ភ្នំពេញ៖ អ្នកជំនាញខាងវប្បធម៌ បានគូសបញ្ជាក់ថា ការដាក់ឈ្មោះកូនជាសិទ្ធិសេរីភាពរបស់បុគ្គលគ្រប់រូប ប៉ុន្តែនិន្នាការដាក់ឈ្មោះតាមសំនៀងបរទេស អាចធ្វើឲ្យអត្តសញ្ញាណកាន់តែបាត់បង់។ លោក ព្រឿង ឈាង លោក វ៉ាយ វិបុល និងលោកទូច គីមស្រ៊ាង សុទ្ធតែបានលើកទឹកចិត្តឲ្យមានការគិតគូដាក់ឈ្មោះកូនដែលមានអត្ថន័យក្នុងភាសាខ្មែរ ជាជាងការដាក់តាមសំនៀងបរទេស។
តទៅនេះសូមស្ដាប់បទយកការណ៍ ស្ដីពីការដាក់ឈ្មោះកូន ដែលរៀបរៀងដោយកញ្ញា ប៉ូ សាគុន ដូចតទៅ៖
ថ្វីដ្បិតទំនោរនៃការដាក់ឈ្មោះកូនតាមសំនៀងបរទេស នៅមិនទាន់ស្ថិតក្នុងកម្រិតព្រួយបារម្ភខ្លាំងក្ដី តែរឿងនេះក៏ត្រូវការការយកចិត្តទុកដាក់ដែរ។ ជាការពិត ការដាក់ឈ្មោះកូនគឺជាសិទ្ធសេរីភាពរបស់បុគ្គលគ្រប់រូប។ តែគេក៏គួរគិតពិចារណាដែរថា ការដាក់ឈ្មោះនោះបានផ្ដល់ផលល្អ ឬមិនល្អយ៉ាងណា សម្រាប់ការបញ្ជាក់អត្តសញ្ញាណជាតិ។ ចុះតើហេតុអ្វីបានជាគេត្រូវព្រួយបារម្ភចំពោះការបញ្ជាក់ពីអត្តសញ្ញាណខ្លួន?
អ្នកជំនាញខាងវប្បធម៌ព្រមានថា ការដាក់ឈ្មោះយកសំនៀងបរទេស អាចបង្ហាញពីការមិនឱ្យតម្លៃឈ្មោះខ្មែរ និងប៉ះពាល់ការសំគាល់អត្តសញ្ញាណជាតិ។ ក្នុងសង្គមសកលភាវូបនីយកម្ម ដែលមានលំហូរវប្បធម៌ និងឥទ្ធិពលបរទេសចូលទៅក្នុងប្រទេសមួយកាន់តែច្រើន បានព្រមានដល់ម្ចាស់ស្រុក ឱ្យកាន់តែមានការប្រុងប្រយ័ត្នពីវប្បធម៌ខ្លួនកាន់តែខ្លាំង។ នេះមិនមែនជាការរើសអើងឈ្មោះ ឬប្រកាន់ពូជសាសន៍អ្វីឡើយ តែជាការបង្ហាញឱ្យឃើញពណ៌សម្បុរជាខ្មែរតែប៉ុណ្ណោះ។
មនុស្សមួយចំនួនអាចយល់ឃើញថា ការដាក់ឈ្មោះកូនគ្រាន់ជារឿងតូចតាច តែអ្នកជំនាញខាងវប្បធម៌ ថានេះជារឿងគួរឱ្យព្រួយបារម្ភ និងទាមទារការគិតពិចារណា។
លោក ព្រឿង ឈាង ទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានមើលឃើញថា ការដាក់ឈ្មោះកូនជាសំនៀងភាសាបរទេសច្រើនកើតមានក្នុងត្រកូលអភិជន ឬអ្នកមានមួយចំនួន។
ហើយការណ៍នេះត្រូវបានលោក ឈាង សន្និដ្ឋានថា អាចមកពីការឱ្យតម្លៃឈ្មោះបរទេសជាងឈ្មោះខ្មែរ ឬការដាក់ឈ្មោះដោយអចេតនា ដោយមិនបានគិតដល់តម្លៃជាតិ។ ម្យ៉ាងវិញទៀតអាចមកពីឥទ្ធិពលឱ្យតម្លៃឈ្មោះបរទេស តពីសម័យបារាំង ដែលលោកប្រៀបយ៉ាងដូច្នេះ៖
«ជំងឺនេះតតាំងពីសម័យយើងមិនទាន់បានឯករាជ នៅសម័យអាណានិគមនិយមបារាំង។ រឿងហ្នឹងធ្វើឱ្យមានជំងឺបាក់ស្បាត ហើយយើងអស់សង្ឃឹម មិនមានជំនឿលើខ្លួនឯង ចឹងឥទ្ធិពលហ្នឹងវារីកសាយតមករហូត។ ជាពិសេសនៅក្នុងត្រកូនអភិជន និងអ្នកមាន ភាគច្រើន គេដាក់ឈ្មោះកូនតាមសំនៀងបរទេស។ បើយើងនិយាយភាសាខ្មែរខ្លាចថោក ដល់មានពាក្យបរទេសចូលខ្លះទៅបានឃើញអស្ចារ្យ។ ដូច្នេះឈ្មោះលែងមាន ម៉ុក ម៉ែន ម៉ៅ អីទៀតហើយ ស្ដាប់ទៅដូចជាទាប បើ ចននី អីហ្នឹងដូចជាល្អណាស់ ដូចជាអស្ចារ្យណាស់។ តែមានអ្នកខ្លះគ្នាដាក់ឈ្មោះនេះ ដោយមិនចាប់អារម្មណ៍ទេ។ ប៉ុន្តែអ្នកខ្លះគេដាក់ព្រោះបង្កប់ន័យនៅក្នុងនោះ ឱ្យមើលឃើញថាឈ្មោះបរទេសប្រសើរជាងខ្មែរ»។
ការដាក់ឈ្មោះនេះដែរលោក ឈាង យល់ឃើញថាក៏អាចបណ្ដាលមកពីខ្មែរមួយចំនួនអស់សង្ឃឹមចំពោះជាតិខ្លួនឯង ដោយប្រការណាមួយដែរ។ មិនត្រឹមតែការដាក់ឈ្មោះនោះទេ មន្ត្រីក្រសួងវប្បធម៌រូបនេះ ថែមទាំងចាប់អារម្មណ៍ទៅដល់ការឱ្យតម្លៃភាសាបរទេស ក្នុងលក្ខខ័ណ្ឌជ្រើសរើសបុគ្គលិកថែមទៀតផង ដែលនេះសបញ្ជាក់ឱ្យឃើញថា គេមិនសូវគិតពីភាសាជាតិ។ «ខ្មែរនៅកន្លែងខ្លះគេសើចថាយើងអន់ ដូច្នេះបានជាម្នាក់ៗខំបញ្ចេញភាសាបរទេស។ សម័យអាណានិគមបារាំងគេច្រើនប្រើភាសាបារាំង ដល់សម័យឥឡូវអង់គ្លេស។ ខ្ញុំច្រើនឃើញពេលគេទៅរកការងារធ្វើ គេមិនសួររកអ្នកចេះភាសាខ្មែរឬអត់ទេ តែគេសួរថាតើចេះអង់គ្លេស ចេះចិន ចេះថៃ ទៅវិញ។ នេះគេឱ្យបរទេសថ្ងៃជាង»។ នេះជាការបញ្ជាក់បន្ថែមរបស់លោក ព្រឿង ឈាង។
ទោះជាយ៉ាងណាអ្នកជំនាញខាងវប្បធម៌រូបនេះពន្យល់ថា ការឱ្យតម្លៃឈ្មោះសំនៀងខ្មែរ មិនមែនបង្ហាញថា មានគំនិតជាតិនិយមចង្អៀតចង្អល់នោះទេ តែគ្រាន់ជាស្មារតីឱ្យតម្លៃខ្មែរជាធំប៉ុណ្ណោះ។ លោកឧទាហរណ៍ពីគុណម្លៃនៃការដាក់ឈ្មោះជាសំនៀងខ្មែរ លើឆាកអន្តរជាតិយ៉ាងដូច្នេះ ៖ «យើងមិនមែនជាតិនិយមចង្អៀតចង្អល់ទេ ប៉ុន្តែខ្មែរត្រូវតែស្គាល់ខ្មែរឱ្យច្បាស់ ហើយយើងចេះបរទេសទៀតកាន់តែល្អ។ កាលណាយើងចេះពាក្យខ្មែរ គឺបណ្ដុះមនសិការស្នេហាជាតិដោយមិនដឹងខ្លួន។ តែកាលណាយើងបណ្ដុះបែបបរទេសនៅក្នុងខ្លួនច្រើនពេកទៅ វាអាចមើលស្រាលដល់ខ្មែរ នេះតាមទស្សនៈខ្ញុំ។ ជាឧទាហរណ៍ ខ្ញុំចូលប្រជុំនៅឆាកអន្តរជាតិ និងជាតិក៏ដោយ គ្រាន់តែថាលោក ដាវីត អញ្ជើញឡើងវេទិកា គេស្មានតែបរទេសទេ គេមិនដឹងថាខ្មែរទេ»។
មន្ត្រីក្រសួងវប្បធម៌លោក ព្រឿង ឈាង សំណូមពរចំពោះការដាក់ឈ្មោះកូន ក្នុងន័យឱ្យពិចារណាថា ៖ ឈ្មោះគួរពិចារណា ខ្ញុំមិនបន្ទោសអ្វីទេ ព្រោះជួនកាលគេអស់សង្ឃឹមនឹងខ្មែរ ជួនកាលគេធ្វើដោយអចេតនា ដោយសារតែមិនបានគិតពិចារណាបានវែងឆ្ងាយ។ តែសុំឱ្យគិតពិចារណាម្ដងទៀត នេះគ្រាន់តែជាសំណូមពរទេ គ្រាន់តែសុំថាយើងនាំគ្នាថែរក្សាអត្តសញ្ញាណជាតិ។
អត្តសញ្ញាណជាតិហ្នឹងមានច្រើនណាស់ ភាសា ឈ្មោះ សិល្បៈ ប្រពៃណី ទំនៀមទម្លាប់ សម្លៀកបំពាក់ ម្ហូប ច្រើនណាស់។ បើយើងរក្សាបានច្រើនកាលណា ល្អកាលហ្នឹង ហើយបរទេសក៏យើងមិនចង្អៀតដែរ»។
មិនខុសពីមន្ត្រីក្រសួងវប្បធម៌នោះទេ លោកសាស្ត្រាចារ្យ ទូច គីមស្រ៊ាង សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ បានលើកឡើងថា ជនជាតិខ្មែរគួរណាស់តែដាក់ឈ្មោះកូនយកតាមសំនៀងខ្មែរ ព្រោះបង្ហាញពីការឱ្យតម្លៃខ្លួនឯងនិងជាតិ។ លោកថាការប្រកាន់ខ្ជាប់ជាតិកំណើតរបស់ខ្លួន បានធ្វើឱ្យបរទេសឱ្យតម្លៃខ្មែរ។ លោកពន្យល់ ៖« យើងគិតពីមនសិការ ឧត្តមគតិជាតិ យើងត្រូវយកឃ្លាណា ពាក្យណា សូរសៀងណាជារបស់ខ្មែរ ទើបជាការឱ្យតម្លៃជាតិរបស់ខ្លួន។ កាលណាឱ្យតម្លៃជាតិខ្លួន ក៏មានន័យថាឱ្យតម្លៃខ្លួនឯងដែរ ហើយកាលណាឱ្យតម្លៃខ្លួន ក៏ដូចជាឱ្យតម្លៃជាតិដែរ។ បើយើងគិតបានវែងឆ្ងាយ គិតបានល្អិតល្អន់ហ្មត់ចត់ គួរតែយើងដាក់ឈ្មោះជាសំនៀងខ្មែរទើបល្អ»។
ប្រធានសមាគមទ្រទ្រង់អក្សរសាស្ត្រនិងវប្បធម៌ខ្មែរ លោក ទូច គីមស្រ៊ាង ចោទជាសំនួរថា ជនជាតិខ្មែរដែលដាក់ឈ្មោះបរទេស តើអាចសម្គាល់ថាជាខ្មែរដោយរបៀបណាទៅបាន? លោកបញ្ជាក់ថា គួរខ្មែរគិតពិចារណាឡើងវិញ។ ចំពោះបញ្ហាកូនកាត់វិញ លោក គីមស្រ៊ាង បានផ្ដល់ដំណោះស្រាយថា៖
« បើយើងដាក់ឈ្មោះជាបរទេសចឹង គេសម្គាល់ថាជាខ្មែរយ៉ាងម៉េចបាន? តែបើយើងជាខ្មែរ កើតលើទឹកដីខ្មែរ សញ្ជាតិខ្មែរ តែយើងដាក់ឈ្មោះបរទេស វាដូចជាប្រទាញគ្នា វាមិនល្អទេ។ ដូច្នេះបើយើងជាជនជាតិគេ យើងដាក់ឈ្មោះជនជាតិនោះតែម្ដងទៅ តែបើយើងជាខ្មែរ ត្រូវដាក់ឈ្មោះណាជាខ្មែរយើងទៅ ដូចឈ្មោះបុប្ផា ចរិយា រចនា ទេវី ធារី ធីតា យើងដាក់បែបហ្នឹងទៅវាមានតម្លៃ ហើយវាពីរោះទៀត»។
លោកសាស្ត្រាចារ្យក៏បានពន្យល់ ពីការដាក់ឈ្មោះឱ្យត្រូវនឹងកម្រិតពាក្យខ្មែរថា ៖« ពេលខ្លះកូនហ្នឹងស្រីទេ តែដាក់ឈ្មោះដូចប្រុស។ ហើយពេលខ្លះកូនហ្នឹងប្រុសទេ តែដាក់ឈ្មោះដូចស្រីវិញ ទាំងនេះសុទ្ធតែត្រូវចៀសវាង។ ដើម្បីដាក់ឈ្មោះឱ្យសម គឺដាក់ឱ្យត្រូវទៅតាមកម្រិតពាក្យ។ បើគិតទៅតាមបែបបទបាលី បើស្រីដាក់ឈ្មោះជាតិ នោះជាតិត្រូវដាក់ (តិ)។ តែបើប្រុសឈ្មោះជាត មិនមានស្រៈ (ិ) ទេ»។
ចំណែកលោក វ៉ាយ វិបុល សមាជិកគណៈកម្មការស្រាវជ្រាវវិជ្ជាហោរាសាស្ត្រ និងទំនៀមទម្លាប់ខ្មែរ នៃគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិនិងអន្តរជាតិ ពន្យល់ថា ការដាក់ឈ្មោះកូនតាមក្បួនទំនៀមទម្លាប់ខ្មែរបាននាំមង្គល និងសិរីសួស្ដីដល់កូន។ លោកពន្យល់ពីការដាក់ឈ្មោះកូន ៖
«ការដាក់ឈ្មោះកូនលោកឱ្យដាក់ទៅតាមអក្សរ។ បើកើតចំថ្ងៃអាទិត្យលោកឱ្យយកអក្សរ (អ, អា ,អ៊ិ ,អ៊ី , អ៊ុ , អ៊ូ , អេ, អោ។ បើប្រុសឱ្យយកអក្សរនោះនៅខាងដើម បើស្រីឱ្យយកអក្សរនោះនៅខាងចុង។ បើកើតថ្ងៃចន្ទឱ្យយកអក្សរ( ក,ខ,គ,ឃ,ង)។ បើកើតថ្ងៃអង្គារ៍ឱ្យយកអក្សរ (ច,ឆ,ជ,ឈ,ញ)។ បើកើតថ្ងៃពុធ ឱ្យយកអក្សរ (ត,ឋ,ឌ,ឍ,ណ) ។ បើកើតថ្ងៃព្រហស្បត្តិឱ្យយកអក្សរ (ត,ថ,ទ,ធ,ន)។ បើកើតថ្ងៃសុក្រឱ្យយក(ប,ផ,ព,ភ,ម) បើកើតថ្ងៃសៅរ៍ឱ្យយក (យ,រ,ល,វ,ស,ហ) នេះជាការដាក់ឈ្មោះកូន»។
ពីសម័យដើមម្ដាយឪពុកបានយកកូនរបស់ខ្លួនទើបសម្រាលថ្មីៗ ទៅសុំឈ្មោះពីព្រះសង្ឃ ព្រោះគេជឿងថា ក្មេងនឹងក្លាយជាមនុស្សប្រកបដោយធម៌ មានបញ្ញា និងជាមនុស្សក្លាហានជាដើម។ លោក វិបុល បញ្ជាក់ថា ការរកគ្រូអាចារ្យដើម្បីដាក់ឈ្មោះឱ្យកូនបានផលល្អប្រសើរ លុះត្រាណាអ្នកដាក់ឈ្មោះនោះ មានគុណធម៌ពិតប្រាកដដែរ។ លោកពន្យល់បន្ថែម៖
«ព្រះពុទ្ធព្រះធម៌ព្រះសង្ឃជាត្រួយបណ្ដូលចិត្ត ជាទីពឹងទីរឭក នៃអ្នកមានជំនឿក្នុងព្រះពុទ្ធសាសនា។ ព្រះសង្ឃគឺជាអ្នកទ្រទ្រង់សីលដ៏បរិសុទ្ធ បើគ្មានព្រះសង្ឃទេលោកអាចារ្យ ដែលមានសីលបរិសុទ្ធក៏បាន។ ពាក្យពេចន៍ដែលគាត់និយាយ ឬព្រះសង្ឃដាក់មកហ្នឹងគឺជាពាក្យពិត ដូច្នេះការដាក់ឈ្មោះហ្នឹង ក៏វាសុច្ចរិតទៅតាមពាក្យដែលគាត់កាត់។ ដូច្នេះក្មេងដែលគាត់ដាក់ឱ្យហ្នឹងប្រកបដោយបញ្ញា សុភមង្គល សេចក្ដីក្លាហាន ប្រកបដោយកតញ្ញូ»។
ករណីដាក់ឈ្មោះកូនតាមសំនៀងបរទេស ត្រូវបានលោក វ៉ាយ វិបុល ផ្ដោតលើការលើកតម្កើងតម្លៃជាតិ និងតម្លៃដូនតា។ លោកបានកត់សម្ភាលថា លុះត្រាណាតែខ្មែរមានមនសិកា ក្នុងការដាក់ឈ្មោះកូនជាសំនៀងខ្មែរ ទើបឈ្មោះនោះអាចរីកដុះដាលពេញផ្ទៃប្រទេស។ នេះជាការបញ្ជាក់របស់លោក វ៉ាយ វិបុល ៖« ការដាក់ឈ្មោះនេះ ក្នុងគោលបំណងលើកតម្កើងវប្បធម៌ ប្រពៃណី របស់ដូនតាយើង។ ធ្វើយ៉ាងណាឱ្យជាតិយើងមានតម្លៃ ឱ្យគេធ្វើតាមយើងវិញ។ យើងយកតែវប្បធម៌ដែលត្រឹមត្រូវមកដាក់ មិនយកវប្បធម៌ដែលបោកប្រាសមកដាក់ទេ។ ដើម្បីឱ្យសំនៀងខ្មែរយើងកើតកើនចម្រើនឡើង លុះត្រាណាបុគ្គលទាំងអស់មានឧត្តមគតិ មនសិកាក្នុងខ្លួន។ ទោះខ្មែរធ្លាក់ខ្លួនក្រដុនដាបយ៉ាងណា តែឱ្យមានសីលធម៌គុណធម៌ក្នុងខ្លួន»។
តាមការកត់សម្គាល់ ឈ្មោះតារាភាពយន្ត និងតារាចម្រៀងល្បីៗ នៅទសវត្សរ៍ទី៦០ ភាគច្រើនមានឈ្មោះជាសំនៀងភាសាខ្មែរ។ ដោយឡែកនាពេលបច្ចុប្បន្ននេះ គេសង្កេតឃើញថា ការដាក់ឈ្មោះយកសំនៀងតាមបរទេស ត្រូវបានពេញនិយមខ្លាំងទៅលើតារាចម្រៀង និងតារាសម្ដែងភាពយន្តមួយចំនួន ក្នុងចំណោមតារាដែលនៅរក្សាឈ្មោះជាសំនៀងខ្មែរ។ ចំណែកក្នុងជីវភាពប្រជាជនសាមញវិញ គេក៏សង្កេតឃើញ ការដាក់ឈ្មោះកូនជាសំនៀងភាសាបរទេសនេះ មានភាគច្រើនដែរ ដែលទាំងអស់នេះសបញ្ជាក់ថា ខ្មែរកាន់តែមើលរំលងតម្លៃខ្លួន៕