អន្តរជាតិ
ប្រមុខ​រដ្ឋាភិបាល​រដ្ឋ Johor ម៉ាឡេស៊ី​សារភាពថា​លោក​ពុំមាន​សញ្ញាបត្រ​ពី​សកល​វិទ្យាល័យ​ឡើយ​
16, Feb 2019 , 8:29 pm        
រូបភាព
រូបភាព៖ TODAY Online
រូបភាព៖ TODAY Online
ដោយ:
​លោក Osman Sapian ប្រមុខ​រដ្ឋាភិបាល​នៃ​រដ្ឋ ឬ​ហៅ​បាន​ម្យ៉ាង​ទៀតថា ប្រធាន​រដ្ឋមន្ត្រី (Chief Minister) នៃ​រដ្ឋ​Johor ប្រទេស​ម៉ាឡេស៊ី បាន​សារភាពថា លោក​ពុំមាន​សញ្ញាបត្រ​ពី​សកល​វិទ្យាល័យ Putra ម៉ាឡេស៊ី (UPM) នោះទេ​។ ទាក់ទិន​នឹង​រឿងនេះ លោក​សុំទោស​ប្រជាជន​ម៉ាឡេស៊ី​ទាំងអស់​ចំពោះ​បញ្ហា​នេះ​។​

 
​យោងតាម​ការចុះផ្សាយរ​បស់​សារព័ត៌មាន Sinar Harian daily លោក Osman បាន​និយាយ​នៅ​ថ្ងៃទី​១៤ ខែកុម្ភៈ​ថា លោក​ធ្លាប់បាន​សិក្សា​នៅ​សាលា Kolej Pertanian Malaya មុននឹង​វា​ត្រូវបាន​ប្តូរ​ទៅជា​សកល​វិទ្យាល័យ Putra ម៉ាឡេស៊ី​វិញ​។ ប៉ុន្តែ​លោក​អះអាងថា លោក​ពុំបាន​បញ្ចប់​ការសិក្សា​របស់លោក​ពេញលេញ​ឡើយ​។​
 
«​ដោយ​គ្មាន​ការឯកភាព​ពី​ខ្ញុំ គេហទំព័រ​មួយចំនួន​បាន​អះអាងថា ខ្ញុំ​បានបញ្ចប់​ការសិក្សា​ជាមួយ​សញ្ញាបត្រ​ផ្នែក​គណនេយ្យ​ពីស​កល​វិទ្យាល័យ Putra ម៉ាឡេស៊ី​»​។ នេះ​ជាការ​គូសបញ្ជាក់​របស់​លោក Osman ដោយ​បន្ថែមទៀតថា លោក​ចេញមុខ​ទទួលខុសត្រូវ​នឹង​រឿងនេះ ថែមទាំង​បាន​បញ្ជា​ឲ្យ​គេ​ដក​ព័ត៌មាន​មិន​ត្រឹមត្រូវ​ទាំងអស់​ចេញពី​បណ្តា​គេហទំព័រ​ទាំងនោះ​ផងដែរ​។​
 
​សូមបញ្ជាក់ថា លោក​អភិបាលរដ្ឋ  Johor គឺជា​មនុស្ស​ម្នាក់​ក្នុងចំណោម​មេដឹកនាំ​នៃ​សម្ព័ន្ធ​នយោបាយ​ដឹកនាំ​ដោយ​លោក មហា​ធៀ មហាម៉ាត់ Pakatan Harapan  ដែល​សញ្ញាបត្រ​របស់​ពួកគេ​ស្ថិតក្រោម​ការត្រួតពិនិត្យ​យ៉ាង​ល្អិតល្អន់ ក្រោយពី​អនុរដ្ឋមន្ត្រី​ការបរទេស​ម៉ាឡេស៊ី លោក Marzuki Yahya ត្រូវបាន​រកឃើញថា មាន​សញ្ញាបត្រ​ក្លែងក្លាយ​។ 
 
​ក្រៅពី​អ្នក​ទាំងពីរ​នេះ មេដឹកនាំ​នៃ​បក្ស Pakatan Harapan ផ្សេងទៀត រួមមាន រដ្ឋមន្ត្រី​ការពារជាតិ​ម៉ាឡេស៊ី លោក Mohamad Sabu និង​រដ្ឋមន្ត្រីក្រសួង​លំនៅដ្ឋាន​និង​រដ្ឋបាល​មូលដ្ឋាន លោកស្រី Zuraida Kamaruddin  កាលពី​ថ្មីៗ​នេះ​ក៏​ទទួលរង​ការចោទប្រកាន់​លើ​បញ្ហា​សញ្ញាបត្រ និង​ប្រវត្តិ​នៃ​ការសិក្សា​ផងដែរ​៕
 
 
 

Tag:
 ម៉ាឡេស៊ី​
  រដ្ឋ​Johor
© រក្សាសិទ្ធិដោយ thmeythmey.com