាក់ព័ន្ធ​សម្រាប់​ផ្តល់យោបល់​លើ​គម្រោង​។ ទី​៤ កំណត់​ទំហំ​នៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ទៅលើ​ធនធានបរិស្ថាន​ធម្មជាតិ និង​បរិស្ថាន​សង្គម​ដែលមាន​ស្រាប់ នៅក្នុង​តំបន់​សិក្សា​ទាំង​វិជ្ជមាន និង​អវិជ្ជមាន​ដោយសារ​សកម្មភាព​ដំណើការ​របស់​គម្រោង​។ ទី​៥ កំណត់​នូវ​វិធានការ​កាត់បន្ថយ​ហេតុ​ប៉ះពាល់​បរិស្ថាន និង​សង្គម (​អវិជ្ជមាន​)​ដែល​អាច​កើតមានឡើង​ពី​សកម្មភាព​គម្រោង​អោយដល់​កំរិត​អប្បបរមា​។ ទី​៦ វិភាគ​តម្លៃ​សេដ្ឋកិច្ច និង​តម្លៃ​បរិស្ថាន ទាំង​ផ្នែក​វិជ្ជមាន និង​អវិជ្ជមាន និង​ចុងក្រោយ រៀបចំ​មូលនិធិ​បរិស្ថាន និង​សង្គម​ដើម្បី​ស្តារ​បរិស្ថាន​ឡើងវិញ​និង​ចូលរួម​អភិវឌ្ឍន៍​ភូមិ ឃុំ​ដែល​ពាក់ព័ន្ធ​នឹង​គម្រោង​វិនិយោគ​៕
 

Tag:
 កំពង់ស្ពឺ​
  ថាមពលព្រះអាទិត្យ​
© រក្សាសិទ្ធិដោយ thmeythmey.com