អន្តរជាតិ
រដ្ឋាភិបាល​វៀតណាម​៖ ផ្សារភាគហ៊ុន​វៀតណាម ដំណើរការ​ជោគជ័យ​ជាងគេ​ក្នុង​តំបន់​អាស៊ាន​ឆ្នាំ​២០១៨
16, Feb 2019 , 7:29 pm        
រូបភាព
ដោយ:
​រដ្ឋាភិបាល​ក្រុង​ហាណូយ បាន​សម្តែង​ក្តី​សោមនស្ស​ខ្លាំង​បន្ទាប់ពី​ទីផ្សារ​ភាគហ៊ុន ដែលជា​ធាតុ​ចូល​ចម្បង​មួយ​នៃ​កំណើនសេដ្ឋកិច្ច​របស់ខ្លួន​មានការ​លូតលាស់ និង​សម្រេចបាន​លទ្ធផល​ផ្លែផ្កា​។ ក្រុង​ហាណូយ ថែមទាំង​បានប្រកាសថា ទីផ្សារ​ភាគហ៊ុន​របស់​ខ្លួន ជោគជ័យ​បំផុត​ប្រចាំ​២០១៨ ប្រៀបធៀប​នឹង​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​។​

 
​លោក​ឧបនាយករដ្ឋមន្ត្រី​វៀតណាម Vương Đình Huệ តាមរយៈ​កិច្ចប្រជុំ​បូកសរុប​ការងារ​ឆ្នាំ​ចាស់ និង​លើក​ទិសដៅ​សម្រាប់​ឆ្នាំ​ថ្មី បាន​អះអាងថា ទីផ្សារ​ភាគហ៊ុន​របស់​វៀត​ត​ណា​ម​ទទួលបាន​ភាគ​ជោគជ័យ​បំផុត​ក្នុងចំណោម​ប្រទេស​អាស៊ាន​ប្រចាំឆ្នាំ​២០១៨​លើ​ដំណើរការ​នៃ​ការបោះ​ផ្សាយ​មូល​ប​ត្រ​ជា​សាធារណៈ​លើកដំបូង (IPO) ។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​ភ្នាក់ងារ​ព័ត៌មាន​វៀតណាម Vietnam  News នៅ​ថ្ងៃ​១២ កុម្ភៈ​។​
 
​លោក​ឧបនាយករដ្ឋមន្ត្រី បាន​លើកឡើងថា ក្នុង​ឆ្នាំ​២០១៨ តម្លៃ​ទីផ្សារ នៃ​ការបោះ​ផ្សាយ​មូល​ប​ត្រ​ជា​សាធារណៈ​លើកដំបូង (IPO) របស់​វៀតណាម បាន​ងើប​ដល់ ២,៦ ពាន់​លាន​ដុល្លារ ខណៈ ទីផ្សារ IPO របស់​សិង្ហ​បុរី មានតម្លៃ​ត្រឹមតែ ៥០០ លាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ​។ លោក​ឧបនាយករដ្ឋមន្ត្រី ពន្យល់ថា​ការកើនឡើង​នៃ IPO របស់​វៀតណាម ក៏​ដោយសារ​រដ្ឋាភិបាល​វៀតណាម​បា​នព​ន្លឿ​ន​នីតិវិធី​ការផ្លាស់ប្តូរ​នៅក្នុង​ផ្សារភាគហ៊ុន​។ 
 
​តាម​លោក​ឧបនាយករដ្ឋមន្ត្រី​រូបនេះ បើ​និយាយ​ពី​សូចនាករ​គោលដៅ​រួម​ក្នុង​ឆ្នាំ​២០១៨ វៀតណាម សម្រេចបាន​តិចជាង​ឆ្នាំ​២០១៧ ក៏ប៉ុន្តែ​ទីផ្សារ​មូលធន​ភាវូបនីយកម្ម បាន​កើនឡើង​១០.៦​ភាគរយ ខណៈ​ទំហំ​ទីផ្សារ​ភាគហ៊ុន បាន​កើនឡើង​ខ្លាំង​រហូតដល់ ៧០ ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប​។ 
 
​លោក​ឧបនាយករដ្ឋមន្ត្រី ក៏បាន​លើកឡើង​ពី​គោលនយោបាយ​អនុគ្រោះ​ថ្មី​ពាក់ព័ន្ធ​រូបិយ​បណ្ណ​របស់​អាមេរិក ដែល​ធ្វើ​ឲ្យ​មាន​ចលនា​នៃ​ការវិនិយោគ​បរទេស​ឆ្ពោះទៅកាន់​អាមេរិក​កាន់តែច្រើន ពោលគឺ​វិនិយោគ​បរទេស​មួយចំនួន​ក្នុង​រយៈពេល​ចុងក្រោយ​នេះ បាន​ដក​ការវិនិយោគ​របស់​ពួកគេ​ពី​ទីផ្សារ​របស់​ប្រទេស​ដែល​កំពុងមាន​សេដ្ឋកិច្ច​ងើបឡើង​ទៅ​អាមេរិក​វិញ​។ ក៏ប៉ុន្តែ​ត្រង់ចំណុច​នេះ លោក អះអាងថា របត់​នេះ មិនបាន​ប៉ះពាល់​ដល់ទី​ផ្សារ​វៀតណាម ហើយ​វៀតណាម នៅតែ​ជា​ទិសដៅ​ដ៏​ទាក់ទាញ​មួយ​សម្រាប់​វិនិយោគ​បរទេស​។​
 
​ដើម្បី​ធានា​ពី​ការអភិវឌ្ឍ​លើ​វិស័យ​ទីផ្សារ​ភាគហ៊ុន រដ្ឋាភិបាល​ក្រុង​ហាណូយ ប្តេជ្ញា រក្សា​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច និង​កែសម្រួល​នីតិវិធី ក៏ដូចជា​លក្ខខណ្ឌ​រប​ស់​ក្រុមហ៊ុន​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ ក្នុង​គោលដៅ​ដើម្បី​ឲ្យ​ក្រុមហ៊ុន​ទាំងនោះ​អាច​ចុះបញ្ជី​ទៅក្នុង​ផ្សារភាគហ៊ុន និង​អនុញ្ញាត​ឲ្យ​វិនិយោគ​បរទេស​អាច​ទិញ​ភាគតិច និង​ធ្វើ​កិច្ចសហប្រតិបត្តិការ​បា​ន​៕ 
 

Tag:
 វៀតណាម​
  ផ្សារភាគហ៊ុន​
© រក្សាសិទ្ធិដោយ thmeythmey.com