ជាតិ
អាជ្ញាធរជាតិអប្សរា នឹងដំឡើងស្លាកឈ្មោះបណ្តាប្រាសាទនានានៅរមណីយដ្ឋានអង្គរ
× ភ្នំពេញ៖ អាជ្ញាធរជាតិអប្សរា បានកំពុងតែឆ្លាក់ស្លាកឈ្មោះប្រាសាទចំនួន១១៨ ផ្ទាំងដែលមានទាំងអក្សរខ្មែរ និងអក្សរអង់គ្លេស ដែលធ្វើពីថ្មភក់ នឹងគ្រោងដាក់តាមប្រាសាទនានាក្នុងរមណីយដ្ឋានអង្គរនៅរយៈពេលខាងមុខនេះហើយ។ គម្រោងដាក់តាំងឈ្មោះប្រាសាទទាំងនេះ គឺដើម្បីលើកកម្ពស់តំបន់រមណីយដ្ឋានអង្គរ ដែលស្របតាមអនុសាសន៍ណែនាំរបស់គណៈកម្មាធិការ ICC-Angkor។
នៅក្នុងផ្ទាំងស្លាកឈ្មោះប្រាសាទនេះ គឺបង្ហាញពីព័ត៌មានសំខាន់ៗមួយចំនួនដូចជា ឈ្មោះប្រាសាទ អាយុកាលសាងសង់ប្រាសាទ ទិសច្រកចូលប្រាសាទ និងអមដោយស្លាកសញ្ញា(Logo)មួយចំនួន៤ គឺស្លាកសញ្ញាអាជ្ញាធរជាតិអប្សរានៅចំកណ្តាល ខាងលើឈ្មោះប្រាសាទ ស្លាកសញ្ញាយូណេស្កូ ស្លាកសញ្ញាបេតិកភណ្ឌពិភពលោក និងស្លាកសញ្ញាអនុសញ្ញាក្រុងឡាអេឆ្នាំ១៩៥៤ សម្រាប់ការពារសម្បត្តិវប្បធម៌ក្នុងគ្រាមានជម្លោះប្រដាប់អាវុធ។
លោក សុខ សង្វារ អគ្គនាយករងទទួលបន្ទុកនាយកដ្ឋានអភិវឌ្ឃទេសចរណ៍អង្គរ បានបញ្ជាក់ថា ផ្ទាំងស្លាកឈ្មោះប្រាសាទសម្រាប់ដាក់នៅប្រាសាទនានា បានធ្វើរួចរាល់ចំនួន២៥ភាគរយហើយ ខណៈដែលផ្ទាំងផ្សេងទៀតកំពុងស្ថិតនៅក្នុងការឆ្លាក់អក្សរ លាបពណ៌បេតិកភណ្ឌ(ពណ៌ឈាមជ្រូក) និងខ្លះទៀតកំពុងឆ្លាក់ក្បាច់លម្អ។
តាមការបញ្ជាក់របស់អគ្គនាយករងទទួលបន្ទុកនាយកដ្ឋានអភិវឌ្ឃទេសចរណ៍អង្គរ ចំនួនផ្ទាំងឈ្មោះទាំងអស់នេះ មិនត្រូវបានដំឡើងគ្រប់ប្រាសាទទាំងអស់នោះឡើយ ដោយលោកយល់ឃើញថាប្រាសាទខ្លះមានទីតាំងនៅក្នុងព្រៃជ្រៅមិនអាចតាំងដាក់បានឡើយ។ លោកបន្ថែមថា ទីតាំងដែលដំឡើងស្លាកឈ្មោះប្រាសាទនេះគឺក្រុមការងាររបស់លោកបានគិតពីចំណុច៣គឺ នៅក្បែរច្រកចូលទស្សនាប្រាសាទ ទីតាំងងាយមើលឃើញសម្រាប់ភ្ញៀវទេសចរ និងទីតាំងដែលមិនប៉ះពាល់ដល់ទិដ្ឋភាពប្រាសាទទាំងមូល។
អាជ្ញាធរជាតិអប្សរាជឿជាក់យ៉ាងម៉ុតមាំថា គម្រោងដំឡើងស្លាកឈ្មោះប្រាសាទនេះ នឹងជួយឲ្យភ្ញៀវទេសចរ មានភាពងាយស្រួលក្នុងការទស្សនាតំបន់អង្គរ យល់ដឹងពីតម្លៃប្រាសាទ និងកិត្យានុភាពជាតិ៕
Tag:
អាជ្ញាធរជាតិអប្សរា
ប្រាសាទ
អង្គរ
ស្លាកឈ្មោះ
© រក្សាសិទ្ធិដោយ thmeythmey.com